យាយ ណាង ប្រាប់​ប្រវត្តិ​ជូរ​ចត់​ជាមួយ​ផ្ទះ​ជួល

យាយ ណាង ប្រាប់​ប្រវត្តិ​ជូរ​ចត់​ជាមួយ​ផ្ទះ​ជួល

តារា​កំប្លែង​ជើង​ចាស់ លោក​ ណយ សំណាង ហៅ​យាយ ណាង  បាន​ប្រាប់ Sabay ថា លោក​យាយ​ធ្លាប់​ជួប​រឿង​ជូរ​ចត់​ម្ដង​ជា​ពីរ​ដង​ជាមួយ​នឹង​ផ្ទះ​ជួល ក្នុង​នោះ​​ធ្លាប់​ធ្លាក់​ពី​លើ​កាំជណ្ដើរ ៣-៤លើក​មក​ហើយ​កាល​ដែល​លោកយាយ​​ស្នាក់​នៅ​ផ្ទះ​ជួល​​​ជាន់​ទី១ជិត​ផ្សារ​ទូល​ទំពូង។

 

យាយ ណាង ប្រាប់​ប្រវត្តិ​ជូរ​ចត់​ជាមួយ​ផ្ទះ​ជួល

 

មូលហេតុ​ដែល​នាំ​ឲ្យ ខ្លួន​ធ្លាក់​ពី​លើ​កាំជណ្ដើរ​​ច្រើន​ដល់​ទៅ ៣-៤លើក​នេះ ក៏​ព្រោះ​ផ្ទះ​លោក​យាយ​ជួល​ស្នាក់​នៅ​នោះ ផ្លូវ​ឡើង​ងងឹត ហើយ​ខ្ពស់​ គួប​ផ្សំនឹង​ខ្លួន​ឯង​ចាស់​ទ្រុឌទ្រោម ​ពពីងពពើម​ សុខភាព​មិន​សូវ​បាន​ផង​នោះ ទើប​ឧស្សាហ៍​ធ្លាក់​បែប​នេះ​តែ​ម្ដង។ ” កាល​នៅ​ផ្ទះ​ជិត​ផ្សារ​ទូល​ទំពូង​ហ្នឹង វា​ខ្ពស់​ហើយ យើង​មក​ពី​លេង​កំប្លែង​យប់ ផ្លូវ​ងងឹត សុខភាព​ខ្សោយ​ផង ធ្លាក់៣-៤លើក​មក​ហើយ” យាយ ណាង​ថ្លែង។

 

ពេល​ដែល​ធ្លាក់​ម្ដងៗ  លោក​យាយ​​​ប្រាប់​ថា បាន​ចៅ​ ​ឬ​អ្នក​ជិត​ខាង​ជួយ តែ​ក៏​មិន​មែន​រាល់​លើក​សុទ្ធ​តែ​មាន​អ្នក​ជួយ​នោះ​ទេ ពោល​គឺ​មាន​ពេល​ខ្លះ ក៏​មិន​​​មានអ្នក​ដឹង និង​ជួយ​ដែរ។ អីចឹង​យាយ ត្រូវ​សម្ងំ​មួយ​សន្ទុះ​ ទម្រាំ​បាន​​ស្រួល​ខ្លួន​វិញ ទើប​ប្រឹង​ក្រោក​ឡើង​វិញ​មក​ដោយ​​ខ្លួន​ឯង។

 

បច្ចុប្បន្ន អ្នក​ស្រី បាន​ប្ដូរ​ផ្ទះ​ជួល​ជាន់​ទី១ នៅ​ជិត​ផ្សារ​ទូល​ទំពូង​​កាល​ពី​ប៉ុន្មាន​ខែ​មុខ​នេះ បន្ទាប់​ពី​រស់​នៅ​ទី​នោះ​បាន ជាង៣ឆ្នាំ។ តារា​​កំប្លែង​ជើង​ចាស់​ម្នាក់​នេះ បាន​មក​ជួល​ផ្ទះ​មួយ​កន្លែង​នៅ​ជិត​វត្ត សន្សំ​កុសល ដោយ​ក្នុង​មួយ​ខែ​តម្លៃ ១៨០ ដុល្លារ រស់​នៅ​២គ្រួសារ ក្នុង​នោះ​លោក​យាយ ត្រូវ​ចេញ៨០ ដុល្លារ​ក្នុង​មួយ​ខែ និង ថ្លៃ​ទឹក​ភ្លើង​ថែម​ទៀត។

 

តារា​វ័យ​៧១ឆ្នាំ​នេះ បាន​លើក​ឡើង​​​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​យាយ​មាន​ជំងឺ​បេះដូង និង ចុក​រោយ តាម​សន្លាក់​ដៃជើង ដែល​ជំងឺ​​នេះ​បាន​កើត​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពេល​រំភើប ឬ ភ័យរន្ធត់​ខ្លាំង​ពេល  តែង​តែ រក​កលចង់​ថប់ដង្ហើម និង​ស្ទើរ​តែ​គាំង​បេះដូង​​ម្ដងៗ។

 

យាយ ណាង ប្រាប់​ប្រវត្តិ​ជូរ​ចត់​ជាមួយ​ផ្ទះ​ជួល

 

ដោយសារតែ​មាន​ជំងឺ​ច្រើន​មុខ​ពេក ការ​សម្ដែង​សិល្បៈ​បាន​ធ្លាក់​​ចុះ​នា​រយៈ​ចុង​ក្រោយ ត្បិត​អី​កម្មវិធី​មួយ​​ចំនួន ដែល​ត្រូវ​ទៅ​សម្ដែង​ឆ្ងាយ​ ឬ​ថត​ច្រើន​ម៉ោង អ្នកស្រី មិន​ហ៊ាន​ទទួល​ឡើយ ព្រោះ​មិន​មាន​កម្លាំង​​ដូច​មុន។ អ្នកស្រី​ថា បច្ចុប្បន្ន​នេះ​បាន​កូន​ប្រុស (វណ្ណា ស័ក្ត) ជា​អ្នក​រក​ចិញ្ចឹម ចំណែក​លោក​យាយ មាន​ត្រឹម​តែ​ទៅ​សម្ដែង កំប្លែង​​ម្ដង​ម្កាល​នៅ​ស្ថានីយ​ទូរទស្សន៍​​បាយ័ន និង​នៅ តាម​ភោជនីយដ្ឋាន “​បុប្ផា​រាត្រី”  ដោយ​១យប់​បាន​តែ​ជាង​១០ ដុល្លារ​ប៉ុណ្ណោះ ។

 

បច្ចុប្បន្ន​តារា​កំប្លែង​ដែល​ប្រឡូក​សិល្បៈ​ស្ទើរ​តែ១ជីវិត​របស់​ខ្លួន ហើយ​មិន​ទាន់​មាន​ជម្រក​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នេះ ក្រៅ​ពី​ប្រឹង​រក​​ប្រាក់​ដើម្បី​ក្រពះ នឹង ថ្លៃ​ថ្នាំ​ព្យាបាល​ខ្លួន​ឯង លោក​យាយ​ត្រូវ​ធានា​រ៉ាប់រង​ចិញ្ចឹម ចៅ​រហូត​ដល់​ទៅ៧នាក់​ឯណោះ៕

 

អត្ថបទ៖ ខុត សីហា