រយៈពេល​10​ខែ​ឆ្នាំ​2015 ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​កើន​2,05%

រាជធានី​ភ្នំពេញ ៖ រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​១.៦៧៧.៣៥២​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​២,០៥% ។ រីឯ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៥​នេះ មាន​ចំនួន​៤៦.៦៨១.០៨០​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ប្រមាណ​០,៦២% ធៀប​នឹង​ឆ្នាំ​២០១៤​។ នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​កាលពី​ម្សិលមិញ ។

តាម​របាយការណ៍​ឱ្យ​ដឹង​ដែរ​ថា សម្រាប់​ខែតុលា ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​១៥៣.៣០៨​នាក់ ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៤ មាន​កំណើន​៤,០៩% ។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ជូន​ជនបរទេស​ចូល​ទស្សនា​អង្គរ ក្នុង​ខែតុលា ឆ្នាំ​២០១៥ មាន​ចំនួន​៤.៣៨១.០៤០​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​៤,៥៣% ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៤  ។

តាម​តារាង​ត្រួតពិនិត្យ​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឃើញ​ថា ប្រភេទ​ប័ណ្ណ​ដែល​លក់​ជូន​ជនបរទេស មាន​តម្លៃ​២០​ដុល្លារ​អា​មេ​រិ​ក ៤០​ដុល្លារ​អា​មេ​រិ​ក និង​៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់​។ នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៥ ប្រភេទ​ប័ណ្ណ​ដែល​ជនបរទេស​ទិញ​ច្រើន​ជាងគេ​នោះ គឺ​២០​ដុល្លារ ដែល​ចំនួន​រហូត​ទៅ​ដល់​៨៨.៧១២​ប័ណ្ណ និង​មាន​ទឹកប្រាក់​សរុប​១.៧៧៤.២៤០​ដុល្លារ​អា​មេ​រិ​ក ។ ចំពោះ​ប្រភេទ​ប័ណ្ណ​តម្លៃ​៤០​ដុល្លារ​អា​មេ​រិ​ក​ចំនួន​៦៣.៤៤៨​ប័ណ្ណ និង​មាន​ទឹកប្រាក់​សរុប​ចំនួន​២.៥៣៧.៩២០​ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់​ប្រភេទ​ប័ណ្ណ​៦០​ដុល្លារ​វិញ មាន​ចំនួន​តែ​១.១៤០​ប័ណ្ណ​ប៉ុណ្ណោះ និង​មាន​ទឹកប្រាក់​សរុប​ចំនួន​៦៨.៨៨០​ដុល្លារ​អា​មេ​រិ​ក ។

តាម​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​សរុប​ចំនួន​៣.៧៩៥.៤៦៦​នាក់ កើន​១២,១៧% ធៀប​នឹង​រយៈ​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ចំនួន​១.៥៤៦.៩២៦​នាក់ ថយ​ចុះ​១១,១៥% ភ្ញៀវ​ជាតិ​មាន​ចំនួន​២.២៤៩.៥៤០​នាក់ កើនឡើង​១៣,៩៣%  ។ ដោយឡែក ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ច្រើន​ជាងគេ គឺ​ក្នុង​អំឡុង​ខែវិច្ឆិកា ដល់​ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ ៕