មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ជា​កន្លែង​ឃុំខ្លួន​ជនអនាថា យ៉ាង​អាក្រក់​បំផុត​

​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ អង្គការសិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ដែល​កន្លែង​ឃុំឃាំង​ជនអនាថា បន្ទាន់​ពី​មាន​មនុស្ស​២​នាក់​ស្លាប់​នៅក្នុង​មជ្ឈមណ្ឌល​នេះ​។ សេចក្ដីថ្លែងការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​អំពាវនាវ​ទៅដល់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​បុរស​ម្នាក់​អាយុ​ចន្លោះ​ពី​៤០​ទៅ​៥០​ឆ្នាំ ដែលមាន​ជំងឺផ្លូវចិត្ត​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ដ៏​តូច​។ ជាងនេះទៅទៀត​នៅក្នុង​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​នេះដែរ ស្ត្រី​ម្នាក់​អាយុ​៣០​ឆ្នាំ​ដែល​ជាប់ឃុំ​ជាមួយ​ស្វាមី​ក៏​ស្លាប់​ដោយ​រក​មិនទាន់​ឃើញ​មូលហេតុ​នៅឡើយ​។

ទាក់​ទឹង​ទៅនឹង​បញ្ហា​ខាងលើនេះ អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​ជាបន្ទាន់​នូវ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ និង​មណ្ឌល​ដទៃទៀត​។ លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ បានស្នើ​ឲ្យ​បិទ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជាប់ឃុំ​ទាំងនោះ​មាន​សេរីភាព ត្រឡប់​ទៅ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​និង​លុបបំបាត់​អំពើ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រព័ន្ធ​ឃុំឃាំង​នេះ​។ លោក អំ សំអាត បាន​លើក​ហេតុផល​ថា មនុស្ស​ឈឺ​គេ​អត់​យកទៅ​ពេទ្យ​ទេ ទុក​ឲ្យ​មនុស្ស​ស្លាប់​នៅក្នុង​មណ្ឌល​ហ្នឹង នេះ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។

ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ធ្លាប់​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជនអនាថា ដែល​ជាប់ឃុំ​ក្នុង​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ បាន​ឲ្យ​ដឹងថា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​នេះ​មិន​ទទួលខុសត្រូវ​ទៅលើ​សុខភាព​របស់​អ្នក​ជាប់ឃុំ ទុក​ឲ្យ​អ្នក​ឈឺ​ស្លាប់បាត់​បង់ជីវិត​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើង​ទៀតថា មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​នេះ​ត្រូវ​បង្កើតឡើង​ក្រោម​ស្លាក​មជ្ឈមណ្ឌល​សង្គមកិច្ច​សម្រាប់​បណ្ដុះបណ្ដាល​និង​អប់រំ​ប្រជាពលរដ្ឋ ដែល​គ្មាន​លំនៅដ្ឋាន អ្នកសុំទាន អ្នកញៀន​ថ្នាំ អ្នករកស៊ី​ផ្លូវភេទ និង​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ជាដើម​។ ប៉ុន្តែ​ការពិត​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​កន្លែង​ឃុំឃាំង​មនុស្ស​ខុសច្បាប់​ដោយ​គ្មាន​ដីកា​ពី​តុលាការ ហើយ​ក្នុង​រយៈពេល​១១​ខែ​ចុង​ក្រោយនេះ​មាន​អ្នក​ជាប់ឃុំ​៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​៕

៦៥ 8