Sabay នាំ​បច្ច័យ​ចូល​បុណ្យសព​​អតីត​តារា​សម្ដែង អាង ម៉ាឡៃ


Sabay នាំ​បច្ច័យ​ចូល​បុណ្យសព​​អតីត​តារា​សម្ដែង អាង ម៉ាឡៃ

​ក្រុម​ការងារ Sabay ក្នុង​នាម​មួយ​ផ្នែក​ជា​ស្ថាប័ន​ធ្វើ​ការ​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​តែ​មួយ​ដូច​គ្នា បាន​នាំ​យក​បច្ច័យ​ចំនួន ២០ម៉ឺន​រៀល​ទៅ​ចូល​បុណ្យ​អតីត​តារា​សម្ដែង អាង ម៉ាឡៃ ដែល​បាន​ធ្វើ​មរណកាល​កាល​ពី​ថ្ងៃ​ទី​២៩ តុលា នៅ​ប្រទេស​វៀតណាម​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍។

 

លោក ផេង សាមិត្ត អាយុ ៧០ឆ្នាំ និង​អ្នក​ស្រី ឡេង ម៉ានិត វ័យ ៦២​ឆ្នាំ ជា​បង​ថ្លៃ​ប្រុស និង​បង​ស្រី​បង្កើត​សព​អតីត​តារា​ភាពយន្ត អាង ម៉ាឡៃ ជួស​មុខ​ក្រុម​គ្រួសារ បាន​ចេញ​មក​ទទួល​បច្ច័យ​តិចតួច​ស្ដែង​ការ​ចែក​រំលែក​ទឹក​ចិត្ត​របស់ Sabay។ ពួក​លោក​ទាំង​ពីរ​បាន​សម្ដែង​ភាព​រីករាយ ចំពោះ​ការ​ចែក​រំលែក​នៅ​គ្រា​នេះ។

 

Sabay នាំ​បច្ច័យ​ចូល​បុណ្យសព​​អតីត​តារា​សម្ដែង អាង ម៉ាឡៃ

 

លោក ផេង សាមិត្ត និង​អ្នក​ស្រី ឡេង ម៉ានិត តំណាង​ក្រុម​គ្រួសារ​ទទួល​បច្ច័យ​ពី​ក្រុម​ការងារ Sabay

 

លោក ផេង សាមិត្ត បាន​ថ្លែង​ថា លោក​សូម​អរគុណ​ជា​អនេក និង​សូម​ជូន​ពរ​ឲ្យ​ក្រុមហ៊ុន Sabay ដំណើរ​ការ​បាន​កាន់​តែ​រលូន ព្រម​ទាំង​ប្រសិទ្ធពរ​ដល់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​​គ្រប់​លំដាប់​ថ្នាក់ មាន​សុខភាព​ល្អ សំណាង​ល្អ បំពេញ​ភារកិច្ច​បាន​ទទួល​ជោគជ័យ​គ្រប់​ៗ​គ្នា។

 

អ្នក​ស្រី អាង ម៉ាឡៃ ម្ចាស់​ពាន​កិត្តិយស​អមត​ពី​កម្មវិធី “អាណាចក្រ​តារា” ឆ្នាំ​២០១៤ ​គឺ​ជា​កូន​ទី ៨ ក្នុង​ចំណោម​បង​ប្អូន ១០នាក់។ ​អ្នក​ស្រីបាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ​កន្លង​ទៅ​ គ្រា​ដែល​អ្នក​ស្រី និង​គ្រួសារ​មាន​គ្នា ៧នាក់​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​ខេត្ត​តាកែវ ហើយ​ក៏​បាន​ជួប​គ្រោះ ដោយ​រថយន្ត​អ្នក​ស្រី បុក​ជាមួយ​រថយន្ត​ក្រុង​មួយ​គ្រឿង។

 

ស្វាមី និង​កូន រួម​ទាំង​ចៅ​ស្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ឯ​អ្នក​ស្រី ម៉ាឡៃ និង​សាច់ញាតិ​៣​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក អ្នក​ស្រី​បាន​លាចាក​លោក​កាល​ពី​ថ្ងៃ​ទី ២៩ តុលា ក្រោយ​ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាយាម​សង្គ្រោះ​អស់​រយៈ​ពេល​ជាង ១០​ថ្ងៃ។ ដោយ​ឡែក​អ្នក​ផ្សេង​ទៀត ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​ឡើយ។ បុណ្យ​សព​អ្នកស្រី ត្រូវ​បាន​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​តាម​ប្រពៃណី​រួច​ហើយ​នៅ​វត្ត​ចិន​ដំដែក និង​បន្ត​មក​ធ្វើ​ពិធី​គម្រប់​៧​ថ្ងៃ​ទៀត​នា​រសៀល​ម្សិលមិញ​នៅ​នាយកដ្ឋាន​សិល្ប​ទស្សនីយភាព ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

 

Sabay នាំ​បច្ច័យ​ចូល​បុណ្យសព​​អតីត​តារា​សម្ដែង អាង ម៉ាឡៃ

 

Sabay នាំ​បច្ច័យ​ចូល​បុណ្យសព​​អតីត​តារា​សម្ដែង អាង ម៉ាឡៃ

 

តាម​អ្នក​ស្រី ឡេង ម៉ានិត ប្រាប់​ថា តាម​ពិត​គេហដ្ឋាន​សព​ប្អូន​ស្រី​របស់​អ្នក​ស្រី នៅ​ម្ដុំ​សាកលវិទ្យាល័យ​ន័រតុន​ឯណោះ ប៉ុន្តែ​ដោយ​សារ​ទី​នោះ​មាន​ស្ថានភាព​តូច​ចង្អៀត​ពេក ទើប​មក​ប្រារព្ធ​នៅ​នាយកដ្ឋាន​សិល្ប​ទស្សនីយភាព​នេះ​វិញ ដែល​ជា​កន្លែង​ធ្វើ​ការ​របស់​សព​តែ​ម្ដង ខណៈ​មុន​ស្លាប់​អ្នក​ស្រី ម៉ាឡៃ ​មាន​​តួនាទី​ជា​អនុប្រធាន នាយកដ្ឋាន​សិល្ប​ទស្សនីយភាព ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៕

 

អត្ថបទ៖ ទារិកា