ពិតជា​រំភើបចិត្ត​៖ កូន​កតញ្ញូ​ទាំង ២ សុខចិត្ត​កាត់​ស្បែកក្បាល​ដើម្បី​បន្តជីវិត​ឪពុក​

Sanofi

យោងតាម​វេ​ប​សាយ​របស់​ស៊ី​ស៊ី​ធី​វី បាន​ចុះផ្សាយ​ពី​រឿង​រាវ​ជីវិត​កូន​កតញ្ញូ ២ នាក់ ដែល​ប្អូនស្រី​មាន​អាយុ​ទើបតែ ៦ ឆ្នាំ រីឯ​បងប្រុស​មាន​អាយុ​ទើបតែ ៨ ឆ្នាំ ដោយ​ក្មេង​ទាំងពីរ​បាន​អង្វរ​ម្តាយ​ដើម្បី​កាត់​ស្បែកក្បាល​របស់ខ្លួន​ទៅ​ជួយ​ឪពុក​ដែល​រងគ្រោះថ្នាក់​ដោយសារ​អគ្គិភ័យ ជាហេតុ​ធ្វើឱ្យ​ក្បាល​របស់គាត់​ត្រូវ​ភ្លើង​បំផ្លាញ​ជាង ៩០%​។​



​ក្នុង​រយៈពេល ២ ខែ តាំងពី​ជួប​រឿង​ឧបទ្ទវហេតុ​មក ឪពុក​រូបនេះ​បានទទួល​ការព្យាបាល​បណ្តុះ​ស្បែកក្បាល​អស់​ចំនួន ៣ ដង​មកហើយ ដោយ​កាត់​ស្បែក​ពី​តំបន់​ផ្សេងៗ តែ​ក៏​មិន​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​ត្រង់​កន្លែង​របួស​ទាំងអស់ ហើយ​ម្យ៉ាងទៀត ថ្លៃ​ព្យាបាល និង មើលថែ​កាន់តែ​ត្រូវ​ចំណាយ​ច្រើនឡើងៗ តែ​ប្រពន្ធ​របស់គាត់​ក៏​ខំប្រឹង​ស្វែងរក​ជំនួយ​យកមក​បន្ត​ការព្យាបាល​របស់​ប្តី តែ​ក៏​មិន​ច្រើន​នោះទេ​។​



​បន្ទាប់ពី​ការព្យាបាល​បណ្តុះ​សាច់​ពី​តំបន់​ផ្សេងៗ​ហាក់​នៅ​មិន​អាចជួយ​ដល់​ការព្យាបាល ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ឱ្យ​ម្តាយ​យក​ស្បែកក្បាល​របស់​កូន​ទាំងពីរ​យកមក​បណ្តុះ​ស្បែកក្បាល​របស់​ឪពុក ព្រោះ​វិធី​នេះ​ចំណាយ​ប្រាក់​តិច និង មាន​សុវត្ថិភាព​ចំពោះ​ឪពុក​របស់​ក្មេង ព្រោះ​បើ​នៅតែ​ពន្យារពេល​មិន​ព្រម​ព្យាបាល​ដោយ​មធ្យោបាយ​នេះ ខ្លាច​ក្រែងតែ​មិន​បន្តជីវិត​ឪពុក​បានឡើយ​។​



​ម្តាយ​បាន​បដិសេធ ព្រោះ​កូន​ទាំងពីរ​នៅ​ក្មេង​ពេក ហើយ​ខ្លាច​កូន​ឈឺ និង ទ្រាំ​មិនបាន​នឹង​ការឈឺចាប់ ហើយ​ណាមួយ​ខ្លាច​មានការ​ប៉ះពាល់​ដល់​ជីវិត​របស់​កូន​ទាំងពីរ ប៉ុន្តែ ក្មេង​ទាំងពីរ​មិនបាន​គិត​ដូច​ម្តាយ​នោះទេ បែរជា​អង្វរ​ចង់​កាត់​ស្បែកក្បាល​ដើម្បីឱ្យ​ឪពុក​បន្តជីវិត​ជាថ្មី​។ សំណាងល្អ ការវះកាត់​ទទួលបាន​ជោគជ័យ ទីបំផុត​ឪពុក​រូបនេះ​អាច​បន្តជីវិត​បាន​ក៏​ព្រោះតែ​ភាព​កតញ្ញូ​របស់​កូនតូច​ទាំងពីរ​៕ ខេ​រី​
(​ប្រភព​៖ ខោ​វ​ស៊ុ​ក​)



Related