អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ ចូល​តុលាការ ការពារ​បណ្តឹងសុំ​រំលាយ​គណបក្ស​

ភ្នំពេញ: ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​៤​វិច្ឆិកា​នេះ លោក ហ៊ាង រិទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ បាន​ចូល​បំភ្លឺ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​បណ្តឹង ដែល​លោក​បាន​ប្តឹង សុំ​ឲ្យ​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក​ម៉ម​សូណង់ដូ​។​

​ចេញពី​តុលាការ លោក ហ៊ាង រិទ្ធី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា លោក​ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ សុំ​រំលាយ​គណបក្ស​នេះ ដោយសារតែ ប្រធាន​គណបក្ស គឺ​លោក ម៉ម សូណង់ដូ បាន​ប្រព្រឹត្ត​អំពើពុករលួយ កឹ​ប​កេង​ថវិកា​របស់​បក្ស​។​
​លោក​ហ៊ាង​រិទ្ធី បាន​ថ្លែង ដោយ​បបួល​ប្រធាន​គណបក្ស លោក ម៉ម សូណង់ដូ ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ ប្រសិនបើ​លោក ម៉ម សូណង់ដូ មិន​ពុករលួយ មិន​ផ្តាច់ការ និង​ពិតជា​ស្នេហា​ជាតិ ដូច​ការអះអាង​របស់​ខ្លួន​មែន​នោះ​។​
 
​ជាមួយនឹង​ការលើកឡើង​ខាងលើ លោក ហ៊ាង រិទ្ធី អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ ក៏បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ចៅក្រម​បាន​សន្យាថា នឹង​បន្ត​ចាត់ការ​លើ​បណ្តឹង​តាម​នីតិវិធី​។ លោក​បាន​អះអាងថា មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់​ដើម្បី​ការពារ​បណ្តឹង​ស្នើ​ឲ្យ​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​របស់លោក ម៉ម សូណង់ដូ​។​

​ជុំវិញ​ករណី​បណ្តឹង​ខាងលើនេះ មិនមាន​ការអត្ថាធិប្បាយ​ណាមួយ​ពី​តុលាការ ព្រមទាំង​ពី​លោក​ម៉ម​សូណង់ដូ នៅឡើយ​ទេ​៕​