សង្ស័យ​ស្រវឹង​បើក​ម៉ូតូ​ដួល រថយន្ត​មក​កិន​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​៦

បន្ទាយមានជ័យ: យុវជន​ម្នាក់ៗ ក្នុងខណៈពេល​កំពុងបើក​ម៉ូតូ ត្រូវ​រថយន្ត​បើក​បុក​កិន​ជាន់​ពីលើ​អូស ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់ យ៉ាង​អាណោចអាធ័ម ក្នុង​ថ្លុកឈាម​។

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥  ត្រង់​ចន្លោះ​បង្គោល​ភ្លើង​លេខ ០៥៩២-០៥៩៣​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុ្ង​ង​ភូមិសាស្ត្រ​ឃុំ ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ។
          
​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហាយ ហេន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ បិទ​តែម ស៊េរី​២០១៥ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1D.9585 ។​

​តាម​សំដី​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ទឹកជោរ បាន​និយាយថា ជនរងគ្រោះ អាច​នឹង​ស្រវឹងស្រា ព្រោះ​ឃើញ​ផឹក តាំងតែ​ពីថ្ងៃ លុះ​យប់​បាន​បើក​ម៉ូតូ​ម្នាក់ឯង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកលេង​នៅ​ឃុំ​ភ្នំ​លៀប ក៏​ជួប​គ្រោះ​តែម្តង ។​

​បើតាម​ការសន្និដ្ឋានរ​បស់ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំ​លៀប​និយាយថា​៖​ជនរងគ្រោះ​អាច​ស្រវឹងស្រា បើក​ម៉ូតូ​ដួល​ខ្លួនឯង​ទៅលើ​ទ្រូង​ថ្នល់ ក៏ត្រូវ​រថយន្ត​មកពី​ក្រោយ កិន​ពីលើ​អូស​ជាច្រើន​ម៉ែត្រ​។ ចំពោះ​ម៉ូតូ​មិនមាន​ការខូចខាត​នោះទេ ធ្លាក់​ពី​ចិញ្ចើមផ្លូវ ប្រហែល​ជាង​១​ម៉ែត្រ​។​

​តាម​លោកនាយ​ផ្នែក​នគរបាល​ចរាចរណ៍ អធិការដ្ឋាន​នគរបាល ស្រុក​ព្រះនេត្រព្រះ និយាយ​នៅ​កន្លែងកើតហេតុ​នោះ​ថា ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​១​គ្រឿង ម៉ាក​តូយ៉ូតា កាមរី ស៊េរី​៩៥ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A.6181 បាន​ធ្លាក់​ពីលើ​ផ្លូវជាតិ ។​

​តាម​ការសាកសួរ ម្ចាស់​រថយន្ត និយាយថា គាត់​បានឃើញ​សព​មនុស្ស​ស្លាប់ ក៏​បើក​គេច​ជ្រុល​ចង្កូត ធ្លាក់​ពីលើ​ថ្នល់​នោះ​តែម្តង​។ បច្ចុប្បន្ន​រថយន្ត​នោះ រួមទាំង​ម្ចាស់ សមត្ថកិច្ច​បាន​នាំយកមក​សាកសួរ និង​វត្ថុតាង​ម៉ូតូ នាំយក​អធិការដ្ឋាន នគរបាល​ស្រុក​ផងដែរ ។ ចំណែក​សាកសព ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V​/S