​ដើមបណ្តឹង​ចូល​បំភ្លឺរឿង​ក្តី​សុំ​ផ្អាក​សកម្មភាព​គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ​

រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​បណ្ឌិត ហ៊ា​ង រិ​ទ្ធី អនុប្រធាន​គណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងមន្ត្រី​៣​រូប​ទៀត ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញចេញ​ដីកាកោះឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ វិច្ឆិកា ​២០១៥ ជុំវិញ​បណ្តឹងសុំ​ផ្អាក​សកម្មភាព​គណបក្ស​នេះ ។

មន្ត្រីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ «​គ​.​ស​.​ស​.​ប​» ចំនួន៤រូបបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានី​ភ្នំពេញ ដើម្បី​សុំ​ដីកា​សម្រេច​រក្សា​ការពារ​ផ្អាក​សកម្មភាពគណបក្សសំបុកឃ្មុំសង្គម ប្រជា​ធិបតេយ្យជា​បណ្តោះអាសន្នដើម្បី​រង់ចាំ​តុលាការ​សម្រេច​ដល់​អង្គសេចក្តី ។

បណ្តឹង​អង្គសេចក្តី​របស់​មន្ត្រី​ទាំង​៤​រូប​នេះ បាន​ស្នើសុំ​ឲ្យរំលាយគណបក្សនេះចោល ដោយចោទប្រកាន់លោក ម៉​ម សូណ​ង់​ដូ ប្រធានគណបក្សនេះ ថា ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ជាមនុស្សគ្មានសីលធម៌ បោកប្រាស់ប្រជាពលរដ្ឋ ។

រហូត​មក​ទល់​ពេល​នេះ បណ្តឹង​ទាំង​ពីរ​នេះ តុលាការ​ពុំ​ទាន់​ចាត់ការ​នៅឡើយ​ទេ ។ លោក​បណ្ឌិត ហ៊ា​ង រិ​ទ្ធី អាយុ​៥៦​ឆ្នាំ អនុប្រធាន «​គ​.​ស​.​ស​.​ប​» បានឲ្យដឹងថា មូលហេតុដែលក្រុមលោកសម្រេចដាក់ពាក្យប្តឹង ទៅកាន់តុលាការសុំ​ឲ្យរំលាយគណបក្សនេះចោល គឺដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋខ្មែរបន្តចាញ់បោកលោក ម៉​ម សូណ​ង់​ដូ នេះ តទៅទៀត​។

មន្ត្រី «​គ​.​ស​.​ស​.​ប​» ៣នាក់ផ្សេងទៀតដែលបានចូលរួមដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានី កាលពីពេលថ្មី​ៗនេះ មានលោក ញ៉ែ​ម វណ្ណ​ថន អាយុ៥៨ឆ្នាំ ជាអគ្គលេខាធិការ លោក ហ៊ា​ង គឹ​ម​ស្រឿ​ន អាយុ៤២ អគ្គលេខាធិការ​រង និងលោក ស្រី អ៊ូ ចន្ទ​ផល្លា អាយុ២៧ឆ្នាំ អគ្គហិរញ្ញិក​រង​៕