ជន​ដៃ​ដល់​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជញ្ជួន​មក​កាន់​តុលាការ​ហើយ

បុរស​៣នាក់ ដែល​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​ជញ្ជួន​មក​ដល់ សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា

កាល​ពី​ថ្ងៃ​ទី០៣ ខែ​វិច្ឆិកា បុរស​ទាំង​៣នាក់​នោះ បាន​ចេញ​មុខ​សារភាព ថា ពួកគេ​ជា​អ្នក​បង្ក​របួស​ស្នាម​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​ពេល​ពួកគេ​មក​ដល់​តុលាការ ពុំ​បាន​និយាយ​អ្វី​ទៅ​កាន់​អ្នក​សារព័ត៌មាន​នោះ​ទេ។

សេចក្ដី​ប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យដឹងថា បុរស ទាំង​៣​នាក់​នោះ បាន​ចេញ​មុខ​សារភាព​នៅ​ចំពោះ​មុខ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត ពី​ករណី​បង្ក​របួស​ស្នាម​លើ​អ្នក​តំណាងរាស្ត្រ​កាល​ពី​ថ្ងៃ​ទី២៦ តុលា នៅ​មុខ​រដ្ឋសភា​នោះ។

បុរស​ទាំង​៣រូប​នោះ​មាន​ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣ឆ្នាំ មាន​លំនៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ រស់​នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង និង​ឈ្មោះ សុត វណ្ណនី អាយុ ៤៥ឆ្នាំ រស់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

នៅ​ពេល​បុរស​ទាំង​៣នាក់ ត្រូវ​បាន​ជញ្ជូន​មក​ដល់​តុលាការ​ភ្លាមៗ តំណាងរាស្រ្ត គណបក្ស​សង្រ្គោះជាតិ លោក ហូ វ៉ាន ក៏​មាន​វត្តមាន​ឃ្លាំ​មើល​នៅ​ទី​នោះ​ដែរប៉ុន្តែ​លោក​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី ដល់​អ្នក​សារព័ត៌មាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។