អាជ្ញាធរខេត្ត​បន្ទាយមានជ័យ រង​ការរិះគន់​ដោយសារ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​

ជម្លោះដីធ្លី​នៅក្នុង​ខេត្តបន្ទាយមានជ័យ​បានកើត​ឡើងជា​ច្រើន​ករ​ណី ក្នុង​សំណុំរឿង​ខ្លះ​អូសបន្លាយ​ពេលវេលា​ច្រើន​ឆ្នាំ​មកហើយ​នៅតែ​ពុំមាន​ដំណោះស្រាយ បើទោះបី​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​ជា​បន្តបន្ទាប់​ក៏ដោយ​។ កន្លងមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត​ទាំងឡាយណា ដែល​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ដូច្នេះ​សូម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​ទៅលើ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ជាបន្ទាន់​ព្រោះ​លោក គោ​ស៊ុំ សារឿ​ត មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឡើយ​។

កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់​មកពី​ស្រុក​ចំនួន​៣ គឺ​ស្រុក​ស្វាយចេក ស្រុក​ថ្មពួក និង​ស្រុក​ម៉ាឡៃ បាននាំគ្នា​បិទផ្លូវ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ សុំ​ឲ្យ​អាជ្ញាធរខេត្ត​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់​។ តំណាង​ប្រជាពលរដ្ឋ​មកពី​ឃុំ​ភូមិ​ថ្មី និង​ឃុំ​ថ្មពួក ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ពួកគាត់​មក​តវ៉ា​ប្ដឹងផ្ដល់​ជាមួយ​ក្រុមហ៊ុន​លី​សំអាន ដែល​បាន​ឆក់​ប្លន់​ដីធ្លី​ពួកគាត់​២៩៣​ហិកតា​។ ចំណែក​តំណាង​ប្រជាពលរដ្ឋ​មកពី​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ពួកគាត់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៣១០​គ្រួសារ នាំគ្នា​ប្ដឹងតវ៉ា​ករណី​ក្រុមហ៊ុន​មួយ​រំលោភ​យក​ដីធ្លី​ពួកគាត់​២៧៦​ហិកតា នៅ​ភូមិ​បឹង​ស្នោ ស្រុក​ស្វាយចេក ជាច្រើន​ឆ្នាំ​មកហើយ​។

ដោយឡែក​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា ពួកគាត់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​១២០​គ្រួសារ ដែលជា​គ្រួសារ​យោធិន​ពិការ​បាន​ប្ដឹង​លោក ហេង ការី​ម ពីបទ​រំលោភ​យក​ដី​នៅ​ចំណុច​ភូមិសាស្ត្រ​បឹង​ជង្រុក និង​រទេះ​បាក់ អូរ​រំ​ចិត្ត ជាច្រើន​ឆ្នាំ​មកហើយ​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​។ តំណាង​ប្រជាពលរដ្ឋ​ទាំង​៣​ស្រុក​ប្រមាណ​៥០០​នាក់ ដែល​តវ៉ា​បិទផ្លូវ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ពួកគាត់​មកសុំ​អន្តរាគមន៍​ឲ្យ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​ពួកគាត់​ឲ្យ​បាន​ឆាប់​។ ជាមួយគ្នានេះ​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់​ផងដែរ ព្រោះ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ មិនដែល​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើយ​៕

that-0059 that-0060