បទអត្ថាធិប្បាយ ៖ តើការដកតំណែង ឯកឧត្តម កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា អនុវត្តត្រឹមត្រូវ តាមស្មារតី រដ្ឋធម្មនុញ្ញដែរឬទេ?

បន្ទាប់ពីមានការបោះឆ្នោត ដកតំណែង ឯកឧត្ដម កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា ដោយសម្លេង ភាគច្រើនដាច់ខាត របស់សមាជិកសភារួចមក គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដោយបក ស្រាយភូតកុហក បំផ្លើស និងប្រាសចាកពីការពិតទាំងស្រុង ដែលអាចនាំឲ្យ មានការភ័ន្តច្រឡំពី សាធារណមតិជាតិ និងអន្តរជាតិ ក្នុងគោលបំណងកេងចំណេញ នយោបាយប្រកប ដោយគ្រោះថ្នាក់បំផុត។ សេចក្ដីថ្លែងការណ៍នេះ បានចោទប្រកាន់ថា ការដកតំណែងនេះ គឺជាការរំលោភលើ រដ្ឋធម្មនុញ្ញ ដោយ ផ្អែកលើមាត្រា៨៧ និងជាការរំលោភលើ កិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរ។

ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់របស់គណបក្សសង្គ្រោះជាតិនេះ តម្រូវឲ្យមានការបកស្រាយ ជូនសាធារណមតិជាតិ និងអន្តរជាតិ អំពីការអនុវត្តនីតិវិធីក្នុងការដកតំណែងនេះ ដើម្បីបញ្ចៀសនូវការចាញ់ ឧបាយកលភូតកុហករបស់គណបក្សប្រឆាំង។

ដើម្បីយល់ការពិតអំពីគោលការណ៍ច្បាប់ ពាក់ព័ន្ធនឹងការដកតំណែងឯកឧត្ដម កឹម សុខា យើងគប្បីស្វែង យល់មាត្រា៣៥ និងមាត្រា៧៧នៃរដ្ឋធម្មនុញ្ញ។ មាត្រា៣៥ចែងថា «... សេចក្ដីស្នើទាំងឡាយ របស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។ នេះបានន័យថា រដ្ឋសភាគឺជាអង្គការរដ្ឋ ជាន់ខ្ពស់បំផុត។ ដូច្នេះ ក្នុងករណីមានញត្តិពីប្រជាពលរដ្ឋ រដ្ឋសភាត្រូវយកចិត្តទុកដាក់ពិនិត្យ និងដោះ ស្រាយ ។ មាត្រា៧៧ចែងថា រាល់អាណត្តិអាជ្ញាបញ្ជាលើរដ្ឋសភាដែលជាអង្គការកំពូលរបស់រដ្ឋ ត្រូវចាត់ទុកជាមោឃៈ។ នេះបានន័យថា គ្មានជនណា ឬស្ថាប័នណាមានសិទ្ធិដាក់អាណត្តិអាជ្ញាបញ្ជាលើរដ្ឋសភាឡើយ ដូច្នេះញត្តិរបស់ ប្រជាពលរដ្ឋមិនមានលក្ខណៈជាអាណត្តិអាជ្ញាបញ្ជា ឬជាញត្តិដែលត្រូវតែគោរពអនុវត្តន៍តាមនោះទេ។

សូមបញ្ជាក់ថា ការដកតំណែងរបស់ឯកឧត្ដម កឹម សុខា គឺ «មិនមែនដោយសារការអនុម័តញត្តិ» ដូចដែល សេចក្ដី ថ្លែងការណ៍ដ៏ខុសឆ្គងរបស់គណបក្សសង្គ្រោះជាតិបានចោទប្រកាន់នោះទេ ប៉ុន្តែគឺតាមរយៈលទ្ធផល នៃការបោះឆ្នោត ព្រោះថា បើសិនជាលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ គ្មាន សម្លេងស្មើ ឬលើសពី៥០ភាគរយ បូក១នោះទេ នោះឯកឧត្តម កឹម សុខា ក៏មិនត្រូវបានដកពីតំណែង អនុប្រធានទី១នៃរដ្ឋសភាដែរ។

ក្នុងករណីដកតំណែងនេះ គោលការណ៍ច្បាប់ធំ និងសំខាន់ពីរត្រូវបានពិនិត្យ និងសិក្សាលម្អិត។ ទី១. រដ្ឋធម្មនុញ្ញ ឬបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពុំមានចែងអំពីរបៀប នៃការដកតំណែងអនុប្រធានរដ្ឋសភាទេ ប៉ុន្តែក៏មិនមានមាត្រា ណាមួយ ដែលហាមឃាត់មិនឲ្យដកអនុប្រធានរដ្ឋសភាដែរ ហើយការផ្លាស់ប្តូរថ្នាក់ដឹកនាំរដ្ឋសភានេះ ក៏មិនមែនទើបនឹងកើតឡើងជាលើកទី១នោះដែរ។ នេះជាគោលការណ៍ le silence vaut l’acceptation ដែលមានន័យថា ក្នុងករណីដែលច្បាប់ពុំមានចែង នោះមិនមែនមានន័យថាជាការហាមឃាត់ទេ។ ទី២. រដ្ឋធម្មនុញ្ញ ឬបទបញ្ជាផ្ទៃក្នុងរដ្ឋសភាមានចែងអំពីការ ជ្រើសតាំងអនុប្រធាន នៃរដ្ឋសភាដោយសម្លេង ភាគច្រើនដាច់ខាត។ ដូច្នេះ គេអាចប្រើប្រាស់គោលការណ៍ទូទៅនៃច្បាប់បាន (Principes généreaux du droit) ដែលនៅត្រង់ចំណុចនេះ គឺគេអនុវត្តន៍គោលការណ៍ភាពស្របគ្នានៃទម្រង់ច្បាប់ (Principe du parallélisme des forms) ដែលបានន័យថា បើតែងតាំងតាមវិធីណា នោះក៏អាចត្រូវដកពីតំណែង តាមវិធីនោះវិញបានដែរ ឬក៏អាចនិយាយបែបសាមញ្ញថា «មកតាមផ្លូវណា ទៅវិញតាមផ្លូវនោះ»។ ដោយ អនុវត្តន៍តាមគោលការណ៍ច្បាប់នេះ ឯកឧត្ដម កឹម សុខា ត្រូវបានជ្រើសតាំងដោយប្រើរូប មន្តសម្លេង ៥០ភាគរយបូក១ ដើម្បីឡើងកាន់តំណែងជាអនុប្រធានទី១នៃរដ្ឋសភាកាលពីឆ្នាំ២០១៤ ហើយនៅពេលនេះ ត្រូវបានដកពីតំណែងដោយសាររូបមន្ត៥០ភាគរយបូក១ដដែលនេះដែរ។ ដូច្នេះ ការដកតំណែងឯកឧត្ដម កឹម សុខា គឺជាការអនុវត្តដ៏ត្រឹមត្រូវតាមស្មារតីច្បាប់ និងរដ្ឋធម្មនុញ្ញជាធរមាន។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សសង្រ្គោះជាតិក៏បានធ្វើការចោទប្រកាន់ផងដែរថា គណបក្សកាន់អំណាចរំលោភលើកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរចំនួន៦រូប កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ដែលចែងថា អនុប្រធានទី១ នៃរដ្ឋសភា គឺមកពីគណបក្ស សង្គ្រោះជាតិ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងដោយគ្មានមូលដ្នាន និងជាចេតនាទុច្ចរិតដ៏គួរឲ្យស្អប់ខ្ពើម បំផុត ព្រោះថា ក្រោយពីឯកឧត្តម កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងពីអនុប្រធានទី១ នៃរដ្ឋសភា រួច រដ្ឋសភាក៏បានស្នើឲ្យគណបក្សសង្គ្រោះជាតិបញ្ជូនបេក្ខភាពថ្មីមករដ្ឋសភា ដើម្បី ធ្វើការបោះឆ្នោតជ្រើស តាំងជាថ្មី ប៉ុន្តែការសម្រេចបញ្ជូន ឬមិនបញ្ជូនបេក្ខភាពថ្មីមកជំនួស គឺជាសិទ្ធិរបស់គណបក្សសង្រ្គោះជាតិ។ ដូច្នេះ ការដកតំណែងរបស់ឯកឧត្ដម កឹម សុខា គឺពុំមែនជាការរំលោភលើកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរនោះទេ។

ក្រោយពីឯកឧត្ដម កឹម សុខា ត្រូវបានបោះឆ្នោតដកតំណែង យើងទាំងអស់គ្នាគប្បីស្វែងយល់ផងដែរថា ហេតុ ដូចម្ដេចបានជានាំឲ្យមានការបោះឆ្នោតដកតំណែងនេះ? តើឯកឧត្ដម កឹម សុខា បានប្រព្រឹត្តខុសឆ្គង ប្រាសចាក ពីតួនាទីភារកិច្ចរបស់ខ្លួនអ្វីខ្លះ ដែលជាហេតុបណ្ដាលឲ្យមានការស្នើសុំឲ្យដកតំណែងនេះ?

ដើម្បីឆ្លើយតបនឹងសំណួរនេះ យើងខ្ញុំសូមរំលឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មដោយសន្តិវិធី និងកាន់បដាតវ៉ានៅមុខរដ្ឋសភា ព្រមទាំងបានដាក់ញត្តិជាផ្លូវការជូនរដ្ឋសភា ហើយជាបន្តបន្ទាប់រដ្ឋសភា បានទទួលញាត្តិពីតំណាងប្រជាពលរដ្ឋ ជាច្រើនម៉ឺននាក់នៅតាមបណ្ដាខេត្ត ទាមទារឲ្យឯកឧត្ដម កឹម សុខា ចុះចេញពីតំណែង។

ពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី២៨ ខែតុលា តំណាងរាស្ត្រចំនួន៦៣រូប បានដាក់ញត្តិគោរពជូនគណៈ កម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា និងសម្ដេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា ស្នើសុំឲ្យមានការបោះឆ្នោត បញ្ចេញមតិ អំពីតួនាទីអនុប្រធានទី១នៃរដ្ឋសភារបស់ឯកឧត្តម កឹម សុខា។

តាមរយៈញាត្តិនេះ ក្រុមអ្នកតំណាងរាស្រ្តបានអះអាងថា ឯកឧត្ដម កឹម សុខា បានប្រព្រឹត្តផ្ទុយ និងរំលោភ លើបទបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ។ ញត្តិនេះបានបន្ថែមផងដែរថា ឯកឧត្ដម កឹម សុខា បានប្រើសម្ដីវាយប្រហារ និងជេរប្រមាថជាបន្តបន្ទាប់ មកលើ គណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្ទុយពីគោលការណ៍នៃវប្បធម៌សន្ទនា និងបាន ញុះញង់ ដុតបញ្ឆេះកំហឹងជាតិសាសន៍ បង្កឲ្យមានចលាចល អស្ថិរភាពក្នុងសង្គមជាតិ។ល។ ដែលទង្វើទាំងអស់នេះ មិនសក្ដិសមជាថ្នាក់ដឹកនាំកំពូលនៃប្រទេសឡើយ។

នៅថ្ងៃទី៣០ ខែតុលា ជាការឆ្លើយតបទៅនឹងទង្វើដែលឯកឧត្ដម កឹម សុខា បានប្រព្រឹត្ត សមាជិកសភាលើស ពី៥០ភាគរយបូក១ គឺចំនួន៦៨ លើ៦៨ បានសម្រេចជាឯកច្ឆន្ទបោះឆ្នោតទម្លាក់ ឯកឧត្ដម កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា តាមសំណើរបស់ក្រុមអ្នកតំណាងរាស្ត្រចំនួន៦៣រូប នៃគណបក្សប្រជាជនកម្ពុជា។

សរុបសេចក្តីមក ការបោះឆ្នោតដកឯកឧត្តម កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា ត្រូវបានធ្វើ ឡើងយ៉ាងត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ ដោយគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងមិនបានរំលោភលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សទាំងពីរទេ ដែលផ្ទុយគ្នាទាំងស្រុងពីការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ក្នុងចេតនាមួលបង្កាច់ បំភ្លៃការពិតរបស់គណបក្សសង្រ្គោះជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្បាលម៉ាស៊ីនព័ត៌មានមួយចំនួន។ ការអនុវត្តច្បាប់យ៉ាងច្បាស់លាស់ និងការប្រើប្រាស់ច្បាប់យ៉ាងត្រឹមត្រូវ មិនមែនជាការគម្រាមកំហែង បំបិទសិទ្ធិសេរីភាពនោះទេ ប៉ុន្តែ គឺជាគោលការណ៍ចម្បងក្នុងការពង្រឹងនីតិរដ្ឋដែលជាមូលដ្ឋានដ៏សំខាន់បំផុត នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ៕ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី