ពលការិ​នី​ខ្មែរ​២នាក់​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​អគារ​ស្លាប់​លើ​ទឹកដី​ថៃ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សព​ពលការិ​នី​ខ្មែរ​២​នាក់​បាន​ស្លាប់​ដោយសារ​ការ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ក្នុង​ទឹកដី​ថៃ​នៃ​ខេត្ត​២​ផ្សេង​គ្នា ​ម្នាក់​កាលពី​ចុងខែ​តុលា​ និង​ម្នាក់​កាលពី​ព្រឹក​ថ្ងែ​ទី៤ ​វិច្ឆិកា ២០១៥​។

ជន​រង​គ្រោះ​ទាំង​២​ខាងលើ​ ម្នាក់​បាន​កើតឡើង​នៅ​ខេត្ត​ណា​ខន​សុវណ្ណ​ កាលពី​ម៉ោង​២ ​និង១៥នាទី​រសៀល ​ថ្ងៃ​ទី៣១ ​តុលា​ និង​ម្នាក់​កើតឡើង​នៅ​ក្រុង​បាងកក​កាលពី​វេលា​ម៉ោង​១០ព្រឹក ​ថ្ងៃ​ទី៤ ​វិច្ឆិកា​​។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ខេត្ត​ណា​ខន​សុវណ្ណ​ ឈ្មោះ​គង់​ ​សៅ​ អាយុ​៣១​ឆ្នាំ ​ជា​កម្មករ​សំណង់​ធ្លាក់​ពី​លើអគារ​ការដ្ឋាន​សំណង់​កំពស់​៤ម៉ែត្រ ​បាក់.​ក​ស្លាប់​ និង​មាន​ទីលំនៅ​ឃុំ​ទួល​ថ្ម​ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​។

សព​រង​គ្រោះ​ឈ្មោះ​គង់ សៅ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោងជាង​៩ព្រឹក ​ថ្ងៃ​ទី៤ ​វិច្ឆិកា​ ​​។ ដោយឡែក​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្រុង​បាងកក​ឈ្មោះ​រឹម​ ហេង ​អាយុ​៣៥​​ឆ្នាំ​ មិន​ទាន់​ស្គាល់​ភូមិកំណើត​នៅឡើយ​ទេ​ ហើយ​តាម​ប្រភព​ប្រាប់​ថា​ ជន​រង​គ្រោះ​ធ្លាក់​ពី​អគារ​ជាន់​ទី​៧។

សព​រង​គ្រោះ​នេះ​ភាគី​ថៃ​មិន​ទាន់​បញ្ជូន​មក​ឲ្យ​សាច់ញាតិ​ទេ​។ ទោះជា​យ៉ាងណា​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ទាំង​២​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​៕ ​