​ឃាត់ខ្លួន​យុវជន​សង្ស័យ​៩​នាក់​ពាក់ព័ន្ធ​គំរាម​យកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ពី​សិស្ស​នៅ​អនុវិទ្យាល័យ​អន្លង់​វិល

ខេត្តបាត់ដំបង​៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ចំរុះ​នៅ​ដើមខែ​វិ​ច្ឆ​កា​នេះ​បាន​ឃាត់ខ្លួន​យុវជន​ចំនួន​៩​នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គំរាម​យកប្រាក់​ចំនួន​១១៩០០​ដុល្លារ​ពី​សិស្ស​ដូចគ្នា នៅ​អនុវិទ្យាល័យ​អន្លង់​វិល​ក្នុងស្រុក​សង្កែ​ខេត្តបាត់ដំបង​។ 

​    ​យោងតាម​មន្ត្រីនគរបាល​យុត្តិធម៌​បានអោយដឹងថា បន្ទាប់ពី​បានទទួល​បាន​ពាក្យបណ្តឹង​របស់​ឪពុក​ជនរងគ្រោះ​ឈ្មោះ រស់ ឆៃលី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិប​ញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង នៅវេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​៣ ខែ​វិ​ច្ឆ​កា កម្លាំង​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​ជា​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​អន្លង់​វិល​ពីបទ​គំរាមកំហែង​យកប្រាក់​ប្រហាក់ប្រហែល​១១៩០០​ដុល្លារ​អាមេរិក​ចាប់ពី​ឆ្នាំ​២០១៤​រហូតមកដល់​បច្ចុប្បន្ន​។ 

​ជនរងគ្រោះ ឈ្មោះ លី ឆៃ​តាក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​អន្លង់​វិល​បានអោយដឹងថា ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​ជារឿយៗ​ពេល​ស្ងាត់ៗ​តែងតែ​មក​គំរាមកំហែង​និង ជម្រិត​សំឡុត​យកប្រាក់​អោយ​ខាន​តែ​បាន​ម្ដង​ចំនួន​២០០​ទៅ​៣០០​ដុល្លារ​អាមេរិក ជាហេតុ​បណ្តាលអោយ​ខ្លួន​បង្ខំចិត្ត​លួច​លុយ​របស់​ឪពុកម្ដាយ ដើម្បី​យកទៅអោយ​ពួកគេ​ពុំ​នោះទេ​ត្រូវ​រង​ការ​វាយ​ធ្វើបាប​។ ចំណែក​ជនសង្ស័យ​ទាំង​៩​នាក់​ដែល​ពាក់​ព​ន្ធ័​ទៅនឹង​ករណី​គំរាមកំហែង យកប្រាក់​ខាងលើ​កំពុង​ត្រូវបាន​សាកសួរ និង​បន្ត​ការស្រាវជ្រាវ​បន្ថែម​ដោយ សមត្ថកិច្ច​អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់​៕

​ឃាត់ខ្លួន​យុវជន​សង្ស័យ​៩​នាក់​ពាក់ព័ន្ធ​គំរាម​យកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ពី​សិស្ស​នៅ​អនុវិទ្យាល័យ​អន្លង់​វិល