កម្ពុជា លត់ប្រ៊ុយណេ ៦-១ ដើម្បីទទួលបានកាដូរួមគ្នាចំនួន៤២លានរៀល

ក្រុម​ជម្រើស​ជាតិកម្ពុជា ដែល​ធ្លាប់​តែ​ជួប​ការ​ខក​ចិត្ត​ក្នុង​ការ​ប្រកួតអន្តរជាតិ កន្លង​មក​​នោះ ​បាន​​លត់​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ ៦-១ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​កីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អង្គារ ដើម្បី​បង្កើត​នូវកំណត់​ត្រា​ដ៏ល្អ​បំផុត និង​​ថ្មី​សន្លាង​មួយ ហើយ​ការ​ខិតខំ​រួម​គ្នាបាន​យ៉ាង​ល្អ​​​នេះ ​​បាន​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ការឧបត្ថម្ភ​នូវ​ទឹក​ប្រាក់​ពី​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​សរុប​ចំនួន​៤២​លាន​រៀល។

បើ​ទោះ​បី​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​លើក​នេះ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​សមាជិក​​របស់​ក្រុម​បឹង​កេតអង្គរ ឲ្យ​ចូល​លេង ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នៅ​តែ​​បាន​បង្ហាញនូវ​​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ដើម្បី​បំពេញ​តាម​ការចង់​បាន​របស់អ្នក​ទស្សនា និង​ថ្នាក់​ដឹក​នាំ​ផង​ដែរ។
1
ការ​​ទាត់​ទម្លុះ​សំណាញ់​ទី​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Bin Ali Rahman របស់​ប្រ៊ុយណេ​នៅ​នាទីទី​១២ បានធ្វើ​ឲ្យ​​​អ្នក​ទស្សនា​ផ្ទាល់​មាន​កង្វល់​បន្តិច​បន្តួច​ផង​ដែរ ប៉ុន្តែ​ការ​រក្សា​លេង​បាន​យ៉ាង​ល្អ​របស់​កម្ពុជា បាន​ផ្តលើ​ឱកាស​ឲ្យ​ខ្សែ​ប្រយុទ្ធ​មុខ​ស្រស់ ប្រាក់ មុន្នីឧត្តម វាយ​បក​តាម​ស្មើ​វិញ នៅនាទីទី​២០ ហើយ​កីឡាករ​កូន​កាត់ខ្មែរ-បារាំង វ៉ា ខ្វីនទីន បាន​ថែម​១​គ្រាប់​ទៀត​នៅ​នាទីទី​៣០ មុន​ពេល ប្រាក់ មុន្នឧត្តម បាន​រក​ឃើញ​គ្រាប់​បាល់​ទី​២​របស់​គេ នៅនាទីទី​៤០ ដើម្បី​ជួយ​ឲ្យ​កម្ពុជា នាំ​មុខប្រ៊ុយណេ ៣-១ នៅ​ក្នុង​តង់​ទី​១។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​២ ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា នៅ​តែ​លេង​បាន​ល្អ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ភ្ញៀវ​ប្រ៊ុយណេ ហើយ​វា​ជា​ឱកាស​ដែល​ជួយ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ដ៏​លេច​ធ្លោរ​របស់​ភ្នំពេញ​ក្រោន កែវ សុខផេង រក​បាន​២​គ្រាប់​​តែ​ម្នាក់​ឯង​នៅនាទីទី​៥៤ និង​៦២ ផង​ដែរ រី​ឯ ​ខ្សែ​ការពារ សឿយ វិសាល បាន​បន្ថែម​១​គ្រាប់​ទៀត នៅ​នាទីបន្ថែម ៩០+២។
2
យ៉ាងណា​ក៏​ដោយ​លោក Lee Tae Hoon គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​លើក​សរសេរ​ខ្លាំង​ទៅ​ដល់​​កីឡាករ​កូន​កាត់-បារាំង ធារី ចន្ថាប៊ីន ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ជា​លើក​ដំបូង​​នេះ។ លោក Lee បាន​និយាយ​នៅ​ក្នុងសន្និសីទ​កាសែត ក្រោយ​ការ​ប្រកួត​ថា៖​«ធារី ពិត​ជា​លេង​បាន​ល្អ គឺ​គេ​បាន​លេង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ហេតុ​នេះ​បើ​សិន​​កីឡាករ​ទាំង​អស់​​លេង​​បាន​ល្អ​ដូច ​ធារី នោះ​យើង​ នឹង​ធ្វើ​ឲ្យ​​ក្រុម​របស់​យើង​​កាន់​តែ​ខ្លាំង»។
4
ចំណែក​លោក សៅ សុខា ប្រធាន​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​ ក៏​បាន​កើត​សរសើរ​ដល់​ការ​ខិតខំ​លេង​​របស់​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ ហើយ​លោក​ក៏​បាន​ផ្តល់​ទឹក​ប្រាក់​​ដល់​ក្រុម​ជម្រើស​ជាតិ​ទាំង​៤២​នាក់​ដែល​រួម​មាន​ប្រធាន​ប្រតិភូ អ្នក​ចាត់​ការ​ទូទៅ គ្រូ​បង្វឹក គ្រូ​ជំនួយ និង​គ្រូ​ពេទ្យ ដោយក្នុង​ម្នាក់ៗ​១​លាន​រៀល​ផង​ដែរ។
5
លោក សៅ សុខា បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​ជម្រើស​ជាតិ ក្រោយ​ការ​ប្រកួត​បាន​បញ្ចប់​ថា៖​«ប្រាក់​រង្វាន់​នេះ ​មិន​មែន​ផ្ដល់​​ដោយ​សារ​ការ​​ឈ្នះ​របស់​ក្រុម​ជម្រើស​ជាតិកម្ពុជា​ទៅ​លើ​ ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ​ ​មួយ​ប្រកួត​នេះ​ឡើយ ប៉ុន្តែ​ជា​ការ​​​​លើក​ទឹក​ចិត្ត​​​ដល់​​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ និង​លេង​អស់​ពី​សមត្ថភាព​គ្រប់​ការ​ប្រកួត​កន្លង​មក»៕