គណៈវិស្វករកម្ពុជា អំពាវនាវ ដល់វិស្វករ ត្រូវមកចុះបញ្ជី ដើម្បីទទួល អាជីពពេញសិទ្ធិ

ភ្នំពេញ៖ គណៈវិស្វករកម្ពុជា បានធ្វើការអំពាវនាវ ទៅដល់និស្សិត ដែលបានបញ្ចប់ជំនាញផ្នែកវិស្វកម្ម ទាំងអស់ ដែលមិនទាន់បានទៅចុះបញ្ជី ក្នុងគណៈវិស្វករកម្ពុជានោះ ត្រូវរួសរាន់ទៅចុះ ដើម្បីទទួលបានអាជីពពេញសិទ្ធិ និងជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចូលរួមសិក្ខាសាលាស្តីពី ការសិក្សាគ្រឿងបង្គុំ និងការពិសោធន៍មិនខូចទ្រង់ទ្រាយ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នាសណ្ឋាគារភ្នំពេញ អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានមានប្រសាសន៍ថា ការមកចុះបញ្ជី ដើម្បីទទួលបានអាជីពវិស្វករពេញសិទ្ធិនោះ គឺស្ថាប័នទាមទារឲ្យវិស្វករ មានបទពិសោធន៍ ចេញពីសាលាបរិញ្ញាបត្រវិស្វករចំនួន ៥ឆ្នាំ បទពិសោធន៍អនុបណ្ឌិតវិស្វករ ៣ឆ្នាំ វិស្វករបទពិសោធន៍ ២ឆ្នាំ ហើយចំពោះវិស្វករអាស៊ាន ត្រូវមានបទពិសោធន៍ ៧ឆ្នាំ។

លោកបានបន្តថា “វិស្វករដែលបានចុះបញ្ជី នៅក្នុងគណៈវិស្វករកម្ពុជា ទី១. គាត់បានការទទួលស្គាល់ ពីគណៈវិស្វករកម្ពុជា, ទី២. ទទួលបានការបណ្តុះបណ្តាលបន្ថែម លើគ្រប់មុខជំនាញ, ទី៣. ទទួលបានជាវិស្វករអាជីព រួចហើយគាត់នឹងឈាន ទៅដល់វិស្វករអាស៊ាន ហើយចុងក្រោយគេវិស្វករអាជីពឆ្នើមអាស៊ាន ដែលទទួលស្គាល់ដោយរដ្ឋាភិបាល និងរដ្ឋាភិបាលអាស៊ាន ក្រោមស្មារតីនៃកិច្ចព្រមព្រៀងគ្នា ទៅវិញទៅមករវាងប្រទេសអាស៊ានទាំង១០”។

លោក លឹម សុថាវ បានបន្ថែមថា បើវិស្វករទាំងអស់ ដែលមិនបានមកចុះបញ្ជីនោះ គឺអាជីពរបស់ពួកគាត់មិនស្របច្បាប់ ហើយការប្រកបរបរនេះ គ្មានការទទួលខុសត្រូវ។ នៅពេលខាងមុខគណៈវិស្វករកម្ពុជា នឹងបង្កើតគណៈកម្មការអន្តរក្រសួង ចុះធ្វើអធិការ កិច្ចតាមក្រុមហ៊ុននៅទូទាំងប្រទេស ដើម្បីត្រួតពិនិត្យមើលថា តើក្រុមហ៊ុនទាំងអស់នោះ មានលក្ខណៈស្របច្បាប់ហើយ ឬនៅ? វិស្វករដែលបានធ្វើនៅក្រុមហ៊ុននោះ បានចុះបញ្ជីប៉ុន្មាននាក់? និងមានវិស្វករបរទេសមានធ្វើការ នៅក្នុងក្រុមហ៊ុនទេ? បើរកឃើញថា វិស្វករទាំងអស់នោះ មិនបានចុះបញ្ជីត្រឹមត្រូវនោះទេ នឹងមានការផាកពិន័យ ឬបញ្ឈប់មិនឲ្យធ្វើការ ក្នុងក្រុមហ៊ុនបន្តទៀតទេ។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ គណៈវិស្វករកម្ពុជា មានវិស្វករមកចុះបញ្ជីជិត ២ពាន់នាក់។

សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួម កិច្ចសិក្ខាសាលានេះ មាន៥០០នាក់ ក្នុងនោះមកពីក្រសួងស្ថាប័នទាំងរដ្ឋ និងឯកជន និងបណ្តារាជធានី ខេត្តមាន ៣០០នាក់ ព្រមទាំងយុវវិស្វករមកពីសកលវិទ្យាល័យ និងមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានចំនួន ២០០នាក់៕

គណៈវិស្វករកម្ពុជា អំពាវនាវ ដល់វិស្វករ ត្រូវមកចុះបញ្ជី ដើម្បីទទួល អាជីពពេញសិទ្ធិ

គណៈវិស្វករកម្ពុជា អំពាវនាវ ដល់វិស្វករ ត្រូវមកចុះបញ្ជី ដើម្បីទទួល អាជីពពេញសិទ្ធិ

គណៈវិស្វករកម្ពុជា អំពាវនាវ ដល់វិស្វករ ត្រូវមកចុះបញ្ជី ដើម្បីទទួល អាជីពពេញសិទ្ធិ