អាជ្ញាធរអប្សរា ស្នើឲ្យអាម៉េរិក ពិនិត្យលទ្ធភាព ជួសជុលប្រាសាទ នៅក្រៅរមណីយដ្ឋានអង្គរ

ភ្នំពេញ៖ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ អប្សរាបានស្នើឲ្យសហរដ្ឋអាម៉េរិក ពិនិត្យលទ្ធភាពជួសជុលប្រាសាទ នៅក្រៅរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និងបណ្តុះបណ្តាលលក្ខណៈជំនាញបន្ថែម ដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានជួសជុលនានា ដែលអាម៉េរិកបានផ្តល់ជំនួយ។ ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងរវាងលោក និងលោក William A. Heidt ឯកអគ្គរដ្ឋទូត អាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប នេះបើយោងតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក របស់អាជ្ញាធរអប្សរា។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូត បានកោតសរសើរ និងកត់សម្គាល់អំពីវឌ្ឍនភាព នៃសមត្ថភាពរបស់អាជ្ញាធរជាតិអប្សរា និងដំណើការគ្រប់គ្រងដ៏ល្អនៅរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះដែរ លោកបានសម្តែងការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ជាមួយអាជ្ញាធរជាតិអប្សរា ជាពិសេសអំពីកិច្ចខិតខំនាពេលកន្លងមក ក្នុងការទទួលមកវិញនូវរូបចម្លាក់មួយចំនួន ពីបណ្តាស្ថាប័នមួយចំនួន នៅសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត លោកទូត បានជម្រាបជូនអំពីកម្មវិធី Ambassador Fund for Cultural Preservation ដែលកម្មវិធីអាចផ្តល់ថវិកា សម្រាប់គម្រោងផ្សេងៗក្នុងកម្រិត ១០០,០០០ ដុល្លារអាមេរិក ព្រមទាំងបង្ហាញអំពីចំណាប់ អារម្មណ៍ចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអាយស៊ីស៊ី នាខែធ្នូខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា រមណីយដ្ឋានអង្គរ បានក្លាយជាគោលដៅទេសចរណ៍ ដែលមានការទាក់ទាញបំផុតនៅលើសកលលោក ហើយបាននាំមកនូវការរីកចម្រើន ខាងផ្នែកសេដ្ឋកិច្ចយ៉ាងក្រាស់ក្រែលជូនជាតិ៕