សាលាឧទ្ធរណ៍ បដិសេធជាថ្មី លើបណ្តឹង សុំនៅក្រៅឃុំ របស់ លោក ហុង សុខហួរ

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបដិសេធជាថ្មីម្តងទៀត ចំពោះសំណើ សុំនៅក្រៅឃុំ របស់លោក ហុង សុខហួរ ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ។

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ តុលាការឧទ្ធរណ៍ បានបើកសវនការ លើបណ្តឹងសុំនៅក្រៅឃុំរបស់ លោក ហុង សុខហួរ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ក្លែង ក្លាយនៅលើបណ្តាញសង្គម ។ ប៉ុន្តែសវនាការនៅព្រឹកមិញនេះ មិនមានវត្តមានរបស់លោក ហុង សុខហួរ នោះទេ មានត្រឹមតែមេធាវីការពារក្តីតែប៉ុណ្ណោះ ។

លោក ជួង ជូងី មេធាវីការពារក្តី ឱ្យលោក ហុង សុខហួរ បានឱ្យដឹងថា សាលាឧទ្ធរណ៍បានសម្រេចបដិសេធ ចំពោះបណ្តឹងសុំនៅក្រៅឃុំ របស់សាលាឧទ្ធរណ៍។ លោកចាត់ទុកថា ការសម្រេចនេះមានភាពអយុត្តិធម៌ណាស់ សម្រាប់លោក ហុង សុខហួរ ដែលកំពុងជាប់ពន្ធនាគារ រយៈពេល៣ខែមកនេះ ។ ទោះជាយ៉ាងនេះក្តី លោកថា លោកនឹងពិភាក្សាមួយលោក ហុង សុខហួរ ដើម្បីប្តឹងសារទុក្ខ ទៅតុលាការកំពូល ក្នុងពេលខាងមុខនេះ ។

សូមបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ ពីលោកបង្ហោះ និងធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម នៅលើ Facebook របស់លោក សម រង្ស៊ី ។ លោកត្រូវតុលាការឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ចំនួន ៣ករណីរួមមាន ៖ បទក្លែង ឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទង នឹងផែនទី និងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ៕