​លោក សម រង្ស៊ី បញ្ជាក់ថា​នឹង​លើកយក​បញ្ហា​៣​សំខាន់ៗ​ទៅ​ពិភាក្សា​ជាមួយ​គណបក្សកាន់អំណាច​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​លោក សម រង្ស៊ី បានបញ្ជាក់​ថា​លោក​នឹង​លើកយក​បញ្ហា​៣​សំខាន់ៗ​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅពេល​ខាងមុខ​។ ការបញ្ជាក់​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើឡើង​ភ្លាមៗ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ការបំពេញ​ទស្សនកិច្ច​នៅ​បរទេស​កាលពី​យប់មិញ​។​

ចំណុច​សំខាន់ៗ​៣​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា គ្រោង​នឹង​លើក​យកទៅ​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះ​គឺ​៖ ទី​១-​បញ្ហា​ការប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។ ទី​២-​បញ្ហា​ដក​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា និង​បញ្ហា​ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់យក​វប្បធម៌​សន្ទនា​នៅ​គ្រប់​កាលៈទេសៈ​ដដែល​។​

គួរកត់សម្គាល់​ថា​បញ្ហា​ទាំង​៣​ខាងលើ​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​លើក​យកទៅ​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅពេល​ខាងមុខ គឺជា​មូល​ហេតុដែល​ធ្វើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិនមាន​ភាពស្ងប់ស្ងាត់ ហើយក៏​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ ពិសេស​ករណី​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើ​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ​ទៅលើ​អ្នកតំណាងរាស្ត្រ​។​

​ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​លោក សម រង្ស៊ី បានបញ្ជាក់​កាលពីពេល​កន្លងមក​ថា​វប្បធម៌​សន្ទនា​ត្រូវតែ​ជំនួស​វប្បធម៌​ហិង្សា​នៅក្នុង​សង្គម​ខ្មែរ​ព្រោះ​វប្បធម៌​សន្ទនា​នេះហើយ​ដែល​អាច​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​លើផ្លូវ​ត្រឹមត្រូវ និង​ធានាបាន​និរន្តរភាព​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​វប្បធម៌​សន្ទនា​នេះ​វា​មិនមែន​សម្រាប់តែ​បុគ្គល​ពីរ​នាក់ ឬ​គណបក្សនយោបាយ​ពីរ​នោះទេ តែ​វា​ត្រូវតែ​គ្របដណ្តប់​នៅក្នុង​សង្គម​ខ្មែរ​ទាំងមូល និង​ជា​មរតក​សម្រាប់​សង្គម​ខ្មែរ​នៅ​ជំនាន់​ក្រោយ​ទៀត​៕

12112054_1763034740590695_9196318387897628022_n