ម្ចាស់​បទ “អូន​អ៊ូក” តាំង​ពី​​ដើរ​ទួល​នំ​លក់​រហូត​​​ក្លាយ​អ្នក​និពន្ធ​បទ​ Original


ម្ចាស់​បទ “អូន​អ៊ូក” តាំង​ពី​​ដើរ​ទួល​នំ​លក់​រហូត​​​ក្លាយ​អ្នក​និពន្ធ​បទ​ Original

ម្ចាស់​បទ ​”អូន​អ៊ូក​”​ សីហា ហា​ បាន​វិវិត្ត​ន៍​ខ្លួន​តាំង​ពី​​​ជួយ​អ្នក​ម្តាយ​ទួល​​ដើរ​នំ​លក់​​នា​វ័យ​កុមារ សម្រាល​សេដ្ឋកិច្ច​គ្រួសារ ឥឡូវ​​ក្លាយ​ជា​តារា​ចម្រៀង​និង​​អ្នក​និពន្ធ​បទ​ Original នៅ​ក្នុង​ផលិត​កម្ម​ M ។

 

Seyha Ha ជា​ឈ្មោះ​នៅ​ក្នុង​វិស័យ​សិល្បៈ ឈ្មោះ​ពិត គឺ កែវ សីហា កើត​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​ ១៩៩០ ស្រុក​កំណើត ខេត្ត​ស្វាយ​រៀង​ លោក​ឪពុក​ឈ្មោះ កែវ វណ្ណា អ្នក​ម្តាយ​​ឈ្មោះ លក់ មីនា។ សីហា មាន​បងប្អូន​ ៤​នាក់​ ស្រី​២​ លោក ជា​កូន​ច្បង។ តើ​ម្ចាស់​បទ ​”អូន​អ៊ូក​” ​នេះ​ជួប​រឿង​រ៉ាវ​យ៉ាង​ណា​ខ្លះ​ តោះ​តាម​ដាន​ជីវប្រវត្តិ​ សីហា ខាង​ក្រោម៖ ​

 

ម្ចាស់​បទ “អូន​អ៊ូក” តាំង​ពី​​ដើរ​ទួល​នំ​លក់​រហូត​​​ក្លាយ​អ្នក​និពន្ធ​បទ​ Original

 

ស្ថិត​ក្នុង​វ័យ​កុមារភាព

 

នៅ​ខេត្ត​​ស្វាយ​រៀង​ សីហា រៀន​ថ្នាក់​ទី១​ ម្តង​ទៀត​​​ក្រោយ​ផ្ទេរ​ពី ថ្នាក់​ទី​១​នៅ​សាលា​បាក់​ទូក​ទី​ក្រុង​ភ្នំពេញ​ ។ លោក​និង​ក្រុម​គ្រួសារ​ រស់​នៅ​ខេត្ត​​ខាង​លើ​​ អស់​រយៈ​ពេល​៩​ឆ្នាំ រហូត​ដល់​ សីហា រៀន​ដល់​ថ្នាក់​ទី​៩ ។ អំឡុង​កាល​រស់​នៅ​ទីនោះ​ ក្រុម​គ្រួសារ សីហា មិន​​​ទាន់​មាន​ជីវភាព​ធូរធារ​ នៅ​ឡើយ​ទេ កាល​នោះ​អ្នក​ម្ដាយ​គាត់​លក់​ត្រឹម​តែ​បបរ

 

ឈ្មោះ​ពិត ប្រាកដ កែវ សីហា ស្រុក​កំណើត​មក​ពី​ខេត្ត​ស្វាយ​រៀង​ បាន​ប្រាប់​ថា​រឿង​រ៉ាវ​ជីវិត​លោក​លំបាក​ណាស់​។ ពី​ដំបូង​ឡើយ​លោក​កើត​នៅ​ទី​ក្រុង​ភ្នំពេញ​លោក​ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​ឲ្យ​ចូល​រៀន​នៅ​សាលា​បាក់​ទូក​ថ្នាក់​ទី​១​ ប៉ុន្តែ​ដោយសារ​​តែ​មាន​កុប្បកម្ម​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ កុមារ​សីហា និង​គ្រួសារ​បាន​​ផ្លាស់​ទី​លំនៅ​មក​​ខេត្ត​ស្វាយ​រៀង​វិញ​ ហើយ​ក៏​បាន​ចុះ​សំបុត្រ​កំណើត​​ថា​កើត​នៅ​ទី​នោះ​តែ​ម្ដង​។ ​

 

នៅខេត្តស្វាយរៀង សីហា រៀនថ្នាក់ទី ១ ម្តងទៀតក្រោយផ្ទេរពី ថ្នាក់ទី១នៅសាលាបាក់ទូកទីក្រុងភ្នំពេញ​ក្រោយរៀន​មិន​បាន​ចប់​ចុង​​ចប់​ដើម​ ។ លោកនិងក្រុមគ្រួសារ រស់នៅខេត្តខាងលើ អស់រយៈពេល៩ឆ្នាំ រហូតដល់ សីហា រៀនដល់ថ្នាក់ទី៩ ។ អំឡុងកាលរស់នៅទីនោះ ក្រុមគ្រួសារ សីហា មិនទាន់មានជីវភាពធូរធារ នៅឡើយទេ កាលនោះអ្នកម្ដាយគាត់លក់ត្រឹមតែបបរនិង​ប្រកប​របរ​ជា​ច្រើន​មុខ មាន​ទាំង​បង់​នំ​លក់​ លក់​អ្វី​ក៏​លក់​ដែរ​ ​ឲ្យតែ​រក​ចំណូល​បាន​ចិញ្ចឹម​គ្រួសារ​រស់​គឺគាត់​តែង​តែ​ប្រែ​ប្រួល​ទៅ​តាម​ស្ថាន​ភាព​​ជានិច្ច​ ចំណែក​លោក​ឪពុក​ជា​អ្នក​នេសាទ។

 

បម្លាស់ទី​លំនៅ

លុះ​ឆ្នាំ​២០០៥​ ក្រុម​គ្រួសារ សីហា បាន​សម្រេច​ចិត្ត​មក​​រស់​នៅ​រាជធានី​​ភ្នំពេញ​វិញ​ ដោយ​សារ​ពេល​នោះ ​បង​ប្អូន​មើល​ឃើញ​ពី​ការ​លំបាក​ ក៏​បាន​ហៅ​មក​មក​វិញ និង​បាន​​ប្រគល់​ផ្ទះ​មួយ​ឲ្យ​ជួយ​មើល​ខុស​ត្រូវ។​ ​ប៉ុន្តែ​មិន​មែន​ឲ្យ​ដាច់​នោះ​ទេ ពេល​នោះ​អ្នក​ម្តាយ​ សីហា បាន​ប្រកប​របរ​ថ្មី​លក់​ចាប់​ហួយ​វិញ​ម្តង​ ឯ​លោក​ឪពុក​វិញ​រត់​ម៉ូតូ​ឌុប។

 

​ជីវភាព​ថ្មី​លើ​ដី​រាជធានី ​​ហាក់​មាន​សភាព​​ធូរធារ​ជាង​មុន​បន្តិច​ ​លោក ឪពុក​ ក៏​បាន​ទិញ​ ទូរស័ព្ទ​មួយ​គ្រឿង​ឲ្យ​សីហាប្រើ តែ​​ប្រើ​បាន​រយៈ​ពេល​កន្លះ​ឆ្នាំ​ ​សីហា ក៏​លួច​លក់​​ទូរស័ព្ទ​យក​លុយ​ទៅ​ទិញ​ ហ្គីតា ដោយសារ​តែ​មាន​ចិត្ត​ស្រលាញ់​ បន្ទាប់​ពី​ឃើញ​មិត្ត​ភក្តិ​នៅ​ភ្នំពេញ​គេ​មាន​ហ្គីតា​លេង​​។

 

ម្ចាស់​បទ “អូន​អ៊ូក” តាំង​ពី​​ដើរ​ទួល​នំ​លក់​រហូត​​​ក្លាយ​អ្នក​និពន្ធ​បទ​ Original

 

“ពេល​ដែល​លក់​ទូរស័ព្ទ​ហ្នឹង​ ប៉ា​​គាត់​អត់​ដឹង​ទេ​បង ហើយ​ខ្ញុំ​បាន​យក​លុយ​ទៅ​ទិញ​ហ្គីតា​ មក​លេង​ ពេល​មក​ដល់​ផ្ទះ ប៉ា គាត់​ឃើញ​ គាត់​ស្តី​បន្ទោស វាយ​ខ្ញុំ​ឡើង​បែក​ខ្នង​ ម៉ាក់​ចង់​ឃាត់​ក៏​ឃាត់​មិន​ជាប់”។ សីហា ថ្លែង។

 

រយៈ​ពេល ៣ ឆ្នាំ​ សីហា បាន​បញ្ចប់​​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​បាក់​ទូក​ ។ ពេល​ដែល​បញ្ចប់​ភ្លាម​ៗ លោក​មិន​មាន​លទ្ធ​ភាព​ បន្ត​ ទៅ​ថ្នាក់​មហា​វិទ្យាល័យ​ទេ ព្រោះ​​ក្រុម​គ្រួសារ​ មិន​មាន​លទ្ធភាព​ឡើយ អីចឹង​ សីហា ត្រូវ​បង្ខំ​ចិត្ត​​ឈប់​រៀន​​ ហើយ​​បាន​​ប្រលង​ចូល​​រៀន​នៅ​សាលា​ទាហាន។

 

ចូល​ហាត់​រៀន​ទាហាន

 

ឆ្នាំ​ ២០១០ សីហា បាន​ប្រឡង​ចូល​រៀន​នៅ​សាលា​ទាហាន និង​សិក្សា​នៅ​ទី​នោះ​​រយៈ​ពេល​៣ឆ្នាំ​។ ដោយ​សារ​តែ​កាយ​សម្បទា ​អំណោយ​ផល​ កម្ពស់ ១៧៥សង់ទី​ម៉ែត្រ ទម្ងន់​ ៦៥ គីឡូក្រាម ​សីហា ​ប្រាប់​ថា មាន​ភាព​ងាយ​ស្រួល​បន្តិច​ក្នុង​ការ​ប្រលង​ជាប់​ចូល​សាលា​ទាហាន​នេះ ប៉ុន្តែ​អ្វី​ដែល​ពិបាក គឺ​ការ​ហាត់​រៀន​ទាហាន។ សីហា ប្រាប់​ថា​ លំបាក​ណាស់​ព្រោះ​ ត្រូវ​ងើប​ពី​ព្រលឹម​ម៉ោង​៥​ទៅ​​រត់​​ហាត់​ប្រាណ​ ហ្វឹក​ហាត់​រៀន​បាញ់​កាំ​ភ្លើង និង​ផ្សេងៗ​ទៀត ជួន​កាល​ត្រូវ​សន្លប់​នៅ​នឹង​កន្លែង​ក៏​មាន​​។ បាន​រយៈ​ពេល​​មួយ​ឆ្នាំ​ សីហា បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​​ប្រទេស​ចិន​ ខាង​ផ្នែក​ទាហាន​​ ប៉ុន្តែ​​ត្រូវ​បាន​ គេ​ពន្យារ​ពេល​​​រហូត​មក​ដល់​ឥឡូវ​ដោយ​មិន​ដឹង​មូល​ហេតុ។​ សីហា ប្រាប់​ថា​ ខ្មាស់​គេ​ណាស់​ព្រោះ​លោក​ បាន​ប្រាប់​មិត្ត​ភក្តិ​​ថា​បាន​ទៅ​រៀន​នៅ​បរទេស​​ប៉ុន្តែ​បែរ​ជា​អត់​បាន​ទៅ​វិញ។

 

ក្រោយ​មក​ លោក​បាន​ដាក់​ពាក្យ​ដូរ​រៀន​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​សាលា​ទាហាន​ដដែល​បាន​រយៈ​ពេល​២​ឆ្នាំ​​ដោយ​មិន​បាន​បន្ត​រៀន​ជំនាញ​ទាហាន​ដល់​ចប់ចុង​ដើម​ទេ ព្រោះ​​តែអន់​ចិត្ត​រឿង​ខក​ខានការ​ទៅ​ក្រៅ​ប្រទេសខាងលើ។​ ក្រោយ​រៀន​ចប់​ សីហា បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ខាង​ផ្នែក​រដ្ឋបាល​​។ ធ្វើ​ការ​​បាន​រយៈ​ពេល​២ ឆ្នាំ​ទើប​តែ​ឈប់​វិញ​​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។

 

ចាប់​ផ្តើម​ការងារ​ច្រៀង​តាម​រង្គសាល​ និង​ផ្ដាច់​ខ្លួន​ឯក​រាជ្យ​ពី​ឪពុក​ម្ដាយ

 

ឆ្នាំ​២០១៣​ ពេល​ដែល​ចាប់​ផ្តើម​ចេញ​ធ្វើការ​​ក្នុង​ក្រប​ខណ្ឌ​ទាហាន​ សីហា បាន​ចេញ​ទៅ​ធ្វើ​ការ​ពេល​យប់​ ជា​អ្នក​ចម្រៀង​នៅ​ក្នុង​រង្គសាល​​បាន​ថវិកា​ក្នុង​មួយ​យប់​ ១៥​$ ។ ដោយ​សារ​មាន​ចិត្តស្រលាញ់​សិល្បៈ​ជា​ពិសេស​ខាង​​លេង​ហ្គីតា​នេះ​​ខ្លាំងពេក​​ សីហា សន្សំ​លុយ​បាន​ខ្លះៗ​ពី​ការ​ច្រៀង​ ក៏​បាន​បើក​ស្ទូឌីយោ​មួយ​នៅ​ផ្ទះ​ រៀន​ស្រាវ​ជ្រាវ​មួយ​យប់ៗ​មិន​ដែល​បាន​គេង​ទេ​។ លោក​បាន​ ទិញ​សៀវ​ភៅ​ភ្លេង​​មួយ​ក្បាល​យក​មក​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​ បន្ទាប់មក​មាន​មិត្ត​ភក្តិ​ម្នាក់​ហៅ​ទៅ​ចូល​រៀន​នៅ​សាលារៀន​​មួយ ប៉ុន្តែ​​ដោយ​សារ​គេ​តម្រូវ​ឲ្យ​បង់​ ១០$ ហើយ​​គ្មាន​លុយ​ សីហា ក៏​បង់​រំលោះ ពាក់​កណ្ដាល​ ស្មើ​នឹង​​ ៥ $​​សិន។ ​ដោយ​សារ​តែ​ធ្លាប់​រៀន​ខ្លួន​ឯង​ខ្លះ​ៗ​ ទេពកោសល្យ​ផង សីហា ​រៀនចេះ​ចាំ​ជំនាញ​​​​​​​ដេញ​ហ្គីតាក្នុង​រយៈ​ពេល​យ៉ាង​ខ្លី។

 

សីហា និយាយ៖   “​ដោយសារតែ​រៀន​ហ្គីតា​​ហ្នឹង ហើយ​​​ខ្ញុំ​​បាន​បង្កើត​ស្ទូឌីយោ​នៅ​ផ្ទះ​ទៀត ថ្លៃ​ភ្លើង​កើន​ឡើង​ ប៉ា​បាន​ស្តី​បន្ទោស ពី​រឿង​ចំណាយ​អស់​លុយ​ច្រើន​ ហើយ​គាត់​និយាយ​ថា​អស់​ច្រើន​ចឹង អ្នក​ណា​ជា​អ្នក​ចេញ​លុយ? ពេល​នោះ​គ្រួសារខ្ញុំ​​កំពុង​តែ​ជួប​​ជីវភាព​​ខ្វះ​ខាត​ផង​នោះ​​ ខ្ញុំ​​បាន​សម្រេច​ចិត្ត​សុំ​អ្នក​មាន​គុណ​ចេញ​មក​នៅ​ផ្ទះ​ជួល​តែ​ម្នាក់​ឯងទៅ​”។

 

ម្ចាស់​បទ “អូន​អ៊ូក” តាំង​ពី​​ដើរ​ទួល​នំ​លក់​រហូត​​​ក្លាយ​អ្នក​និពន្ធ​បទ​ Original

 

ឪពុក​ម្ដាយ​មិន​អាច​ឃាត់​កូន​ប្រុស​បាន​ ក៏​បណ្ដោយ​ឲ្យ​សីហា​ ចេញ​ទៅ​នៅ​ឯករាជ្យ​រៀន​រស់​នៅ​តែ​ម្នាក់​ឯង​តែ​ម្ដង។​ សីហា ប្រាប់​ថា​ លោក​ឪពុក​ ចង់​ឲ្យ​ កូន​ប្រុស ធ្វើ​ទាហាន​ជាង​ ធ្វើ​អ្នក​សិល្បៈ​ ដោយ​លោក​គិត​ថា ​ការងារ​សិល្បៈ​ជា​ការងារ​មួយ​បាន​តែ​មួយ​ឆាវ​មិន​មាន​អ្វី​ស្ថិត​ស្ថេរ​នោះ​ទេ។ ប៉ុន្តែ​ដោយ​សារ​តែ​ចិត្ត​ស្រលាញ់​​ខ្លាំង​ទើប​ ឪពុក​សីហា មិន​អាច​ហាម​ឃាត់​កូន​បាន។ នៅ​ផ្ទះ​ជួល​​ម្នាក់​ឯង​ សីហា​ក៏​បាន​បង្កើត​ស្ទូឌីយោ​សម្រាប់​ធ្វើ​ចម្រៀង​ផង​ដែរ។

 

ជីវិត​ពេល​នៅ​ផ្ទះ​ជួល​ គឺ​លំបាក​ខ្លាំង​មែន​ទែន​ ស៊ី​អត់​ស៊ី​​ឃ្លាន​តែ​ម្នាក់​ឯង ព្រោះ​ប្រាក់​ខែ​នៅ​ខាង​​ក្រប​ខណ្ឌ​ទាហាន​មិន​សូវ​បាន​ច្រើន​នោះ​ទេ​។ ដូច្នេះ​ទាម​ទារ​ឲ្យ​ សីហា មាន​ការ​ត្បិត​ត្បៀត​បន្តិច ណា​ត្រូវ​បង់​ថ្លៃ​ផ្ទះ​ជួល ថ្លៃ​ទឹក​ភ្លើង​ សព្វមុខ​ទៀត​។ ទោះ​ជា​យ៉ាង​ណា ដោយសារ​តែ​ការ​តស៊ូ ព្យាយាម​ផលិត​បទ​ចម្រៀង​​ ហើយ​មាន​ស្ទូឌីយោ​ខ្លួន​ឯង​មាន​អ្នក​ស្គាល់​មួយ​ចំនួន​ មក​ថត​​នៅ​ស្ទូឌីយោ​ខ្លួន​ សីហា អាច​ឲ្យ​គេ​ទទួល​បាន​កម្រៃ​បន្ថែម​លើស​ហ្នឹង​ទៀត។

 

ចាប់​ផ្តើម​វិវត្តន៍​ចូល​សិល្បៈ

 

ឆ្នាំ ២០១៣ បែក​គ្នា​ពី​មិត្ត​ភក្តិ​ដែល​រៀន​នៅ​វិទ្យាល័យ​​យូរ​ពេក​ សីហា មាន​ការ​នឹក​រលឹក​ លោក​បាន​ដើរ​ទៅ​លេង​នៅ​វិទ្យាល័យ​បាក់​ទូក​ នឹក​ឃើញ​រឿង​រ៉ាវ​ជា​ច្រើន​កាល​នៅ​រៀន សីហា បាន​ណាត់​ជួប​មិត្ត​ភក្តិ​​ចាស់​មក​សាលា​។ បន្ទាប់​មក​ ទាំង​មិត្ត​ភក្តិ ​និង​ សីហា មាន​គំនិត​មួយ​ថា ​បង្កើត​បទ​ចម្រៀង​មួយ​ទាក់​ទង​នឹង​វិទ្យាល័យ​ដែល​ពួក​គេ​បាន​រៀន​។ ចំណង​ជើង​បទ​ចម្រៀង​​ដំបូង​​ដែល​និពន្ធ​ដោយ សីហា និង​សហការ​ជាមួយ​មិត្ត​ភក្តិ​គឺ​ ” វិទ្យាល័យ​ខ្ញុំ”​ ហើយ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​យូធូប​។ ក្រោយ​បង្ហោះ​បាន​ប៉ុន្មាន​ថ្ងៃ​មាន​បណ្ដា​​មិត្ត​ភក្តិ​ជា​ច្រើន​ដែល​និយម​លេង​ ហ្វេស​ប៊ុក​ និង​ យូធូប​ បាន​ឃើញ​ស្នាដៃ​នៃ​ការ​និពន្ធ​ចម្រៀង​ របស់​ក្រុម​ សីហា ជា​ហេតុ​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ស្គាល់​ពួក​លោក​ច្រើន រហូត​មាន​ផលិតកម្ម​តូច​មួយ​ទាក់​ទង​ក្រុម​ពួកលោក​ទៀត​។

 

ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម​រយៈ​ពេល​២​ឆ្នាំ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ភាព​ល្អក់កករ​ក្នុង​ក្រុម​ សីហា ប្រាប់​ថា​​ក្រុម​លោក​ គិត​ថា​ល្បី​តែ​អ្នក​ចម្រៀង​ ពួកគេ​អ្នក​លេង​ ឧបករណ៍​ផ្សេងៗ​អត់​មាន​អ្នក​ស្គាល់ ដូច្នេះ​ ពួក​គេ​នៅ​ជាមួយ​គ្នា​បាន​តែ​១​ឆ្នាំ​ប៉ុណ្ណោះ​ ក៏​​បាន​បែក​គ្នា​វិញ​។

 

រឿង​ស្នេហា ​​និង​បានការងារ​​ក្នុង​ផលិត​កម្ម​ផ្សារ​ភ្ជាប់​ជាមួយ​បទ “អូន​អ៊ូក”

 

ចាប់​តាំង​ពី​ពេល​នោះ​មក​ ឆ្នាំ​២០១៤ សីហា ឯករាជ្យ​ធ្វើ​ការ​តែ​ម្នាក់​ឯង ហើយ​មាន​ពេល​មួយ​​លោក​បាន​ស្គាល់​នារី​ម្នាក់ ហើយ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​មួយ ចំណង​ជើង​ថា “អូន​អ៊ូក” ហើយ​បទ​នេះ​​គឺ​ទទួល​ស្គាល់​ពី​បណ្តា​ប្រិយ​មិត្ត​ជាច្រើន​​ ជាពិសេស​យុវវ័យ​ដែល​និយម​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

 

 

ក្រោយ​ចេញ​បទ​ “​អូន​អ៊ូក​”​ មាន​បណ្តា​​ផលិតកម្ម​ជាច្រើន​​ស្គាល់​ស្នាដៃ​ ហើយ​បាន​ទាក់​ទង​លោក​ឲ្យ​ទៅ​ច្រៀង​នៅ​ក្នុង​ផលិត​កម្ម​។ គាប់​ជួន​ពេល​មួយ​នោះ​ សីហា ប្រាប់​ថា​បាន​ស្គាល់​ ណាំ បុណ្ណារ័ត្ន​ ហើយ​ក៏​ទំនាក់​ទំនង​គ្នា​បាន​ចូល​ទៅ​ក្នុង​ផលិត​កម្ម ​M។

 

“ ដំបូង​ឡើយ​ខ្ញុំ​ស្គាល់ Noly​ ដែល​ច្រៀង​នៅ​ក្នុង​​ផលិត​កម្​ថោន ហើយ​គេ​ណែ​នាំ​ខ្ញុំ​ឲ្យ​ស្គាល់​បង ណាំ បុណ្ណារ័ត្ន​ គាត់​ក៏​បាន​សួរ​ថា​ខ្ញុំ​ចេះ​អី​ខ្លះ​។ គាត់​បាន​ឲ្យ​ខ្ញុំ​ផ្ញើ​បទ​ចម្រៀង​ដែល​ខ្ញុំ​និពន្ធ​ខ្លួន​ឯង​ឲ្យ​គាត​យក​ទៅ​ឲ្យ​មេ​នៅ ​M​ មើល​ លុះ​ក្រោយ​មក​គាត់​បាន​ហៅ​ខ្ញុំ​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​គាត់​តែ​​ម្តង​ទៅ”។ សីហា ថ្លែង។

 

ស្នាដៃ​បទ​ចម្រៀង​និពន្ធ​ខ្លួន​ឯង

មក​ទល់​ពេល​នេះ​ សីហា ប្រាប់​ថា លោក​​និពន្ធ​បាន​ ប្រមាណ​ជាង​២០បទ​ ហើយ​បទ​ដំបូង​គេ​គឺ​បទ​ “វិទ្យាល័យ​ខ្ញុំ” បន្ត​ទៀត​ “សារភាព​ស្នេហ៍​ថ្ងៃ​ Valantine ” “កូន​នេះ” និង​មាន​បទ​ជា​ច្រើន​ទៀតដែល​ចាំ​មិន​អស់​។ ប៉ុន្តែ​ បទ​ដែល​ ប្រិយ​មិត្ត​ស្គាល់​ខ្លាំង​បំផុត​គឺ​បទ​ “អូន​អ៊ូក” និង​បទ​​នៅ​ក្នុង​ផលិត​កម្ម M “សុំ​ឈឺ​មួយ​ថ្ងៃ​បាន​ហើយ” “បេះ​ដូង​ខុស​កាយ” ។

 

 

ជីវិត​ចាប់​​ផ្លាស់​ប្តូរ

 

បន្ទាប់​ពី​បាន​ចូល​ក្នុង​ផលិត​កម្ម​ និង​មាន​ការងារ​ពេល​ល្ងាច​ច្រៀង​នៅ​តាម​ហាង​ផង​ មាន​ស្ទូឌីយោ​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​មក​ថត​សម្លេង​ផង សីហា ​មាន​លទ្ធភាព​ ខ្លះ​ៗ​អាច​ជួយ​ក្រុម​គ្រួសារ​បាន​។ អ្នក​ម្តាយ​​របស់​ សីហា ប្រកប​របរ​លក់​ បបរ និង​​មីឆា ចំណែក​​លោក​ឪពុក​​សម្រាក​នៅ​ផ្ទះ​ ព្រោះ​ពេល​នេះ​ លោក​កាន់​តែ​ចាស់​ជរាហើយ។​ ពីមុន​​លោក ឪពុក​ដែល​ធ្លាប់​តែ​ប្រឆាំង​មិន​ឲ្យ​ចូល​សិល្បៈ​ បាន​កាត់​បន្ថយ​អារម្មណ៍​​ទាំង​នោះ ​ហើយ​​បាន​ហៅ សីហា ថា​កូន​ៗ​ពេញ​មាត់​ ដែល​ពី​មុន​ ឪពុក​មិនដែល​បាន​​ហៅ​បែប​នេះ​នោះ​ឡើយ។

 

គោល​បំណង​ទៅ​ថ្ងៃ​អនាគត

 

កែវ សីហា មាន​បំណង​មួយ​ បើ​អាច​រក​លុយ​បាន​គួរ​សម លោក​ចង់​ទិញ​ផ្ទះ​មួយ​ដើម្បី​បាន​ធ្វើ​បន្ទប់ ស្ទូឌីយោ មួយ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ និង​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​អាជីព​ម្នាក់​ មាន​ការ​ទទួល​ស្គាល់​ពី​ទស្សនិកជន​ ហើយ​ជួយ​សម្រាល​ជីវភាព​ក្រុម​គ្រួសារ​ឲ្យ​បាន​ធូរធារ​ជាង​មុន​៕

 

សៅ ឧត្ដម ទម្លាយ​ប្រវត្តិ​រស់នៅ​ខេត្ត​ស្វាយរៀង

យាយ ណាង ប្រាប់​ប្រវត្តិ​ជូរ​ចត់​ជាមួយ​ផ្ទះ​ជួល

 

អត្ថបទ៖ ថា ម៉ាលីដា
រូប​ថត៖ ផ្តល់​ឲ្យដោយ សីហា