ស្ត្រីម្នាក់​សារភាព​ថាពិត​ជា​​បាន​ជួល​​បុរស​ម្នាក់​ឲ្យ​សម្លាប​់​​អ្នក​រកស៊ី​ចង​ការ​ប្រាក់

នគរ​​​បាល​​​បាន​​​និយាយ​​​ថា ស្ត្រី​​​ម្នាក់នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ បាន​​​សារភាព​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បាន​​​ជួល​​​បុរស​​​ម្នាក់​​​ឲ្យ​​​សម្លាប់​​​​​​អ្នក​​​រកស៊ី​ចង​​​ការ​​​ប្រាក់​​​ម្នាក់​​​ បន្ទាប់​​​ពី​​​ជន​​​សង្ស័យ​​​ម្នាក់​​​ទៀត​​​បាន​​​ប្រាប់​​​នគ​​​របាល​​​ថា គាត់​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​តាម​​​សំណើ​​​របស់​​​ស្ត្រី​​​រូប​​​នោះ។

អ្នកស្រី​ ហិុន ភាព អាយុ​​​៦១​​​ឆ្នាំ​​​ត្រូវ​​​បាន​​​សម្លាប់​​​នៅ​​​ផ្ទះ​​​របស់​​គាត់​​​​ដោយ​ជន​ដៃដល់​ដេល​បាន​យក​របារដែក​ចាក់ទម្លុះ​ទ្រូង​របស់​គាត់​កាល​​​ពីរំលង​អធ្រាត្រឈានចូល​​​​​​ព្រឹក​ថ្ងៃ​​​ច័ន្ទ នៅ​​​ក្នុង​​​ឃុំ​​​ក្បាល​​​ដំរី ​​​ស្រុក​​​សំបូរ​​​។

យោង​​​តាម​​​នគ​​​របាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ ​ឡឹក ចាន់​​​វសនា​​​ អាយុ​​​២៧​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ហើយ​​​បាន​​​សារភាព​​​ចំពោះ​​​អំពើ​​​មនុស្ស​​​ឃាត​​​នោះ​​​អំឡុង​​​ការ​​​សាក​​​សួរ​​​ ប៉ុន្តែ បាន​​​អះអាង​​​ថា ស្ត្រីឈ្មោះ​ ស៊ុន រ៉ានី អាយុ​​​៤៧​​​ឆ្នាំ​​​បាន​​​ឲ្យ​​​ប្រាក់​​​គាត់​​​៥០០​​​ដុល្លារក្នុងការ​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​។

លោក អ៊ុំ​​​ ភី ស្នង​​​ការ​​​រង​​​នគ​​​របាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍ ថា បើ​​​ទោះ​​​ជា​​​ដំបូង​​​ឡើយ​​​ស្ត្រីឈ្មោះ ស៊ុន រ៉ានី បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ក៏​​​ដោយ​​​ ក៏​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​សារភាព​​​កាល​​​ពី​​​ម្សិលមិញ ថា គាត់​ពិតជា​បាន​​​ជួល​​​ ចាន់វាសនា ឲ្យ​​​សម្លាប់​​​អ្នក​​​ស្រី ហិុន ភាព មែន ពីព្រោះ​​​អ្នក​​​រក​​​ស៊ី​​​ចង​​​ការ​​​ប្រាក់​​​រូប​​​នេះ​​​បាន​​​មក​​​ទារ​​​ប្រាក់​​​ដដែល​​​ៗ​​​ឲ្យ​​​សង​​​ប្រាក់​​​គាត់​​​ចំនួន​​​៣.៥០០​​​ដុល្លារ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ស្ត្រីឈ្មោះ​​​​ ស៊ុន រ៉ានី បាន​​​សារ​​​ភាព​​​ថា គាត់​​​ខឹង​​​ជន​​​រង​​​គ្រោះ​​​​​​ដែល​​​តែង​​​តែ​​​មក​​​ទារ​​​លុយ​​​ និង​​​ការ​​​ប្រាក់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​គំរាម​​​ដាក់ពាក្យ​​ប្តឹង​​​អ្នក​​​ស្រី រ៉ានី ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ស្ត្រី​​​រូប​​​នេះ​​​បាន​​​ជួល​​​ [ចាន់​​​វាសនា] ហើយ​​​បាន​​​ឲ្យ​​​លុយ​បុរស​រូបនេះ​ចំនួន​​​៥០០​​​ដុល្លារ​​​ទៅ​​​រក​​​នរណា​​​​​​ដែល​​​ហ៊ាន​​​សម្លាប់​​​ជន​​​រង​​​គ្រោះ ហើយ​​​បាន​​​និយាយ​​​ថា គាត់​​​នឹង​​​ឲ្យ​​​លុយ​​​បន្ថែម​​​នៅពេល​​​ធ្វើ​​​​​​ការ​​​ងារ​​​រួច​​​រាល់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ចាន់​​​វាសនា បាន​​​ឲ្យ​​លុយ​​​​​ចំនួន​​​៤៥០​​​ដុល្លារ​​​ទៅ​​​​​​បុរស​​​ទី​​​៣​​​ម្នាក់ទៀត​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នេះ។

យោង​​​តាម​​​នគ​​​របាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា នៅ​​​ពេល​​​បុរស​​​មិន​បង្ហាញ​​​​អត្ត​​​សញ្ញាណ​​​រូប​​​នេះ​​​បាន​​​ចេញ​​​ពី​​​ទី​​​ប្រជុំ​​​ជន​​​ដោយ​​​មិន​​​ធ្វើ​​​តាម​​​ការ​សម្លាប់​នោះ ចាន់​​​វាសនា គិត​​​ថា គាត់​​​គ្មា​​​ន​​​ជម្រើស​​​ក្រៅ​​​ពី​​​សម្លាប់​​​អ្នកស្រី ហិុន ភាព ដោយ​​​ខ្លួន​​​ឯង​​​ឡើយ​​​។

លោក​​​ អ៊ុំ​​​ ភី បាន​​​និយាយ​​​ថា “ចាន់​​​វាសនា បាន​​​ជួល​​​បុរស​​​ម្នាក់​​​ ដែល​​​ទើប​​​តែ​​​ត្រូវ​​​បាន​​ដោះលែង​ពី​​​ពន្ធនាគារ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ឲ្យ​​​សម្លាប់​​​ជន​​​រង​​​គ្រោះ។ [ចាន់វាសនា] បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​សម្លាប់​​​ជន​​​រង​​​គ្រោះ ពីព្រោះ​​​[ស្ត្រីឈ្មោះ រ៉ានី] បាន​​​ឲ្យ​​​​​​លុយ​​គាត់ ហើយ​​​គាត់​​​មិន​​​អាច​​​រក​​​ប្រាក់​​​សង​​​ស្ត្រី​​​រូប​​​នេះវិញ​​​​បាន​​​”។

​​​យោង​​​តាម​​​លោក អ៊ុំ ភី បាន​​​ឲ្យ​​​ដឹង​​​ថា ដំបូង​​​នគ​​​របាល​​​បាន​​​ចាប់ខ្លួន​​​ ចាន់​​​វាសនា បន្ទាប់ពី
កូន​​​ស្រី​​​របស់​​​អ្នក​​​ស្រី ហិុន ភាព​​​ បាន​​​និយាយ​​​ថា នាង​​​ចំណាំ​​​អាវ​​​​​​ប្រឡាក់​​​ឈាម​​​ ដែល​​​នគរ​​​បាល​​បាន​​​រក​​​ឃើញនៅ​​​ក្នុង​​​ផ្ទះ​​​របស់​​បុរស​រូបនេះ​​​​។

លោក​​​បាន​​​ថ្លែង​​​ថា “កូនស្រី​​​ជន​​​រង​​​គ្រោះ​​​បាន​​​ឃើញ​​​ជន​​​សង្ស័យ​​​ពីក្រោយ​​​​​ ខណៈ​​​ដែល​​​ជន​​នេះ​​​បាន​​​រត់​​​ចេញ​​​តាម​​​ទ្វាររបង​​​​”។

លោក ហ៊ួត លឹមហ៊ាង នាយការិយាល័យ​​​នគ​​​របាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ដោយ​​​គិត​​​ទុក​​​ជា​​​មុន​​៕សារុន​​​

 

The post ស្ត្រីម្នាក់​សារភាព​ថាពិត​ជា​​បាន​ជួល​​បុរស​ម្នាក់​ឲ្យ​សម្លាប​់​​អ្នក​រកស៊ី​ចង​ការ​ប្រាក់ appeared first on ខេមបូឌា ដេលី.