ធារី ចន្ថាប៊ីន សប្បាយ​ចិត្ត​ខ្លាំង​ធ្វើ​​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិដំបូង ខណៈ​គ្រូ Lee សរសើរ

ធារី ចន្ថាប៊ីន សប្បាយ​ចិត្ត​ខ្លាំង​ធ្វើ​​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិដំបូង ខណៈ​គ្រូ Lee សរសើរ

កីឡាករ​កូន​កាត់​ខ្មែរ-បារាំង និង​ជា​សមាជិក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ធារី ចន្ថាប៊ីន បាន​បញ្ជាក់​ថា មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​​ជាប់​ជា​ប្រធាន​ក្រុម​លើក​ដំបូង ហើយ​ទទួល​បាន​ជ័យ​ជម្នះ​លើ​ក្រុម​ប្រ៊ុយណេ ៦-១ កាល​ពី​ថ្ងៃ​អង្គា​ម្សិលមិញ ខណៈ​គ្រូ Lee ក៏​សរសើរ​ពី​ខ្សែ​បម្រើ​រូប​នេះ​ដែរ។

 

ធារី ចន្ថាប៊ីន សប្បាយ​ចិត្ត​ខ្លាំង​ធ្វើ​​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិដំបូង ខណៈ​គ្រូ Lee សរសើរ
កីឡាករ ធារី ចន្ថាប៊ីន (ពាក់​លេខ​២៣)

 

នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត ចន្ថាប៊ីន បាន​និយាយ​ថា៖ «បាទ! ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ… ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ដែល​យើង​ឈ្នះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​គឺ​​ដោយសារ​យើង​លេង​ជា​ក្រុម លេង​តាម​តិកនិក ហើយ​ព្យាយាម​លេង​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត»។

 

ចំណែក​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Lee Tae Hoon បាន​សរសើរ​កីឡាករ ធារី ចន្ថាប៊ីន ថា​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ។ គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​និយាយ​ថា៖ «ល្អ​ណាស់! ខ្ញុំ​គិត​ថា ធារី បាន​លេង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់… កីឡាករ​ទាំង​អស់​គួរ​តែ​ធ្វើ​តាម ធារី, បើ​កីឡាករ​ទាំង​អស់​លេង​ដូច​ធារី យើង​នឹង​មាន​ក្រុម​កាន់​តែ​ខ្លាំង»។

 

កីឡាករ​​រាង​សង្ហា ធារី ចន្ថាប៊ីន បាន​ជាប់​ជា​ប្រធាន​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​លើក​ដំបូង បន្ទាប់​ពី​ប្រធាន​ក្រុម​ចាស់ គួច សុកុម្ភៈ មិន​ទាន់​ជា​ពី​របួស ឯ​កីឡាករ ឃួន ឡាបូរ៉ាវី មិន​អាច​ចូល​លេង​បាន ព្រោះ​ទើប​ត្រលប់​មក​ពី​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ជាមួយ​សមាជិក​​ក្រុម​បឹងកេតអង្គរ​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ទី២ កន្លង​ទៅ។ បើ​ទោះ​បី​មិន​អាច​រក​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត ប៉ុន្តែ​គេ​មើល​ឃើញ​ថា​កីឡាករ​រូប​នេះ ជា​អ្នក​ចែក​បាល់​យ៉ាង​ល្អ​នៅ​តំបន់​កណ្ដាល ដែល​អាច​ឲ្យ​ក្រុម​កម្ពុជា​មាន​ឱកាស​ច្រើន​នៅ​តង់​ទី១។

 

ខ្សែ​បម្រើ​ក្លិប​​​ភ្នំពេញ​ក្រោន ធារី ចន្ថាប៊ីន បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិនា ដើម​ឆ្នាំ​២០១៥ នេះ ក្នុង​ជំនួប​ទល់​នឹង​ក្រុម​ម៉ាកាវ​នៃ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨ នៅ​​តំបន់​អាស៊ី ជុំ​ទី១ ​ជើង​ទី២។ រូប​គេ​ក៏​ជា​កូន​កាត់​ខ្មែរ-បារាំង​ទី១ ​ដែល​បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ស្គាល់​ឈ្មោះ​តាំង​ពី​ពេល​នោះ​មក៕

 

ធារី ចន្ថាប៊ីន សប្បាយ​ចិត្ត​ខ្លាំង​ធ្វើ​​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិដំបូង ខណៈ​គ្រូ Lee សរសើរ

 

ធារី ចន្ថាប៊ីន សប្បាយ​ចិត្ត​ខ្លាំង​ធ្វើ​​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិដំបូង ខណៈ​គ្រូ Lee សរសើរ

 

អត្ថបទ៖ គង់ វិសាល