ក្រុមហ៊ុន​ប៊ូ​អីុ​ង​បង្ហាញ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ធុន APACHE សម្រាប់​កូរ៉េ​ខាងត្បូង

យោង​តាម YONHAP ថា រដ្ឋបាល​កម្មវិធី​ទទួល​ឧបករណ៍​ការពារ DAPA របស់​កូរ៉េ​ខាងត្បូង​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ថា ឧទ្ធម្ភាគចក្រ​វាយប្រហារ​ធុន AH-64 APACHE ដែល​ក្រុមហ៊ុន​ប៊ូ​អីុង​នឹង​ផលិត​ច្រើន​សិប​គ្រឿង​សម្រាប់​កូរ៉េ​ខាងត្បូង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ត្រូវ​បាន​លាតត្រដាង​ហើយ ។

ក្រុមហ៊ុន​ប៊ូ​អីុ​ង​អា​មេ​រិ​កបាន​រៀបចំ​កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា នូវ​ពិធី​មួយ​បង្ហាញ​ឧទ្ធម្ភាគចក្រ​ធុន AH-64E APACHE GUARDIA នៅ​ទីក្រុង MESA រដ្ឋ​អា​រី​ហ្សូ​ណា ។ បណ្តា​តំណាង​របស់​កងទ័ព​កូរ៉េ​ខាងត្បូង និង DAPA មាន​វត្តមាន​ក្នុង​ពិធី​នេះ ។

យោង​តាម​មន្ត្រី​ទាំងឡាយ​ថា ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ទាំងនេះ​ដំបូង​នឹង​បញ្ជូន​ឱ្យ​ដល់​កងទ័ព​អា​មេ​រិ​ក ដើម្បី​ធ្វើការ​សាកល្បង បន្ទាប់​មក​ទើប​ផ្ទេរ​ឱ្យ​ដល់​កងទ័ព​កូរ៉េ​ខាងត្បូង​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៦ ។

DAPA បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៣ លើ​កុងត្រា​មួយ​មាន​ទឹកប្រាក់​១,៦​ពាន់​លាន​ដុល្លារ​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​លក់​សម្ភារ​យោធា​របស់​អា​មេ​រិ​កមួយ​ហៅ FMS (FOREIGN MILITARY SALES) សម្រាប់​ការ​ទិញ​ឧទ្ធម្ភាគចក្រ AH-64E ជា​ឧទ្ធម្ភាគចក្រ​កែ​លម្អ​ពី​ឧទ្ធម្ភាគចក្រ AH-64D LONGBOW ។

ឧទ្ធម្ភាគចក្រ AH-64E ជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​បំពាក់អាវុធ​យ៉ាងច្រើន ហើយ​មាន​ម៉ាស៊ីន​ខ្លាំង តែ​ពុំ​សូវ​ស៊ីប្រេង រួច​អាច​ចល័ត​រហ័ស​ក្នុង​កម្ពស់​ខ្ពស់ ។

លោក BAEK YOON HYEONG ប្រមុខ​ផ្នែក​សកម្មភាព​យន្តហោះ​របស់ DAPA អះអាង​ថា ឧទ្ធម្ភាគចក្រ​ធុន APACHE GUARDIAN នឹង​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​យើង ហើយនឹង​យក​មក​ជំនួស​បណ្តា​ឧទ្ធម្ភាគចក្រ​ចាស់​ៗ ដែល​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន ៕