ជិត​ចូល​រោងការ ត្រូវ​ចរន្ត​អគ្គីសនី​ឆក់​ស្លាប់ ធ្វើ​ឲ្យ​នារីជា​គូ​ដណ្តឹង​យំសោក​សង្រេង​បោក​ខ្លួន​ដូច​អក​

Sanofi

បុរស​ជាងដែក​ម្នាក់ និង​ជា​អ្នកមើលការខុសត្រូវ​នៅក្នុង​រោងចក្រ​សិប្បកម្ម​ផលិត​ដែកគោល​មួយកន្លែង ត្រូវបាន​ចរន្តអគ្គិសនី​ក្នុង​រោងចក្រ​ឆក់​ស្លាប់ នៅពេល​បញ្ជូន​ទៅដល់​ម​ន្ទី​ពេទ្យ ។ ហើយ​រយៈពេល​ជិត​មួយខែ​ទៀត ជនរងគ្រោះ​នឹង​ចូល​រោងការ បានធ្វើ​ឲ្យ​នារី​ជា​គូរ​ដណ្តឹង​យំសោក​សង្រេង បោក​ខ្លួន​បោក​ប្រាណ ក្នុង​ក្តី​នឹក​អាឡោះអាល័យ ដល់​បុរស​ជា​គូរ​ដណ្តឹង​របស់ខ្លួន ជា​ពន់ពេក ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១ និង ១០​នាទី​ព្រឹក ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​ភូមិ ខ្វារ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ មានឈ្មោះ ហ៊ុយ សុខ​គង់ អាយុ ២៤​ឆ្នាំ មាន​មុខរបរ​ជាជាង​ដែក និង​អ្នកមើលការខុសត្រូវ​នៅក្នុង​រោងចក្រ​ផលិត​ដែកគោល​។ ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ភូមិ ត្រពាំងថ្ម ឃុំ​ត្រពាំង​គរ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម​។​
​ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ មក​ធ្វើការ​ធម្មតា ដូច​សព្វមួយដង ប៉ុន្តែ​ពេល​ដល់​ម៉ោងជាង ១០​ព្រឹក ស្រាប់តែ​ម៉ាស៊ីន​ផលិត​ដែកគោល​ខូច ដោយសារ​ដាច់​ខ្ចៅ​ធ្លាក់​ចូលក្នុង​ម៉ាស៊ីន ពេលនោះ ជនរងគ្រោះ​បាន​យក​ម៉ាស៊ីន​ស្វាន​មក​ស្វាន ដើម្បី​យក​ខ្ចៅ​ចេញពី​ម៉ាស៊ីន​ផលិត​ដែកគោល​នោះ​។

ប៉ុន្តែ​ជា​អកុសល​មិនដឹង​មក​អ្វី​នោះទេ ស្រាប់តែ​ជនរងគ្រោះ​ដួលសន្លប់​ក្បែរ​ម៉ាស៊ីន​នោះ​ភ្លាមៗ​តែម្តង​។ បន្ទាបពី​មាន​ហេតុការណ៍​នេះ ក៏មាន​បុរស​ម្នាក់ទៀត​ជាជាង​បម្រើ​ការងារ​ជាមួយគ្នា ឃើញ​ឈ្មោះ ហ៊ុយ សុខ​គង់ ដួល​បែបនេះ​ក៏​ស្ទះរ​ត់ទៅ​លើក ហើយ​ធ្វើ​ចលនា រួច​ដឹកបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ បង្អែក​ខណ្ឌដង្កោ តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ពាក់កណ្ដាល​ផ្លូវ​បាត់ទៅហើយ​។​សម​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ​ពិតជា​បាន​ស្លាប់ ដោយសារ​ចរន្ត​អគ្គីសនី​ឆក់​មែន ព្រោះ​នៅ​ពេញ​ខ្លួនប្រាណ​របស់​សាកសព​មាន​ស្នាម​ជាំខ្មៅ​ពេញ​ខ្លួន​។ ក្រោយពី​សម​កិច្ច​បាន​ពិនិត្យ​សាកសព​រួច ក៏​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕ សុទ្ធ គឹម​សឿន​
​  

Related