ប្រធានាធិបតី​ចិន និង​តៃវ៉ាន់​នឹង​ជួប​គ្នា​លើក​ដំបូង​នៅ​សិង្ហ​បុរី

កោះ​តៃវ៉ាន់​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង និង​ប្រធានាធិបតី​តៃវ៉ាន់ លោក MA YING JEOU នឹង​ជួប​គ្នា​នា​ថ្ងៃ​ទី​៧ វិច្ឆិកា ខាង​មុខ​នេះ នៅ​សិង្ហ​បុរី ដែល​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់តាំងពី​បញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩​មក ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក CHARLES CHEN អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តៃវ៉ាន់ ថ្លែង​ថា ទិស​ដៅ​នៃ​ទស្សនកិច្ច​នេះ​របស់​លោក MA គឺ​ដើម្បី​ធានា​សន្តិភាព​នៅ​ផ្នែក​ទាំង​សងខាង​នៃ​ច្រក​សមុទ្រ​ហ្វ័​រ​ម៉ូ​ស ហើយ​រក្សា​ស្ថានភាព​ដដែល​ក្នុង​ច្រក​សមុទ្រ​នេះ ។

ទោះបី​យ៉ាងណា លោក CHEN អះអាង​ថា នឹង​ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​នឹង​ត្រូវ​ចុះហត្ថលេខា ហើយ​ក៏​នឹង​ពុំ​មាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ណាមួយ​ដែរ នា​ឱកាស​នៃ​ការ​ជួប​គ្នា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ។ លោក​ស៊ី និង​លោក MA គ្រាន់តែ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បណ្តា​បញ្ហា​ទ្វេភាគី រួច​ប្រធានាធិបតី​តៃវ៉ាន់ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយ​មានការ​ចូលរួម​របស់​បណ្តាសារ​ព័ត៌មាន​អន្តរជាតិ ។

ចំពោះ​បណ្តា​គណបក្សប្រឆាំង​តៃវ៉ាន់ ដែល​មានការ​បារម្ភ​ចំពោះ​ការ​ពិភាក្សា​គ្នា​កំពូល​ទ្វេភាគី​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៧ វិច្ឆិកា ដោយ​អំពាវនាវ​ឱ្យ​មាន​បាតុកម្ម​មួយ​នា​ថ្ងៃ​ទី​៤ វិច្ឆិកា នៅ​មុខ​សភា​តៃវ៉ាន់ ។

ប្រទេស​ចិន​រហូត​ដល់​យប់​ថ្ងៃ​ទី​៣ វិច្ឆិកា ពុំ​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ការ​ប្រកាស​នេះ​របស់​តៃវ៉ាន់​នៅឡើយ ។

ចំណែក​សហរដ្ឋ​អា​មេ​រិ​កបាន​ស្វាគមន៍​ជាមួយ​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រកាស​ពី​ការ​ជួប​គ្នា​កំពូល​នេះ ។ អ្នកនាំពាក្យ​សេត​វិមាន​លោក JOSH EARNEST ថ្លែង​ថា តាម​ធម្មតា​យើង​ស្វាគមន៍​ដល់​ការ​បោះ​ជំហាន​នានា ដែល​កើត​មាននៅ​ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ (​ហ្វ័​រ​ម៉ូ​ស​) ដើម្បី​ប៉ុនប៉ង​កាត់​បន្ថយ​ភាព​តានតឹង ហើយ​កែ​លម្អ​ទំនាក់​ទំនង​គ្នា តែ​ទោះបី​យ៉ាងណា យើង​ត្រូវ​រង់ចាំ​មើល​តើ​មាន​អ្វី​លេច​ចេញ​ដោយ​ពិតប្រាកដ​ពេល​មានការ​ជួប​គ្នា​នេះ ។

គណបក្ស​កូ​មីន​តាំងរបស់​លោក MA បាន​ធ្វើការ​ចរចា​ខាង​ពាណិជ្ជកម្ម​នានា ជាមួយ​ចិន​ដី​គោក ដែល​នាំ​ទៅ​ដល់​ការ​ចុះហត្ថលេខា​កាលពី​ខែមិថុនា ឆ្នាំ​២០១០ លើ​កិច្ច​ព្រមព្រៀង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មួយ​ជាមួយ​ក្រុង​ប៉េ​កាំ​ង ។ នយោបាយ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​លោក MA YING JEOU ដែល​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​តៃវ៉ាន់​កាលពី​ឆ្នាំ​២០០៨ ៕