ព្រះសង្ឃ ២​អង្គ និមន្ត​បិណ្ឌបាត និង​ឲ្យ​ធម៌​មិន​ស្របគ្នា វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ

ភ្នំពេញ: ព្រះសង្ឃ ២​អង្គ និមន្ត​បិណ្ឌបាត​រួមគ្នា ស្រាប់តែ​ផ្ទុះ​ទំនាស់​ពាក្យសម្តី​គ្នា ឈានដល់​ការប្រើ​ហិង្សា វាយតប់​គ្នា ផ្អើល​អស់អ្នក​ធ្វើដំណើរ​តាមផ្លូវ និង​ប្រជាពលរដ្ឋ ដែល​យក​កូន មក​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ កាលពី​ម៉ោងជាង ៩ ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ខាងជើង​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​វត្តភ្នំ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ទាំង ២​អង្គ ដែល​វាយតប់​គ្នា ធ្វើ​ឲ្យ​បាត់បង់​អស់​តម្លៃ ថ្លៃថ្នូរ របស់ ព្រះពុទ្ធសាសនា​នេះ ទី​១- ឈ្មោះ កែវ ចំរើន ព្រះជន្ម ២៥​ព្រះវស្សា គង់នៅ​វត្ត​សា​រ៉ា​វ័ន​តេ​ជោ កុដិ​លេខ​១៧ និង​ទី​២- ឈ្មោះ សឿន ម៉ាប់ ព្រះជន្ម ២២ ព្រះវស្សា គង់នៅ​កុដិ​លេខ​២៤​។​

​មុនពេល​កើតហេតុ ព្រះសង្ឃ​ទាំង ២​អង្គ បាន​និមន្ត​បិណ្ឌបាត តាម​បណ្តោយ​ផ្លូវ​លេខ​៩០​។ ពេលមកដល់​ចំណុច កែង​ខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ មិនដឹងថា​
​មាន​បញ្ហា​អ្វី ស្រាប់តែ​លោកសង្ឃ​ទាំង ២​អង្គ បាន​ដេញ​វាយ​គ្នា ទៅវិញទៅមក ធ្វើ​ឲ្យ​ផ្អើល​អស់​ប្រជាពលរដ្ឋ​។ ជាពិសេស​អ្នក​ដែល​យក​កូន​មក ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នាំគ្នា​ចោមរោម​មើល ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ប្រចាំការ​មន្ទីរពេទ្យ បាន​សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​នាំ​សង្ឃ​ទាំង ២​អង្គ ទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ លោកសង្ឃ​២​អង្គ​នោះ វាយ​គ្នា​ទៅវិញទៅមក ដោយសារតែ​និមន្ត​បិណ្ឌបាត​ជាមួយគ្នា ឲ្យ​ធម៌​មិន​ស្របគ្នា ហើយ​ម្យ៉ាងវិញទៀត កើតចេញពី​ការចេះ​បិណ្ឌបាត និង​មិនចេះ​បិណ្ឌបាត ពី​លោកសង្ឃ​ព្រះនាម កែវ ចំរើន បួស​បាន ៣ វស្សា ចេះ​បិណ្ឌបាត​ស្ទាត់ តែ​ចំណែក​ព្រះសង្ឃ ព្រះនាម សឿន ម៉ាប់ បួស​បាន ៤ វស្សា មិនសូវ​ចេះ​បិណ្ឌបាត ទើប​កើតចេញ ជា​ទំនាស់​កាច់​កុង​គ្នា ទើប​កើតជា​រឿង​វាយ​គ្នា ផ្អើល​ប្រជាពលរដ្ឋ ដូច្នេះ​តែម្តង​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​វត្តភ្នំ បាន​បញ្ជាក់ថា ចំពោះ​ករណី​នេះដែរ អាជ្ញាធរ​បាន ប្រគល់​ព្រះសង្ឃ​២​អង្គ ដែលមាន​ទំនាស់ វាយតប់​គ្នា​នោះ ប្រគល់​ទៅ​ព្រះចៅអធិការ​វត្ត​សា​រ៉ា​វ័ន​តេ​ជោ ជា​អ្នក​អប់រំ​តាម​វិន័យ​សង្ឃ​៕V​/S

ព្រះសង្ឃ ២​អង្គ និមន្ត​បិណ្ឌបាត និង​ឲ្យ​ធម៌​មិន​ស្របគ្នា វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ