យួន​កំពុង​បង្ហាញ​មហិច្ឆតា​លេប​ត្របាក់​ទឹកដី​ខ្មែរ​នៅ​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត ខេត្តមណ្ឌលគិរី​

​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បាន​លើកឡើងថា ភាគី​យួន​ចង់បាន​ទឹកដី​របស់​កម្ពុជា​នៅក្នុង​តំបន់​ដាក់​ដាំ ដែលជា​ទីតាំង​មិនទាន់មាន​ការឯកភាព​គ្នា​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា​និង​យួន​។ បញ្ហា​នេះ​ត្រូវបាន​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​រដ្ឋាភិបាល​យួន​ដែលមាន​លោក ង្វៀង តិ​ន​យុង ជា​នាយករដ្ឋមន្ត្រី កំពុង​បង្ហាញ​នូវ​ពុតត្បុត​អាក្រក់​ក្នុងការ​លេប​ត្របាក់​ទឹកដី​កម្ពុជា​នៅ​ចំណុច​ដាក់​ដាំ ដាក់​ហ៊ូ​ត យ៉ាង​គឃ្លើន​។ មជ្ឈដ្ឋាន​នានា​កំពុង​រង់ចាំ​មើល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​បញ្ហា​ទឹកដី​នៅ​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត នោះ​ផងដែរ​ដើម្បី​ចង់ដឹងថា រដ្ឋាភិបាល​កម្ពុជា​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ឬក៏​អត់​។

កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រសួងការបរទេស​យួន​បានចេញ​សេចក្ដីថ្លែងការណ៍​ដ៏​កម្រ​មួយ​ឆ្លើយតប​នឹង​សំដី​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ទាក់ទង​រឿង​ដី​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​យួន ចំណុច​ដាក់​ដាំ ដាក់​ហ៊ូ​ត​។ សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​យួន​បាន​បញ្ជាក់ថា យួន​មាន​គ្រប់គ្រាន់​នូវ​មូលដ្ឋាន​ច្បាប់ ប្រវត្តិសាស្ត្រ និង​ការគ្រប់គ្រង​ស្ថានភាព​ពិត ដើម្បី​បញ្ជាក់ថា​តំបន់​នេះ​ស្ថិតក្នុង​បូរណភាព​ទឹកដី​ពេញលេញ​និង​គ្រប់គ្រាន់​របស់​យួន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​យួន​ឈ្មោះ ឡេ ហាយ​ប៊ិ​ញ​(Le Hai Binh) បាន​អះអាង​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា តំបន់​ព្រំដែន​ដាក់​ដាំ របស់​ខេត្ត​ដាក់​ណុង​(​យួន​) ជាប់​នឹង​ខេត្តមណ្ឌលគិរី​(​កម្ពុជា​) គឺ​ស្ថិតក្នុង​បូរណភាព​ទឹកដី​ពេញលេញ​និង​គ្រប់គ្រាន់​របស់​យួន​តាំងពីដើម​រៀងមក​។

ប្រតិកម្ម​ទៅនឹង​សំដី​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​យួន​ដូច​ខាងលើនេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​លើកឡើងថា ដ្បិត​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត សព្វថ្ងៃ​ត្រូវ​យួន​គ្រប់គ្រង​ប៉ុន្តែ​មិនមែន​មានន័យថា មាន​សិទ្ធិ​ពេញលេញ​ឬ​មាន​បូរណភាព​លើ​តំបន់​នោះទេ ហើយ​ថា​កម្ពុជា​នៅតែ​រក្សា​បន្ត​ការចរចា​ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​មិនទាន់​ដោះស្រាយ​នៅ​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត​។ ជាមួយគ្នានេះ​អ្នកតាមដាន​បញ្ហា​ព្រំដែន​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា រដ្ឋាភិបាល​យួន​កំពុងតែ​បង្ហាញ​នូវ​មហិច្ឆតា​អាក្រក់​ក្នុងការ​លេប​ត្របាក់​ទឹកដី​កម្ពុជា​នៅ​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត យ៉ាងច្បាស់​ក្រឡែត​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ពង្រឹងគោលជំហរ​ឲ្យ​បាន​រឹងមាំ​ទៅលើ​បញ្ហា​នេះ ព្រោះ​មាន​សេចក្ដីសម្រេច​របស់​អគ្គ​ទេសាភិបាល​បារាំង ឆ្នាំ​១៩១៤ គឺ​ខ្សែ​ព្រំដែន​តាម​ព្រែក​ដាក់​ហ៊ូ​ត ហេតុនេះ​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត ស្ថិតនៅក្នុង​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាងពិត​ប្រាកដ​៕

ngudanvietnam110072014035547ឡេ ហាយប៊ិញ អ្នកនាំពាក្យក្រសួងការបរទេសយួន Siv channa12_25លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន