​គ្រូ​ប្រ៊ុយណេ​សរសើរ​កម្ពុជា​លេង​ល្អ តែ​មាន​ចំណុច​ខ្វះខាត​មួយ​កន្លែង

​គ្រូ​ប្រ៊ុយណេ​សរសើរ​កម្ពុជា​លេង​ល្អ តែ​មាន​ចំណុច​ខ្វះខាត​មួយ​កន្លែង

លោក Mike Wong គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ​បាន​និយាយ​សរសើរ​ការ​សហការ​គ្នា​របស់​កីឡាករ​កម្ពុជា​ក្នុង​ការ​ប្រកួត​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ប៉ុន្តែ​ទន្ទឹម​នឹង​ចំណុច​ល្អ​នេះ​ដែរ លោក​ក៏​បាន​ឃើញ​ភាព​អវិជ្ជមាន​មួយ​ដែរ​គឺ​តំបន់​ការពារ​របស់​កម្ពុជា​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ។

 

​គ្រូ​ប្រ៊ុយណេ​សរសើរ​កម្ពុជា​លេង​ល្អ តែ​មាន​ចំណុច​ខ្វះខាត​មួយ​កន្លែងលោក Mike Wong គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ

 

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​​​ក្រុម​​​ប្រ៊ុយណេ​​ដោយ​លទ្ធផល ៦-១ ​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដោយ​កីឡាករ ប្រាក់ មុន្នីឧត្តម​ ២​គ្រាប់ , កែវ សុខផេង ​២​គ្រាប់ ,  វ៉ា សុខថន រក​បាន​១​គ្រាប់​និង​ស៊ើយ វិសាល​មួយ​គ្រាប់។ ខណៈ​ដែល​១​គ្រាប់​របស់​ប្រ៊ុយណេ ​ធ្វើ​បាន​ដោយ​កីឡាករ ​Bin Ali Rahman ។

 

ក្នុង​សន្និសីទកាសែត​ក្រោយ​ចប់​ការ​ប្រកួត លោក Mike Wong ​បាន​បង្ហាញ​អារម្មណ៍​និង​អ្វី​ដែល​លោក​បាន​ឃើញ​ចំពោះ​ទម្រង់​លេង​របស់​កម្ពុជា​ថា៖ “កម្ពុជា​លេង​ល្អ បញ្ជូន​បាល់​ឱ្យ​គ្នា​ច្បាស់​ៗ។ ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​នេះ។ ចំណុច​ដែល​ខ្ញុំ​ឃើញ​ខ្វះ​ខាត​គឺ​ត្រង់​តំបន់​ការពារ​។ ដូច​ដែល​យើង​ឃើញ​ហើយ​ថា មួយ​គ្រាប់​ដំបូង​របស់​ប្រ៊ុយណេ​គឺ​បាន​មក​ពី​ការ​ធ្វេសប្រហែស​របស់​ខ្សែ​ការពារ​កម្ពុជា​ប៉ុណ្ណោះ”។

 

​គ្រូ​ប្រ៊ុយណេ​សរសើរ​កម្ពុជា​លេង​ល្អ តែ​មាន​ចំណុច​ខ្វះខាត​មួយ​កន្លែង

​កីឡាករ​កម្ពុជា

 

ចំពោះ​លទ្ធផល​ចាញ់​កម្ពុជា​ចាស់​ដៃ​នេះ​ដែរ គ្រូ​បង្វឹក​ខាង​លើ​បាន​និយាយ​ដែរ​ថា​លោក​មិន​សូវ​ជា​បារម្ភ​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​នេះ​ជា​ប្រកួត​មិត្តភាព ណាមួយ​ក្រុម​ប្រ៊ុយណេ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជ្រើសរើស​កីឡាករ​ក្មេង​ៗ ដើម្បី​ត្រៀម​យក​ទៅ​ហ្វឹកហាត់​បន្ថែម រង់ចាំ​ប្រកួត​ពាន​រង្វាន់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ប៉ុណ្ណោះ។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រ៊ុយណេ​ទើប​តែ​រីកចម្រើន​ត្រឹម​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដូច្នេះ​ចាញ់​ឬ​ឈ្នះ​គឺ​ជា​បទពិសោធន៍​សម្រាប់​កីឡាករ​ទាំង​អស់៕

 

​អត្ថបទ៖ មុន្នី រម្យ