សមត្ថ​កិច្ច​ចម្រុះ​ចុះ​អនុវត្ត​សាល​ដី​កា​សម្រេច​​រក្សា​ការ​ពារ​ផ្សារ​ទំនប់​ អាជីវករ​ផ្ទុះ​ការ​តវ៉ា​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈនេះ​សមត្ថ​កិច្ច​​ចម្រុះ​បាន​និង​កំពុង​ចុះ​អនុវត្ត​សាល​ដីកា​សម្រេច​រក្សា​ការ​ពារ​លេខ​៥៩០​ដើម្បី​ហាម​ឃាត់​​និង​បង្គាប់​ឱ្យ​លោក​អ៊ូ សេដ្ឋា​នូ​ ជា​អ្នក​គ្រប់​គ្រង​ផ្សារ​ និង​ក្រុម​គ្រួសារ​ រួម​ទាំង​​អ្នក​ដទៃ​ទៀត​ប្រគល់​ការ​កាន់​កាប់​គ្រប់​គ្រង​ទាំង​ស្រុង​នូវទីតាំង​ផ្សារ​ទំនប់​ ស្ថិត​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ញូវ​រិច​ជា​បណ្តោះ​អាសន្ន​ រង់​ចាំ​តុលាការ​សម្រេច​ផ្តល់​អង្គ​សេចក្តី​ជា​ស្ថាពរ​។

សាល​ដីកា​នោះ​បង្គាប់​ឱ្យ​លោក​អ៊ូ សេដ្ឋា​នូ និង​ក្រុម​គ្រួសារ រួម​ទាំង​អ្នក​ដទៃ​ទៀត​រុះ​រើ​យក​ចេញ​នូវ​សម្ភារ​បណ្តាញ​ទឹក អគ្គិសនី​ ឧប​ករណ៍​ ប្រដាប់​ប្រដា​គ្រប់​ប្រភេទ​ដែល​បាន​សាង​សង់​ និង​បំពាក់​លើ​ប​រិវេណ​ដី​ផ្សារ​ទំនប់​។

អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​ សមត្ថ​កិច្ច​ចម្រុះ​ដឹ​ក​នាំ​ដោយ​លោក​គុជ គឹម​ឡុង ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី មិន​បាន​ចុះ​អនុវត្ត​ផ្ទាល់​នៅ​ចំណុច​ផ្សារ​នោះ​ទេ គឺ​មក​អនុវត្ត​នៅសាលា​សង្កាត់​ទួល​សង្កែ​ ខណៈ​នោះ​ក៏​មាន​តំណាង​អាជីវ​ករ​ប្រមាណ​១០​នាក់​ចូល​រួម​ផង​ដែរ​ ព្រម​ទាំង​ទទូច​សុំ​ឱ្យ​តុលាការ​​ក៏​ដូច​ជា​សមត្ថ​កិច្ច​អនុញ្ញាត​ឱ្យ​លោក​អ៊ូ សេដ្ឋា​នូ គ្រប់​គ្រង​ផ្សារ​ទំនប់​បន្ត​ទៀត​ ដោយ​អះ​អាង​ថា កន្លង​មក​លោក​អ៊ូ សេដ្ឋា​នូ គ្រប់​គ្រង​ល្អ លុះ​ពេល​ប្រគល់​ឱ្យ​ម្ចាស់​ថ្មី​ ម្ចាស់​ថ្មី​បាន​ឱ្យ​ពួក​គេ​ជា​អាជីវ​ករ​ទិញ​តូប​ជា​ថ្មី តែ​ពួក​គេ​មិន​ព្រម​ ព្រោះ​ទើប​តែ​ទិញ និង​ជួល​ពីលោក​អ៊ូ សេដ្ឋា​នូ ។

គួរ​បញ្ជាក់​ថា ផ្សារ​ទំនប់​នេះ​ជា​ដី​របស់​ក្រុម​ហ៊ុន​ញូវ​រិច​ដែល​ជួល​ឱ្យ​លោក​អ៊ូ សេដ្ឋា​នូ រយៈ​ពេល​៣​ឆ្នាំ ហើយ​ពេល​នេះ​ចប់​កិច្ច​សន្យា​ហើយ ទើបក្រុម​ហ៊ុន​ញូវ​រិច​បាន​ប្តឹង​ទាម​ទារ​សិទ្ធិ​គ្រប់​គ្រង​វិញ។

តាម​​ព័ត៌​មានបន្ថែម​បាន​ឱ្យ​ដឹង​ថា ​នៅ​ម៉ោង​១០ និង​២០នាទី​មុន​នេះ​បន្តិច អាជីវករ​ប្រមាណ​ជា​៥០​នាក់​តំណាង​ឱ្យ​៣០០​នាក់​បាន​នាំ​គ្នា​លើក​បដាមុខ​សាលា​សង្កាត់​ផង​ដែរ​ដើម្បី​ទាម​ទារ​ឱ្យ​លោក​អ៊ូ សេដ្ឋា​នូ គ្រប់​គ្រង​ផ្សារ​ទំនប់​បន្ត​ទៀត​៕