NGO ស្វាគមន៍​ចំពោះ​ជន​ដៃដល់​៣នាក់​ប្រើ​ហិង្សា​លើ​អ្នកតំណាង​រាស្រ្ត​ចេញ​មុខ​សារភាព

ភ្នំពេញ៖ ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានអបអរសាទរ និងស្វាគមន៍ចំពោះគណៈ កម្មការស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្រ្តរបស់ក្រសួងមហាផ្ទៃដែលបានបង្កើតឡើង ធ្វើឲ្យជនដៃដល់៣នាក់ចេញមកសារភាពនូវទោសកំហុសខ្លួន។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានមានប្រសាសន៍ថា ចំពោះករណីនេះ មិនទាន់បានជោគជ័យទាំងស្រុងនោះទេ ត្រូវនៅតាមដានបន្តទៀត ព្រោះនេះគ្រាន់តែជាជំហានដំបូង ប៉ុន្តែទោះបីជាយ៉ាងណាលោកស្វាគមន៍។

លោកបញ្ជាក់ថា “អ្វីដែលយើងចង់ដឹងគឺការសារភាពអ្វីផ្សេងៗហើយថាអ្នកណាមានការជាប់ពាក់ព័ន្ធ ហើយមានមូលហេតុអ្វីដែលពួកគាត់(ជនដៃដល់៣នាក់)ធ្វើចឹង” ។

សូមបញ្ជាក់ថា ជនដៃដល់ ដែលបង្ករបួសស្នាម ដល់អ្នកតំណាងរាស្រ្ត CNRP បានចេញមកសារភាពនៅចំពោះមុខ គណៈកម្មការ ស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្រ្ត របស់ក្រសួងនៅវេលាម៉ោង ១៦ និង ៣០នាទី ល្ងាចថ្ងៃទី៣ វិច្ឆិកា ៕