អភិបាលខេត្ត​ឧត្ដរមានជ័យ គួរពិនិត្យមើល​ករណី​យោធា​ភូមិភាគ​៤​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ខ្លះ​ផង​

​ក្រុម​យោធា​ក្នុង​ខេត្តឧត្ដរមានជ័យ​មួយចំនួន បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាច្រើន​ករណី​មកហើយ ដែលជា​អំពើ​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ ប៉ុន្តែ​លោក ស ថា​វី អភិបាល​ឧត្ដរមានជ័យ មិនបាន​យកចិត្តទុកដាក់​ការពារ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នោះទេ ហើយ​ក្រុម​ទាហាន​នៃ​យោធភូមិភាគ​៤​ប្រចាំការ​នៅ​ស្រុក​អន្លង់វែង បន្ត​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការនេះ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ពិនិត្យ​ទង្វើ​ដ៏​សាហាវព្រៃផ្សៃ​របស់​ក្រុម​ទាហាន​ទាំងនោះ​ជាបន្ទាន់​។

​ប្រភពពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទាហាន​មួយក្រុម​នៅក្នុង​យោធភូមិភាគ​៤​ឈរជើង​នៅ​ស្រុក​អន្លង់វែង បាន​ចាប់ខ្លួន​កសិករ​ម្នាក់​ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់ ហើយ​កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា កសិករ​ឈ្មោះ លួ​ន ឡប អាយុ​៥០​ឆ្នាំ នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ត្រូវ​ទាហាន​មួយក្រុម​របស់​យោធភូមិភាគ​៤ បាន​ចាប់ខ្លួន​គាត់​ទៅ​ឲ្យ​នគរបាល​ដាក់​ច្រវាក់ និង​បង្អត់បាយ​ពេញ​មួយ​យប់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ទាហាន​ដែល​នាំគ្នា​ទៅ​ចាប់ខ្លួន​លោក លួ​ន ឡប មិន​ត្រឹមត្រូវ​តាមច្បាប់​នោះ​មានឈ្មោះ ម៉ៅ ស៊ី​ច​ន ឈ្មោះ ឌី ហាត ឈ្មោះ នុត ដន និង​ឈ្មោះ ភាព​។

ប្រជាពលរដ្ឋ​រងគ្រោះ​ឈ្មោះ លួ​ន ឡប បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​បាន​នាំ​ប្រពន្ធ​និង​កូន​ទៅ​ដក​ដំឡូង​មី​ក្នុង​ចម្ការ​របស់លោក ហើយ​ពេល​កំពុង​ដក​ដំឡូង​នោះ​ក៏មាន​ទាហាន​ភូមិភាគ​៤​មួយក្រុម បាន​ហៅ​លោក​ឲ្យ​ទៅ​ជួប​ពួកគេ​។ នៅពេលដែល​លោក​ទៅដល់​ទាហាន​ទាំង​នោះបាន​ចោទប្រកាន់ថា លោក បានកា​ប់រាន​ដីព្រៃ​សហគមន៍​ខុសច្បាប់ ហើយ​ចាប់​ដាក់​ក្នុង​ឡាន​យកទៅ​ឲ្យ​មេព្រៃ​សួរចម្លើយ នៅពេលដែល​មេព្រៃ​រក​មិនឃើញ​កំហុស​គេ​ក៏​បញ្ជូនទៅ​ឲ្យ​នគរបាល​បន្តទៀត​។ លោក លួ​ន ឡប បាន​រៀបរាប់​ទៀតថា នៅ​កន្លែង​នគរបាល​គេ​ដាក់​ច្រវាក់​ជាប់ជើង​របស់លោក ឲ្យ​នៅ​ហាល​មូស​មួយ​យប់​រហូតដល់​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​ដោះលែង​វិញ​។ បញ្ហា​នេះ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ គួរ​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ផង ព្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​រង​អំពើហិង្សា​ពី​សំណាក់​យោធា​ភូមិភាគ​៤​នោះ ពុំមាន​កំហុស​អ្វី​ទាំងអស់​៕

8-6-2015-2-37-18-pm-06-08-2015--14-43-06លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ 63