មន្ត្រី​ធំៗ​ប្រព្រឹត្ត​អំពើពុករលួយ​ឆ្អែតឆ្អន់​ទើប​មានការ​បង្ក្រាប​រថយន្ត​និង​ទូរស័ព្ទ​អត់​ពន្ធ​

ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិ​ច្ចគយ​ក្នុងការ​បង្ក្រាប​រថយន្ត​ទំនើបៗ​និង​ទូរស័ព្ទ​ទំនើបៗ​អត់​ពន្ធ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​បាន​រិះគន់​ទៅលើ​លោក អូន​ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ផងដែរ​។ ប្រភព​ខ្លះ​បាន​លើកឡើងថា នៅពេលដែល​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គុណ ញឹម ក៏ដូចជា​មន្ត្រី​គយ​ធំៗ​មួយចំនួន​ប្រព្រឹត្ត​អំពើពុករលួយ​ឆ្អែតឆ្អន់​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល ទើប​មានការ​បង្ក្រាប​រថយន្ត​ទំនើប​អត់​ពន្ធ និង​ទូរស័ព្ទ​អត់​ពន្ធ ដើម្បី​បង្ហាញ​ស្នាដៃ​របស់ខ្លួន​។

​ប្រភពពី​មន្ត្រី​គយ​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេល​ឈ្មួញ​នាំចូល​រថយន្ត​ទំនើបៗ​មានតម្លៃ​ខ្ពស់​អត់​ពន្ធ គឺ​ត្រូវ​បង់​ឲ្យ​មេ​គយ​មាត់ច្រក និង​គយ​ចល័ត​យ៉ាងតិច​១​ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿង ទើប​អ្វីៗ​អាច​ដំណើរការបាន​យ៉ាង​រលូន​។ ដូច្នេះ​ប្រសិនបើ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គុណ ញឹម មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​រថយន្ត​ទំនើបៗ​អត់​ពន្ធ គឺ​ត្រូវ​ចាត់វិធានការ​ទៅលើ​មេ​គយ​មាត់ច្រក និង​គយ​ចល័ត​តាមផ្លូវ​ច្បាប់ មិន​មែនមាន​វិធានការ​តែ​ទៅលើ​អ្នកប្រើប្រាស់​រថយន្ត​អត់​ពន្ធ​នោះទេ​។ ចំណាត់ការ​បច្ចុប្បន្ន​បានធ្វើ​ឲ្យ​អ្នក​នាំចូល​រថយន្ត​អត់​ពន្ធ និង​អ្នកប្រើប្រាស់​រថយន្ត​ទាំងនោះ ក្លាយ​ទៅ​ជនរងគ្រោះ​ទៅវិញ ចំណែក​មេ​គយ​មាត់ច្រក​និង​គយ​ចល័ត​ដែលមាន​ការបើក​ដៃ​ពី​ថ្នាក់លើ បែរជា​រួចខ្លួន​យ៉ាង​សុខ​ស្រួល​។

ចំណែក​ករណី​បង្ក្រាប​ទូរស័ព្ទ​ទំនើបៗ​អត់​ពន្ធ​រាប់ពាន់​គ្រឿង កាលពីពេល​ថ្មីៗ​នេះ ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ ព្រោះ​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ គឺ​មេ​គយ​មាត់ច្រក​ព្រលានយន្តហោះ​ច្រកព្រំដែន និង​គយ​ចល័ត​ដែលមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទូរស័ព្ទ​ទំនើបៗ​រាប់សែន​រាប់លាន​គ្រឿង ត្រូវគេ​នាំចូល​តាម​ច្រក​ព្រលានយន្តហោះ ហើយ​មេ​គយ​មាត់ច្រក​ជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​និង​គយ​ចល័ត​ជា​អ្នកសម្របសម្រួល​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​បទល្មើស​នាំចូល​ទូរស័ព្ទ​ទំនើបៗ​អត់​ពន្ធ គឺ​ត្រូវ​ចាត់វិធានការ​លើ​មេ​គយ​មាត់ច្រក​និង​គយ​ចល័ត​តាមច្បាប់​ជា​ធរមាន​។ ជាងនេះទៅទៀត​មាន​បក្ខពួក​មន្ត្រី​គយ​ខ្លះ គឺជា​អ្នករកស៊ី​នាំចូល​ទូរស័ព្ទ​ទំនើបៗ​អត់​ពន្ធ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ​៕

3832_1