ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ សម្រេច​មិន​ព្រម​ឲ្យ​លោក​ហុង​សុខ​ហួរ នៅក្រៅ​ឃុំ​ទេ

ភ្នំពេញ: ​បន្ទាប់ពី​សវនាការ​អស់​ជាច្រើន​ម៉ោង ដោយគ្មានវត្តមានរបស់ជនជាប់ចោទរួចមក នៅ​ព្រឹក​​ថ្ងៃទី​​៤​​វិច្ឆិកា​នេះចៅ​ក្រម​​តុលាការ សាលាឧទ្ធរណ៍ បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី នៅក្រៅ​ឃុំ តាម​ការ​ស្នើ​សុំ​របស់​មេ​ធា​វី​នោះទេ​។ មេធាវី​ការពារ​​លោក​​ហុង​​សុខ​​ហួរ បាន​ត្រៀម​លុយ​ដាក់​ធានា ចំនួន ២០ លាន​រៀល​។

​ការសម្រេច​របស់​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍​ខាងលើនេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។ លោក ជូ​ង ជូ​ងី មេធាវី​ការពារ​លោក ហុង សុខ​ហូរ បាន​ឲ្យ​ដឹងថា លោក​នឹង​ជួបពិភាក្សា​ជាមួយ​កូនក្តី​លោក​ថា តើ​សម្រេច​ប្តឹង​សាទុក្ខ ទៅ​តុលាការ​កំពូល ឬ​មិន​ប្តឹង​?​។​

​លោក​ហុង​សុខ​ហួរ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ពីបទ​ចោទប្រកាន់​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​ក្លែងក្លាយ តាម​ហ្វេ​ស​ប៊ុ​ក​។ កាលពីដើម​ខែតុលា ឆ្នាំ​២០១៥ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​ចោទប្រកាន់​លោក​ហុង​សុខ​ហួរ​។ ចៅក្រម ក៏បាន​សម្រេច​ចាត់​របៀប ដោយ​បង្វិល​សំណុំរឿង​ក្តី​នោះ ទៅ​ចៅក្រម​ស៊ើបអង្កេត ដើម្បី​ស្រាវជ្រាវ ស៊ើបសួរ​សំណុំ​រឿងក្តី​នោះ​ឡើងវិញ​។​

​តុលាការ បាន​ចោទប្រកាន់​លោក ហុង សុខ​ហួរ នូវ​បទល្មើស​ចំនួន ៣ ករណី រួមមាន​៖ បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​៕​