​ជនសង្ស័យ​៣​នាក់​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ CNRP បញ្ជូន​ដល់​តុលាការ​ហើយ​នៅ​ព្រឹក​នេះ

​រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ដែល​បង្ក​របួសស្នាម​លើ អ្នកតំណាងរាស្ត្រ​គណបក្ស សង្គ្រោះ​ជាតិ ២​រូប​នៅមុខ​រដ្ឋសភាជាតិ ទៅ​តុលាការ​ហើយ ដើម្បី​ធ្វើការ​សាកសួរ ។ 

​    ​គួររំលឹកថា ជនសង្ស័យ​៣​នាក់​បាន​ចេញមក​បង្ហា​ញ​ខ្លួន​ចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ​របស់​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង ១៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ 

​    ​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ជន​ដែល​បាន​ចូល​សារភាព​ទាំង​៣​រូបនោះ​មាន ទី​១/ ឈ្មោះ ចាយ សារិទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​, ទី​២/ ឈ្មោះ ម៉ៅ ហឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ «​ខ​» ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ទី​៣/ ឈ្មោះ សុ​ត វណ្ណ​នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​៕

​ជនសង្ស័យ​៣​នាក់​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ CNRP បញ្ជូន​ដល់​តុលាការ​ហើយ​នៅ​ព្រឹក​នេះ