បុរស​ម្នាក់​ស៊ីឈ្នួល​កាត់​ស្មៅ​ក្នុង​ចម្ការ​ឱ្យ​គេត្រូវ​ពស់វែកក្របី​ខាំ​៤​ចង្កូម​របួស​ធ្ងន់​

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​ពស់​វែក​ក្របី ឬ​វែក​រនាម​ខាំ​​​កំភួនជើង​ស្តាំ​ហូរ​ឈាមឈឺ​ចុកចាប់​យ៉ាង​ខ្លាំង ខណៈយក​ម៉ាស៊ីន​ទៅ​ស៊ី​ឈ្នួល​កាត់​ស្មៅ​ដើម​ត្រែង​នៅ​ក្នុង​ចម្ការ​ឱ្យ​ថៅកែ​​ម្នាក់​នៅ​ក្រុងប៉ៃលិន ​។

ហេតុការណ៍​​នេះបានកើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៤ ​វិច្ឆិកា ​​២០១៥​នេះ ស្ថិត​នៅ​ចំណុ​ច​អាង​ជីងចក់ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះមានឈ្មោះ ស្រឿង សុខា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​កសិករ មានស្រុក​កំណើត​រស់នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល បច្ចុប្បន្ន​រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​យក​ម៉ា​ស៊ី​នចេញ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​រកស៊ី​កាត់​ស្មៅ​ប្រភេទ​ដើម​ត្រែងនៅ​ក្នុង​ចម្ការ​សាវម៉ាវ ធុ​រេនឱ្យ​ថៅកែ​ម្នាក់រស់​នៅ​ក្រុងប៉ៃលិនអស់​រយៈពេល​៧​ថ្ងៃ​កន្លង​មក​ហើយ ។

ប្រភព​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​យក​ម៉ាស៊ីន​ទៅ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ​បន្ត​ទៀត ដែល​មាន​ស្មៅ​ដុះ​ទ្រុប​ទ្រុល​លិច​ក្បាល​មើល​អ្វី​មិនឃើញដូច​សព្វមួយដង លុះ​រហូត​ដល់​ម៉ោង​៩​​​ព្រឹក ថ្ងៃ​ដ​ដែល ស្រាប់តែ​មាន​សភាព​ឈឺផ្សារ​កំភួនជើង​ផ្នែក​ខាងស្តាំ ហើយ​គាត់​នឹក​ស្មានថា បន្លា​មុតទើប​បើក​ជើង​ខោ​មើល ពេល​ពិនិត្យ​មើលក៏​ឃើញ​ស្នាម​ចង្កូម​ចំនួន​៤​កន្លែង ដោយ​ពីរ​កន្លែង​នៅ​ឃ្លាត​ពី​គ្នា​ប្រហែល​១​តឹក ទើប​ប្រញាប់​ហៅ​អ្នក​ជិតខាង​ឱ្យ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ទាន់​ពេលវេលា​តែ​ម្តង ។

ចំណែក​លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹង​ថា ពេល​នេះជន​រង​គ្រោះ​មាន​សភាព​ធូរស្បើយជាង​មុន បន្ទាប់​ពី​ចាក់​​ថ្នាំបន្សាប​ជាតិ​ពិស​រួចរាល់ ហើយ​ជន​រង​គ្រោះ​ក៏​ត្រូវការ​ព្យួរសេរ៉ូម​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​តាមដាន​របួស​បន្ត​ទៀត មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​ភ្លាម​ៗ​បានឡើយ ។

លោកគ្រូ​ពេទ្យ​បញ្ជាក់​ទៀត​ថា ពស់​ដែល​ខាំ​ជន​រង​គ្រោះ​នេះ​មាន​ទំហំ​ធំ​ប៉ុន​កំភួនដៃ​មនុស្ស​ចាស់ ឬ​ធំ​លើស​នេះ ហើយ​អាច​ជា​ពស់វែកក្របី ឬ​ពស់វែក​ទ្រូង​រនាម ដូច្នេះ​បើ​ជន​រង​គ្រោះបណ្តោយ​ខ្លួន​យូរ​ពេក​មិន​​ព្យាបាល​​ឱ្យទាន់​ពេលវេលា​ទេ ពិសពស់​នេះ​អាចនឹង​ជ្រាប​ចូល​ដល់​បេះដូងបណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន​ឡើយ ៕ ​