​ស្ត្រី​វិកលចរិត​ម្នាក់ ដើរ​ឆ្លងថ្នល់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​

កំពង់ស្ពឺ: ស្ត្រី​វិកលចរិត​ម្នាក់ ដើរ​ឆ្លងថ្នល់ បាន​ត្រូវ​រថយន្ត មិន​ស្គាល់​ម៉ាក​មួយគ្រឿង បើក​បុក និង​កិន បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កាលពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ុង សោភ័ណ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្គុះ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជា​មនុស្ស​សតិ​មិន​ប្រក្រតី (​វិកលចរិត​)​។​

​តាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​វិកលចរិត​ម្នាក់ ដើរ​ឆ្លងថ្នល់​ពី​ត្បូង​ទៅ​ជើង ស្រាប់​តែមាន​រថយន្ត​១​គ្រឿង មិន​ស្គាល់​ម៉ាក បើក​យ៉ាង​លឿន បុក​និង​កិន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​

​ក្រោយពី​បង្កហេតុ​ភ្លាម អ្នកបើករថយន្ត​បង្ក បាន​បន្ថែម​ល្បឿន គេច​បាត់ស្រមោល​តែម្តង​។ ចំណែក​សាកសព​ស្ត្រី​នោះ ត្រូវបាន​កម្លាំង ជំនាញ វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួច បានប្រគល់​ឲ្យ​ទៅ​សាច់ញាតិ និង​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើ បុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​បង្ក ត្រូវបាន​កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ និង​នាំខ្លួន យកមក​ចាត់ការ​តាមច្បាប់ នាពេល​ក្រោយ​៕V/S