រថយន្ត​ដឹក​ថ្ម​ធ្យូង​រោងចក្រ​ស៊ីម៉ង់ត៍ កំពត ក្រឡាប់​ចូល​ស្រែ​ប្រជាពលរដ្ឋ

ខេត្តកំពត ៖ រថយន្ត​ដឹក​ថ្ម​ធ្យូង​រោងចក្រ​ស៊ីម៉ង់ត៍ កំពត ស៊ី​មេន ភ្នំ​ទទុង ទូក​មាស បាន​ក្រឡាប់ចាក់​ថ្ម​ធ្យូង​ចូល​ស្រែ​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ចូល​ទៅ​រោងចក្រ ស្ថិត​ក្នុងភូមិ​ច្រក​ខ្លី ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

ប្រភព​ពី​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ថ្ម​ធ្យូង ពាក់​ស្លាក​លេខ ក្រចេះ 3A-0350 បាន​បើក​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ឆ្ពោះទៅ​រោងចក្រ លុះ​មក​ដល់​ផ្លូវ​កោង​វាក់​អឺ​នឹង​គោ​យន្ត​ឈប់​នៅ​ខាងឆ្វេង​ដៃ ក៏​បួង​ចង្កូត​ទៅ​ស្តាំ​ជ្រុល​ខ្លាំង​ពេក​ក៏​ធ្លាក់​កង់​ម្ខាង​ចូល​ទៅ​ក្នុង​ស្រែ​ក្រឡាប់​តែ​ម្តង​ទៅ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​មើល​រថយន្ត​ក្រឡាប់​នេះ​បាន​នាំ​គ្នា​និយាយ​ថា រថយន្ត​នេះ​ប្រហែលជា​មិនមែន​ក្រឡាប់​ដោយសារ​វាក់​អឺ​នឹង​គោ​យន្ត​ឈប់​នៅ​ក្បែរផ្លូវ​នោះ​ទេ ព្រោះ​គោ​យន្ត​គេ​ឈប់​នៅ​ក្នុង​របង​ផ្ទះ​គេ​ឯណោះ ប្រហែលជា​អ្នកបើកបរ​ងងុយដេក​ច្រើន​ជាង​ព្រោះ​ម៉ោង​៣​ទៀប​ភ្លឺ​ទៅ​ហើយ ។ អ្នកបើកបរ​ឆ្លើយ​បែប​នេះ​គឺ​កុំ​ឲ្យ​ថៅកែ​ស្តីបន្ទោស​ខ្លាំង​ពេក​ប៉ុណ្ណោះ ។

ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​បន្ទាយមាស​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ថ្ម​ធ្យូង​ចូល​ទៅ​រោងចក្រ​ក្រឡាប់​នោះ​គឺ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទេ តែ​រឿង​ខូចខាត​សន្ទូង​របស់​អ្នក​ភូមិ​នោះ​គឺ​មាន​មេ​ភូមិ​នៅ​ទីនោះ​ជា​អ្នក​ដោះស្រាយ​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​រថយន្ត​ហើយ ៕