វង់ល្បែង​កើត​មាន​ដូច​ផ្សិត​នៅ​កោះ​រកា សមត្ថកិច្ច​សម្ងំ​ដេក​លក់​ធ្វើ​មិនដឹង

ខេត្ត​ព្រៃវែង ៖ នៅ​តាម​បណ្តោយ​ដងផ្លូវ​ចាប់ពី​ចំណុច​ខាង​មុខ​សាលាឃុំ​កោះ​រកា រហូត​ទៅ​ដល់មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះ​រកា ស្ថិត​ក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង ក្នុង​ចំងាយ​ផ្លូវ​តែ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរទាំងប្រុស​ ទាំងស្រី ទាំងចាស់ ទាំងក្មេង កំពុង​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេងរហូត​ដល់​ទៅ​១៧​កន្លែង ដែល​កន្លែង​ខ្លះ​២​វង់ និង​កន្លែង​ខ្លះ​៣​វង់​ក៏​មាន ប៉ុន្តែ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណាមាន​វិធានការ​បង្ក្រាប​នោះ​ទេ​។

ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ពួក​គាត់​គ្រាន់តែ​លេង​តិច​ៗ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ គឺ​មិន​បាន​លេង​ធំដុំ​អ្វី​ទេ ហើយ​សមត្ថកិច្ច​ក៏​មិនបាន​ហាមឃាត់​អ្វី​ដែរ​។ ពួក​គាត់​បាន​បញ្ជាក់​ថា ពី​មុន​អ្នក​ភូមិ​របស់​ពួក​គាត់​មិន​ដែល​ប្រជុំ​គ្នា​លេងល្បែង​បែប​នេះ​ទេ គឺ​លេង​តិចតួច​តែ​ពេល​រដូវ​បុណ្យ​ទាន ដូច​ជា​ពេល​ចូល​ឆ្នាំ​ជាដើម ព្រោះ​រវល់​ការងារ​ធ្វើស្រែ​ចំការ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រែ​ចំការ​របស់​ពួក​គាត់​ធ្វើ​មិនសូវ​បាន​ផល​សោះ​ ហើយ​ពិបាក​រក​ទីផ្សារ​ទៀត រហូត​ពេល​ខ្លះ​ខំ​ធ្វើ​បាន​ផល​ហើយ យក​ទៅ​លក់​ទូទាត់​ចុះឡើង​មិន​បាន​ចំណេញ​បែរជា​ចូល​ដើម​ក៏​មាន ដូច្នេះ​ហើយ​ទើប​ពួក​គាត់​នាំ​គ្នា​ឈប់​ធ្វើ​ហើយ​នាំ​គ្នា​ជួល​ដី​ឱ្យ​យួន​ធ្វើ​វិញ មិនបាច់​ហត់​មិនបាច់​ភ័យ​ព្រួយ​រឿង​ខាត​ចំណេញ ដឹង​តែ​បាន​លុយ​១​ឆ្នាំ​៤០០​ទៅ​៥០០​ដុល្លារ​ស្រួល​ៗ​។

ប៉ុន្តែ​ក្រោយ​ពេល​ជួល​ដីឱ្យគេ​អស់ អត់​បាន​ធ្វើស្រែ​ចំការ មុខរបរ​អ្វី​ផ្សេង​ក៏​គ្មាន ធ្វើ​ឱ្យ​ពួក​គាត់​ទំនេរ មួយ​ថ្ងៃ​ៗ​ដើរទៅ​លេង​ផ្ទះ​អ្នក​នេះ​ ផ្ទះ​អ្នក​នោះ ជំនុំ​គ្នា​ពី​នេះ​ពី​នោះ​យូរ​ៗ​ទៅ​អផ្សុក​ទៅ​ៗ​ក៏​បែកគំនិត​នាំ​គ្នា​អង្គុយ​លេង​ឡូ​តូ លេងបៀរ​កែ​អផ្សុក​តែ​ម្តង​ទៅ ប៉ុន្តែ​លេង​ដាក់​លុយ​តិចតួច​ប៉ុណ្ណោះ គឺ​១​ពាន់​២​ពាន់​រៀល​ប៉ុណ្ណឹង​ឯង​។

ចំពោះ​ករណី​នេះ លោក​អធិការ​នគរបាល​ស្រុក​ពាម​ជរ បានឱ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា កន្លងមក​លោក​ធ្លាប់​ហៅ​មេ​ប៉ុស្តិ៍​កោះរ​កា​មក​ព្រមាន​ចំនួន​២​ដង​រួច​មក​ហើយ ចំពោះ​ការ​បណ្តែតបណ្តោយ​ឱ្យ​មានការ​លេងល្បែង​ស៊ីសង​នៅ​ក្នុង​មូលដ្ឋាន​បែប​នេះ តែបើ​លោក​មេ​ប៉ុ​ស្តិ៍នៅ​តែ​មិន​អាច​លុប​បំបាត់​បាន​បែប​នេះ លោក​មាន​តែ​ប្រើ​វិធានការ​រដ្ឋបាល​ហើយ​។

លោក សៅ ប្រសិទ្ធ អភិបាលស្រុក​ពាម​ជរ​បានឱ្យដឹង​ថា ចំពោះ​រឿង​អ្នកស្រុក​នាំ​គ្នា​លេងល្បែង​ស៊ីសង​គគ្រឹកគគ្រេង​បែប​នេះ លោក​មិន​បានដឹង​នោះ​ទេ ហើយ​លោក​នឹង​បញ្ជាឱ្យលោក​អធិការ​ស្រុក​ចុះ​ទៅ​បង្ក្រាប​មិន​ឱ្យមាន​លេង​តទៅ​ទៀត​ឡើយ​។ ចំណែក​រឿង​ដែល​អ្នកស្រុក​ជួល​ដី​ឱ្យវៀតណាម​នោះ លោក​បាន​ដាក់​ផែនការ​ឱ្យ​មេឃុំ​ចុះ​ទៅ​ធ្វើ​ជំរឿន​ស្រង់​ស្ថិតិ​ហើយ ដើម្បី​រាយ​ការ​ណ៍​ជូន​អភិបាលខេត្ត​មាន​វិធានការ​បន្ត​៕

វង់ល្បែង​កើត​មាន​ដូច​ផ្សិត​នៅ​កោះ​រកា សមត្ថកិច្ច​សម្ងំ​ដេក​លក់​ធ្វើ​មិនដឹង
វង់ល្បែង​កើត​មាន​ដូច​ផ្សិត​នៅ​កោះ​រកា សមត្ថកិច្ច​សម្ងំ​ដេក​លក់​ធ្វើ​មិនដឹង
វង់ល្បែង​កើត​មាន​ដូច​ផ្សិត​នៅ​កោះ​រកា សមត្ថកិច្ច​សម្ងំ​ដេក​លក់​ធ្វើ​មិនដឹង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត