បណ្តាសារ​ព័ត៌មាន​ឥណ្ឌូ​ណេ​ស៊ី​មិនសូវ​និយាយ​ពី​រឿង​ឆេះ​ព្រៃ​បំពុលបរិស្ថាន​នៅ​ឥណ្ឌូ​ណេ​ស៊ី

ភ្លើង​ឆេះ​ព្រៃ និង​ការ​ដុត​ព្រៃ​រាន​យក​ដី​ដាំ​ដុះ​នៅ​ឥណ្ឌូ​ណេ​ស៊ី​បាន​បញ្ចេញ​ផ្សែង​ពុល​ដល់​តំបន់​ចាប់តាំងពី​២​ខែ​មក​ហើយ ក៏​ប៉ុន្តែ​បណ្តា​កាសែត​ក្នុងស្រុក​ហាក់​ពុំ​សរសេរ​ពី​រឿង​នេះ​ឡើយ ។

លោក GEORGE MONBIOT បាន​សរសេរ​ក្នុង​កាសែត​អង់គ្លេស GUARDIAN កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ពិតជា​គ្រោះ​មហន្តរាយ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៃ​សតវត្ស​ទី​២១​នេះ ។ នៅ​លើ​កោះ​កាលី​ម៉​ង់​តាន់ និង​កោះ​ស៊ូ​ម៉ា​ត្រា​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​ច្រើន​រយ​កន្លែង នេះ​មក​ពី​វប្បធម៌​នៃ​ការ​ដុត​រាន​ព្រៃ​សម្រាប់​ពង្រីក​អាជីវកម្ម​ដូងប្រេង ។ បញ្ហា​ចោទ ភ្លើង​ឆេះ​ព្រៃ​ទាំងនេះ​បាន​បញ្ចេញ​ផ្សែង​យ៉ាង​ក្រាស់ ហើយ​ញ៉ាំង​ឱ្យ​ពពួកសត្វ​ព្រៃ​រត់គេច​ខ្លួន រួម​ទាំង​ពពួកសត្វ​ត្រូវ​ការពារ​ផង ។ ម្យ៉ាងទៀត នាំ​ឱ្យ​មាន​ផលវិបាក​ប៉ះពាល់​ដល់​សុខភាព​របស់​បណ្តា​ប្រជាជន ។

ចំណែកឯ​លោក BORIS PATENTREGER អ្នកនាំពាក្យ​របស់​អង្គការក្រៅរដ្ឋាភិបាល​៣ ដែល​បរិហារ​សភាពការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ថ្លែងប្រាប់​កាសែត LIBERATION បារាំង​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ថា បញ្ហា​បាន​ចោទ​ពុំ​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជាដើម​ភ្លើង​មួយ​ប៉ុណ្ណោះ​ទេ តែ​ភ្លើង​ឆេះ​ព្រៃ​ទាំងនេះ​បង្ក​គ្រោះ​មហន្ត​រាយ​បរិស្ថាន និង​បរិយាកាស​ពិភពលោក​ទៀត​ផង ពិសេស​ជាមួយ​ការ​កកើត​នៃ​ពពក​ផ្សែង​ពុល ដែល​លាតសន្ធឹង​រហូត​ដល់​ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ថៃ ហើយ​នាំ​ឱ្យ​មាន​បញ្ហា​ខាង​ផ្លូវ​ដកដង្ហើម​ប៉ះពាល់​ដល់​មនុស្ស​៥០០.០០០​នាក់​រួច​ទៅ​ហើយ ។

រឿង​បំពុលបរិស្ថាន​យ៉ាង​ខ្លាំង​បែប​នេះ ផ្ទុយ​ទៅ​វិញ នៅ​ឥណ្ឌូ​ណេ​ស៊ី​ស្ទើរតែ​គ្មាន​កាសែត​ណាមួយ​សរសេរ​ពី​រឿង​នេះ ដែល​បំពុល​ដល់​បរិយាកាស​តំបន់​ចាប់តាំងពី​២​ខែ​មក​ហើយ រួច​ទាំង​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ក៏​ពុំ​បាន​បង្កើត​ឱ្យ​មានការ​ដេញដោល ឬ​ធ្វើ​សំណើ​នានា​ដែរ ។ មែនហើយ ព្រោះ​ឥណ្ឌូ​ណេ​ស៊ី​ជា​អ្នក​ផលិត​៤៤%​នៃ​ប្រេងដូង​លើ​ពិភពលោក រួច​មួយ​ផ្នែក​ធំ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​នេះ ៕