ម៉ា​ឡេ​ស៊ី​រៀបចំ​វេទិកា​សេដ្ឋកិច្ច​អ៊ិ​ស្លា​ម​ពិភពលោក​លើក​ទី​11​របស់​ខ្លួន

គូ​ឡា​ឡាំ​ពួ​, ប្រទេស​ម៉ា​ឡេ​ស៊ី ៖ វេទិកា​សេដ្ឋកិច្ច​អ៊ិ​ស្លា​ម​ពិភពលោក​លើក​ទី​១១ បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ស្តី​ពី «​ការ​ធ្វើ​ឲ្យ​ងើបឡើង​វិញ​នូវ​តុល្យភាព​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​» ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ វិច្ឆិកា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។

គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​២​រូប គឺ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នោះ​ដែរ ។

វេទិកា​នេះ​នឹង​លើក​ឡើង​នូវ​ប្រធានបទ​ក្នុង​ពិភព​អ៊ិ​ស្លា​ម​រួម​មាន ហិរញ្ញវត្ថុ​អ៊ិ​ស្លា​ម ឧស្សាហកម្ម​ហា​ឡា​ល់ បច្ចេកវិទ្យា​បៃតង ការ​អប់រំ ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​និង​ការ​អភិវឌ្ឍ ស្ត្រី​និង​ការ​អភិវឌ្ឍ យុវជន​និង​សិល្បៈ​ច្នៃប្រឌិត ក្នុង​គោលបំណង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អ៊ិ​ស្លា​ម ។ នេះ​ជា​ការ​ប្រជុំ​មេដឹកនាំ​ពិភពលោក តំណាង​រដ្ឋាភិបាល សេដ្ឋវិទូ សាកលវិទ្យាល័យ និង​សហគមន៍​អាជីវកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ។

វេទិកា​នេះ​បាន​ជំរុញ​នូវ​តម្លៃ​ជំនួញ​ឆ្លងកាត់​ព្រំដែន និង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច ដោយ​ផ្តល់​វេទិកា​អន្ដរជាតិ​សម្រាប់​រដ្ឋាភិបាល និង​ក្រុម​អ្នកជំនួញ​ដើម្បី​បង្ហាញ​គំនិត​របស់​ខ្លួន ការ​អូស​ទាញ​ការ​គាំទ្រ ការ​សហការ​គ្នា និង​ដើម្បី​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ ។ ជា​ពិសេស បង្កើត​ឱ្យ​មាន​កំណើន​នៃ​របៀបវារៈ​សេដ្ឋកិច្ច​សាកល បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ នា​ឆ្នាំ​២០០៨ កន្លង​មក ។

លោកស្រី Jasmine Guo មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ក្នុង​វេទិកា បាន​មាន​ប្រសាសន៍​ថា  វេទិកា​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​៣.០៦៩​នាក់​រួម​មាន មេដឹកនាំ​សាកល រដ្ឋមន្ត្រី វាគ្មិន គណៈប្រតិភូ​តាំងពិព័រណ៍ និង​វិចិត្រករ​មក​ពី​ប្រទេស​ចំនួន​៩៨ នៅ​ទូ​ទាំង​៥​ទ្វីប  ។

បណ្តា​ប្រទេស​កាន់តែ​ច្រើន អ៊ិ​ស្លា​ម និង​មិនមែន​អ៊ិ​ស្លា​ម ត្រូវ​បាន​គេ​ស្វែងរក​គំរូ​សេដ្ឋកិច្ច​មួយ​ដែល​កាន់តែ​ប្រកបដោយ​សមភាព និង​ចីរភាព ។ គំនិត​នៃ​សេដ្ឋកិច្ច​របស់​អ៊ិ​ស្លា​ម​ត្រូវ​ទទួល​ការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើងជា​សាកល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។ គេ​បាន​បង្ហាញ​ដល់​ពិភពលោក​ថា សេដ្ឋកិច្ច​អ៊ិ​ស្លា​ម​មាន​សក្តានុពល​យ៉ាង​ធំធេង​ដើម្បី​ទទួល​បាន​សន្តិភាព និង​ភាព​រុងរឿង​តាម​គោល​ការ​មូលដ្ឋាន​របស់​ខ្លួន ។

នៅ​ក្នុង​វេទិកា​នេះ គណៈប្រតិភូ​ដែល​ធំ​ជាងគេ​បំផុត​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បង់​ក្លា​ដែ​ស ចក្រភព​អង់គ្លេស ឥណ្ឌូ​ណេ​ស៊ី និង​សិង្ហ​បុរី ។ ក្នុង​ចំណោម​ប្រទេស​ដែល​ចូលរួម​ចំនួន​៩៨ មាន​ប្រមាណ​៥០​ប្រទេស​មិនមែន​ជា​អ៊ិ​ស្លា​ម ។

គួរ​បញ្ជាក់​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អិុស្លា​ម​នេះ គឺ​ការ​ប្រមូលផ្តុំ​ជា​លក្ខណៈ​អន្តរជាតិ​ធំ​បំផុត​នៃ​ប្រមុខ​រដ្ឋាភិបាល អ្នកជំនាញ​សេដ្ឋកិច្ច និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​អំពី​សេដ្ឋកិច្ច​អ៊​៊ិ​ស្លា​ម ចាប់តាំងពី​ការ​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០០៥  ៕