ឆ្នាំ​2020 គ្រប់​ប្រភព​នៃ​ខ្សែបណ្តាញ​នឹង​បញ្ជូន​ទៅ​ដល់​គ្រប់​ភូមិ​ក្នុង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​ឆាំ្ន​២០២០​ខាង​មុខ ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មានការ​រីក​ចម្រើន​ជា​ខ្លាំង ។ តាម​ផែនការ នៅ​ឆ្នាំ​២០២០ គ្រប់​ប្រភព​នៃ​ខ្សែបណ្តាញ​អគ្គិសនី នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​គ្រប់​ច្រកល្ហក​គ្រប់​ភូមិ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០៣០ គុណភាព​ខ្សែបណ្តាញ​អគ្គិសនី ក៏​ត្រូវ​បាន​ត​ភ្ជាប់​ចូល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ផង​ដែរ ។ បើ​តាម​ការ​ប៉ាន់ស្មាន មិន​ក្រោម​ជាង​៣​លាន​ផ្ទះ​នោះ​ទេ សរុប​ទូ​ទាំង​ប្រទេស ។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​ខេមរា​អង្គរ កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ស្តី​ពី «​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​» ។

លោក អិុ​ត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល មាន​ប្រសាសន៍​ថា ៖ «​កន្លង​មក ការ​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​ដើម្បី​ស្តារ និង​ផ្គត់ផ្គង់​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​ទីរួមខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ចាប់ផ្តើម​រៀបចំ​អភិវឌ្ឍន៍​អនុ​ស្ថានីយ និង​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ដើម្បី​ភ្ជាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ប្រទេស​ទៅ​ជា​ប្រព័ន្ធ​តែ​មួយ ដោយ​ពង្រីក​ការ​ផ្គត់ផ្គង់​នេះ​ឲ្យ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស ទាំង​ទីក្រុង ទីប្រជុំជន និង​រហូត​ដល់ទី​ជនបទ​» ។

លោក​បន្ដ​ថា ៖ «​ជា​ការ​កត់សម្គាល់ ការ​អភិវឌ្ឍ​អនុ​ស្ថានីយ និង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​រហូត​ដល់​ពេល​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​គម្រោង​ប្រព័ន្ធ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ត​ភ្ជាប់​ពី​រាជធានី​-​ខេត្ត​បាន​ចំនួន​១៣ ដូច​ជា រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ចាម ខេត្ត​ព្រះ​សីហ​នុ​» ។    

ដោយឡែក ការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​វិញ ក៏​ត្រូវ​បាន​អភិវឌ្ឍន៍​ចំនួន​១១​ខេត្ត​-​រាជធានី​រួច​មក​ហើយ​ដែរ ដូច​ជា ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ភ្នំ​ដិ​ន ខេត្តតាកែវ និង​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​វា​រី​អគ្គិសនី​គី​រី​រម្យ​១ មាន​កម្លាំង​១២​មេ​ហ្គា​វ៉ា​ត់ វា​រី​អគ្គិសនី​កំចាយ​១៩៣.២​មេ​ហ្គា​វ៉ា​ត់ វា​រី​អគ្គិសនី​គី​រី​រម្យ​៣ មាន​១៨​មេ​ហ្គា​វ៉ា​ត់ វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​១២០​មេ​ហ្គា​វ៉ា​ត់ វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​៣៣៨​មេ​ហ្គា​វ៉ា​ត់ វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​២៤៦​មេ​ហ្គា​វ៉ា​ត់ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​របស់​ក្រុមហ៊ុន Cambodian Energy Limited នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​កម្លាំង​១០០​មេ​ហ្គា​វ៉ា​ត់ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​របស់​ក្រុមហ៊ុន Cambodian International Inverstment (Ciidg) ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ចិន និង​អ្នក​វិនិយោគ​ក្នុងស្រុក​កម្លាំង​៤០៥​មេ​ហ្គា​វ៉ា​ត់ (២៧០​មេ​ហ្គា​វ៉ា​ត់ និង​១៣៥​មេ​ហ្គា​វ៉ា​ត់​) និង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​កម្លាំង​៤០០​មេ​ហ្គា​វ៉ា​ត់ ៕