កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​នៅ​អាស៊ាន​ខាង​ផ្នែក​សុខដុមរមនា​របស់​ពលរដ្ឋ

របាយការណ៍​សន្ទស្សន៍​សុខដុមនីយកម្ម​ឆ្នាំ​២០១៥ (Prosperity Index 2015) បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា លេខ ១១២ ក្នុង​ចំណោម​ប្រទេស​ទាំង​អស់ ១៤២។ ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា ភាព​សុខដុមរមនា​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​សមាគម​អាស៊ាន។ យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​ថា របាយការណ៍​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា នោះ​ទេ។

របាយការណ៍​សន្ទស្សន៍​សុខដុមនីយកម្ម​ឆ្នាំ​២០១៥ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ភ្រុសស្ពើរីធី អ៊ិនឌិច (Prosperity Index) ត្រូវ​បាន​សិក្សា​ដោយ​វិទ្យាស្ថាន លីហ្កាធំ (Legatum Institute) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង (London) ចក្រភព​អង់គ្លេស។

​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា បាន​សិក្សា​ទៅ​លើ​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​សង្គម​មួយ​រស់​នៅ​ប្រកប​ដោយ​ភាព​សុខសាន្ត និង​វិបុលភាព។ កត្តា​ទាំង​នោះ​រួម​មាន កំណើន​សេដ្ឋកិច្ច ឱកាស​ស្មើគ្នា​ក្នុង​ផ្នែក​សហគ្រិនភាព រដ្ឋាភិបាល​ដែល​មាន​ទំនួល​ខុសត្រូវ សិទ្ធិ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ការ​ប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ គុណភាព​អប់រំ​ខ្ពស់ ប្រព័ន្ធ​សុខាភិបាល​ល្អ សន្តិសុខ​ជាតិ សេរីភាព និង​សុវត្ថិភាព​របស់​បុគ្គល និង​ការ​ចេះ​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ពលរដ្ឋ​ក្នុង​សង្គម។

របាយការណ៍​បាន​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា លេខ ១១២ ក្នុង​ចំណោម​ប្រទេស​ទាំង​អស់ ១៤២។ ចំណាត់​ថ្នាក់​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ចំណាត់ថ្នាក់​ដែល​ប្រទេស​កម្ពុជា ទទួល​បាន​កាល​ពី​ឆ្នាំ​២០១៤។ ចំណាត់ថ្នាក់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា ភាព​សុខដុមរមនា​ដែល​ពលរដ្ឋ​កម្ពុជា ទទួល​បាន​ពី​រដ្ឋាភិបាល គឺ​មាន​ការ​ថយ​ចុះ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក ដែល​កាល​ណោះ​កម្ពុជា ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១០៧ ក្នុង​ចំណោម ១៤២ ប្រទេស​ដូចគ្នា។

បើ​ធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ដែល​ស្ថិត​ក្នុង​បញ្ជី​សិក្សា​វិញ ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់ថ្នាក់​ទាប​ជាង​គេ​បង្អស់ គឺ​ទាប​ជាង​ប្រទេស​សិង្ហបុរី (Singapore) ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៧ ប្រទេស​ម៉ាឡេស៊ី (Malaysia) លេខ​៤៤ ប្រទេស​ថៃ (Thailand) លេខ​៤៨ ប្រទេស​វៀតណាម (Vietnam) លេខ​៥៥ ប្រទេស​ហ្វីលីពីន (Philippines) លេខ​៧៤ និង​ប្រទេស​ឡាវ (Laos) លេខ​៩៥។ បើ​និយាយ​ពី​កម្រិត​ពិភពលោក​វិញ ប្រទេស ន័រវែស (Norway) ក្នុង​ទ្វីប​អឺរ៉ុប ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ហើយ​ប្រទេស​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល (Central African Republic) នៅ​ទ្វីប​អាហ្វ្រិក ឈរ​នៅ​បាត​តារាង។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​លីហ្កាធំ អ្នកស្រី សៀន ហេនសែន (Sian Hansen) បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថា ភាព​រីកចម្រើន​ពិត​ប្រាកដ​របស់​មនុស្ស​ជាតិ គឺ​មិន​អាស្រ័យ​លើ​តែ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​មួយ​មុខ​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​មួយ​មាន​ភាព​រុងរឿង​ទៅ​បាន រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ត្រូវតែ​ផ្ដល់​ឱកាស និង​សេរីភាព​ទៅ​ដល់​ពលរដ្ឋ​របស់​ពួកគេ។ រដ្ឋាភិបាល​ត្រូវ​ផ្ដល់​សេវា​សុខភាព ផ្ដល់​ការ​អប់រំ ផ្ដល់​សិទ្ធិ​អំណាច​ដល់ ពលរដ្ឋ បញ្ចៀស​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​គាប​សង្កត់​លើ​ពលរដ្ឋ។

ការ​រក​ឃើញ​របស់​វិទ្យាស្ថាន​លីហ្កាធំ ហាក់​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ដែល​ជា​រឿយៗ​តែង​អួតអាង​ថា បាន​នាំ​មក​នូវ​សន្តិភាព និង​ការ​រីក​ចំរើន​ជា​ច្រើន​សម្រាប់​ពលរដ្ឋ​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ឡើយ។  លោក​ថា រដ្ឋាភិបាល​មិន​រត់​ទៅ​តាម​ការ​វាយ​តម្លៃ​នៃ​របាយការណ៍​របស់​ស្ថាប័ន​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ និង​ការ​ថែរក្សា​សុខ​សន្តិភាព។

លោក​ថា ដោយសារតែ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នេះ ទើប​ធ្វើ​ឲ្យ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​បន្ត​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៖ «ការ​វាយ​តម្លៃ​មួយ​ចំនួន​មិន​ផ្អែក​ទៅ​លើ​កត្តា​ជាក់ស្ដែង​នៃ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​ទេ អ៊ីចឹង​ខ្ញុំ​យល់​ថា ការ​ធ្វើ​របាយការណ៍​ណា​មួយ​ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​វា​ជា​បច្ច័យ​អាក្រក់​ដែល​ជា​ការ​បន្ថោក​តម្លៃ​របស់​កម្ពុជា ក៏ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​តែ​ងើប​ដោយ​ខ្លួន​ឯង មិន​មែន​ដេកចាំ​មើ​ក​ការ​វាយ​តម្លៃ​ហើយ​មិន​ប្រឹង​ដោយ​ខ្លួន​ឯង​នោះ​ទេ ខ្ញុំ​យល់​ថា របាយការណ៍​មួយ​ចំនួន​គឺ​ប្រាសចាក​ពី​ការ​ពិត»

ដោយ​ឡែក​របាយការណ៍​ស្ដីពី​សន្តិភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៥ ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ដើម្បី​សេដ្ឋកិច្ច និង​សន្តិភាព​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​ការ​ធ្លាក់​ចុះ​ផ្នែក​សន្តិភាព​ដោយសារ​ប្រទេស​នេះ​រឹតត្បិត​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​អហិង្សា។

របាយការណ៍​ដដែល​បញ្ជាក់​ថា សង្គម​មួយ​មាន​សន្តិភាព​ពេញលេញ​ទៅ​បាន​លុះ​ណា​តែ​ពលរដ្ឋ​ក្នុង​សង្គម​នោះ មាន​សន្តិភាព​ទាំង​ក្នុង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា សន្តិភាព​អវិជ្ជមាន និង​សន្តិភាព​វិជ្ជមាន។

សន្តិភាព​អវិជ្ជមាន​គឺ​សំដៅ​លើ​ការ​គ្មាន​សង្គ្រាម គ្មាន​អំពើ​ហិង្សា គ្មាន​ជម្លោះ ឬ​គ្មាន​ការ​ភ័យ​ខ្លាច។ រី​ឯ​សន្តិភាព​វិជ្ជមាន គឺ​សំដៅ​លើ​នីតិរដ្ឋ យុត្តិធម៌​សង្គម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​បែងចែក​ផល​សេដ្ឋកិច្ច​ដោយ​សមធម៌ ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​លុប​បំបាត់​អំពើ​ពុករលួយ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។