សៅ ឧត្ដម ទម្លាយ​ប្រវត្តិ​រស់នៅ​ខេត្ត​ស្វាយរៀង


សៅ ឧត្ដម ទម្លាយ​ប្រវត្តិ​រស់នៅ​ខេត្ត​ស្វាយរៀង

ទោះ​បី​ជា​មាន​ឈ្មោះ​ថា មក​ពី​ខេត្ត​ស្វាយរៀង​ប្រាកដ​មែន ប៉ុន្តែ​បេក្ខភាព Cambodia Idol សៅ ឧត្ដម បាន​អះអាង​ថា គ្រួសារ​របស់​គេ​មិន​បាន​រស់​នៅ​ទីនេះ​ទៀត​ទេ ដោយ​ត្រាច់ចរ​រស់​នៅ​គ្រប់​ទី​កន្លែង។

 

សៅ ឧត្ដម ទម្លាយ​ប្រវត្តិ​រស់នៅ​ខេត្ត​ស្វាយរៀង

 

“ការ​ពិត​ទៅ ខ្ញុំ​ចេញ​ពី​ខេត្ត​ស្វាយរៀង​តាំង​ពី​តូច ប៉ុន្តែ​បើ​ថា​ឱ្យ​ភ្លេច​នោះ គឺ​អត់​ទេ​បង ទៅ​ដល់​ណា​ក៏​ប្រាប់​គេ​ថា មក​ពី​ស្វាយរៀង​ដែរ”។ សៅ ឧត្ដម ប្រាប់​មក​កាន់ Sabay ។ បុរស​ថ្គាម​ខ្លា​ខាង​លើ​បន្ថែម​ថា សូម្បី​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol ក្នុង​រដូវ​កាល​ទី១ ដែល​ទើប​បញ្ចប់​​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ក៏​ក្នុង​នាម​បេក្ខជន​​មក​ពី​ខេត្ត​ស្វាយរៀង​ដែរ។

 

សៅ ឧត្ដម បាន​អះអាង​ថា បច្ចុប្បន្ន​ឪពុក​ម្ដាយ​របស់​គេ​មាន​ទី​លំនៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត​កោះកុង​ហើយ បន្ទាប់​ពី​បាន​ផ្លាស់​ចេញ​ពី​តំបន់​ភូមិ​រោង​បន្លែ ស្ថិត​ក្នុង​សង្កាត់​ស្វាយរៀង​ជា​យូរ​មក​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​បាន​បង្ហាញ​ការ​សោកស្ដាយ ព្រោះ​មិន​អាច​បំពេញ​បំណង​អ្នក​គាំទ្រ​ជា​ច្រើន ជា​ពិសេស​អ្នក​រស់​នៅ​ខេត្ត​ស្វាយរៀង ក្រោយ​បរាជ័យ​ក្នុង​កម្មវិធី Cambodian Idol ដោយ​បាន​សាង​កំហុស​មួយ​ចំនួន​នៅ​ពេល​សម្ដែង​ចំពោះ​មុខ​គណៈកម្មការ និង​ទស្សនិកជន​ជា​ច្រើន។

 

សៅ ឧត្ដម ទម្លាយ​ប្រវត្តិ​រស់នៅ​ខេត្ត​ស្វាយរៀង

 

ដោយ​សារ​តែ​អារម្មណ៍​សប្បាយ​រីករាយ​ជាមួយ​នឹង​ចង្វាក់​ភ្លេង​ផង លាយឡំ​ដោយ​ក្ដី​រំភើប​ភ័យ​ផង នាំ​រូប​គេ​សម្ដែង​មិន​បាន​ល្អ ពោល​គឺ​ចូល​ច្រៀង​ខុស​ចង្វាក់​ភ្លេង​ក្នុង​បទ”Rock n Roll” ក្នុង​ជុំ​ទី៣។ សៅ ឧត្ដម អះអាង​ថា៖“ខ្ញុំ​ស្ដាយ​នោះ ស្ដាយ​ពេក​ហើយ ដែល​ធ្វើ​ឱ្យ​បង​ប្អូន​អ្នក​គាំទ្រ​ខក​បំណង ខ្លួន​ឯង​បាត់បង់​ឱកាស ខ្ញុំ​ក៏​មិន​ចង់​អញ្ចឹង​ដែរ”។

 

ទោះ​បី​ជា​យ៉ាង​ណា បុរស​មាន​ឈាមជ័រ​អ្នក​ខេត្ត​ស្វាយរៀង​ដដែល​អះអាង​ថា រូប​គេ​នឹង​នៅ​តែ​បន្ត​អាជីព​សិល្បៈ​ចម្រៀង ដោយ​យល់​ឃើញ​ថា ជីវិត​កាន់​តែ​មាន​ការ​ផ្លាស់ប្ដូរ ហើយ​សមត្ថភាព​ច្រៀង​ក៏​មាន​ការ​កើន​ឡើង​ជាង​ពី​មុន​ដែរ ក្រោយ​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង ដោយ​ទទួល​បាន​ដំបូន្មាន​ពី​រៀមច្បង​ជា​ច្រើន។ ប៉ុន្តែ សៅ ឧត្ដម មិន​ទាន់​កំណត់​គោលដៅ​ត្រូវ​ទៅ​ណា​នោះ​ទេ ខណៈ​កំពុង​រង់ចាំ​ដំណឹង​ពី​ហង្ស​មាស៕

 

អាន​អត្ថបទ៖  យាយ ណាង ប្រាប់​ប្រវត្តិ​ជូរ​ចត់​ជាមួយ​ផ្ទះ​ជួល

អាន​អត្ថបទ៖  ១ បទ​​​នាយ ចឺម ​មិន​បាន​មួយ​ខែ​ផង មាន​អ្នក​ទស្សនា​ជាង ១ លាន​ដង

 

អត្ថបទ៖ សំ ជំនញ

រូប​ថត៖ Facebook សៅ ឧត្ដម