មេវរៈសេនាតូច ការពារព្រំដែន៣០១ ត្រូវកូនចៅផ្ដិតមេដៃ ប្ដឹងឲ្យដកចេញ ព្រោះស៊ីដាច់លុយ ឧបត្ថម្ភ ពេលបុណ្យទាន

តាកែវ៖ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងអង្គភាពវរៈ សេនាតូចលេខ៣០១ ការពារព្រំដែន គោក អង្គភាពតំបន់ប្រតិបត្តិការ សិករងខេត្តតាកែវ ប្រមាណ ៨០នាក់ បាននាំគ្នាផ្ដិតមេដៃ ដាក់ពាក្យបណ្ដឹងទៅ សម្ដេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ និងសុំផ្លាស់ប្ដូរ លោកវរៈសេនីយ៍ឯក អេង ឃាង អត្តលេខ០២៩២២១ ចេញពីតំណែងមេបញ្ជាការ ដោយពួកគេបានចោទថា លោក អេង ឃាង ជាមនុស្សពុករលួយ និងស៊ីដាច់លុយ ឧបត្ថម្ភរបស់កូនចៅក្នុងពេលបុណ្យទាន។

យោងតាមពាក្យបណ្ដឹង ដែលមានស្នាមមេដៃនាយទាហាន នាយទាហានរង និង ពលទាហាន ប្រមាណ ៨០នាក់ ដែលគោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា លោក អេង ឃាង ជាមនុស្សពុករលួយ មិនចេះធ្វើការបណ្ដាលឲ្យ ប៉ះពាល់ដល់ សតិអារម្មណ៍កងទ័ព្វក្នុងអង្គភាព។ ប្រជុំប្រចាំខែ លោក អេង ឃាង និយាយតែរឿងឲ្យកូនចៅតាម កងអនុសេនាតូច និងអនុសេនាធំ បង់លុយឲ្យលោកឲ្យគ្រប់ចំនួន ដែលលោកបានកំណត់។

ក្នុងពាក្យបណ្តឹងនេះ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងអង្គភាពវរៈសេនាតូចលេខ៣០១ បាន បន្តថា លោក អេង ឃាង តែងតែធ្វើស្រែលើខ្នងកងទ័ពជានិច្ច ដោយយកថវិកា និងសម្ភារៈរបស់ថ្នាក់លើ ដែលផ្ដល់ ឲ្យកងទ័ព្វក្នុងរដូវបុណ្យទានយកទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន។

ពាក្យបណ្ដឹងផ្ញើជូនសម្ដេចតេជោ ក្រុមទាហានវរៈសេនាតូចលេខ៣០១ បានឲ្យដឹងទៀតថា ថវិកា និងសម្ភារៈ ត្រូវ បានលោក អេង ឃាង យកទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន រួមមានថវិការអន្តរាគន៍ ៣០លានរៀល ថវិការរបស់ កងទ័ពវៀតណាម ផ្ដល់ឲ្យអង្គភាព រថយន្តមួយគ្រឿងរបស់លោកឧកញ៉ា លី យ៉ុងផាត់ តម្លៃ ១ម៉ឺនដុល្លារ គ្រឿង ឧបភោគបរិភោគ ដែលថ្នាក់លើផ្ដល់ឲ្យកងទ័ព ត្រូវលោក អេង ឃាង ឲ្យគេយកទៅលក់ និង ដឹកយកទៅឲ្យស្រី កំណាន់របស់គាត់។

នៅក្នុងពាក្យបណ្តឹងនេះ នាយទាហាន នាយទាហានរង និងពលទាហាន បានបញ្ជាក់យ៉ាងដូច្នេះ «ការដឹកនាំរបស់ គាត់មិនបានចាត់ទុកភារកិច្ចជាស្នូលសំខាន់ទេ គឺយកអំពើពុករលួយកៀបសង្កត់ ប្រមូលលុយ ពីប្រជាពលរដ្ឋ តាម បណ្ដោយព្រំដែនជាស្នូល ហើយបើកូនចៅណាប្រមូលលុយមិនបានលោកកំណត់ គឺត្រូវបានដកចេញភ្លាមៗ។ លោក អេង ឃាង ប្រើអំណាចផ្ដាច់ការបក្ខពួកនិយមឲ្យគេតាមដានមន្រ្តីក្រោមឱវាទពីមួយទៅមួយដូចសម័យ ប៉ុល ពត ហើយបើអ្នកណាតាមលោករស់ អ្នកណាមិនតាមលោក គឺស្លាប់»។

ក្នុងពាក្យបណ្តឹងនេះ កូនៗទាហាននេះ បានអះអាងថា សកម្មភាពរបស់លោក អេង ឃាង ធ្វើឲ្យអង្គភាពច្របូកច្រ បល់ ភាពអនាធិបតេយ្យ បានកើតឡើង ក៏ប៉ុន្តែលោកបានយកអំណាចទឹកប្រាក់ និង ឈ្មោះថ្នាក់ដឹកនាំមកគំរាម នាយទាហាន ពលទាហានថា អ្នកតវ៉ា និងដកបញ្ឈជើង ដោយលោកតែងតែបោះពាក្យសម្តីក្នុង អង្គប្រជុំថា «ក្បាលមិនដល់មេឃ ជើងមិនដល់ដី កូនចៅមិនអាចជួយអញបានទេ គឺមានតែថ្នាក់លើ។ នណាមិនគោរពអញ ដូរឈ្មោះថ្មីយកលុយ»។

ពាក់ព័ន្ធទៅនិងពាក្យបណ្ដឹងនេះលោកឧត្តមសេនីយ៍ឯក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បានថ្លែងឲ្យដឹងថា បញ្ហាពាក្យបណ្ដឹងនេះ ខាងអគ្គបញ្ជាការដ្ឋានបានទទួលរួចហើយ មេបញ្ជាការកងទ័ពជើងគោក ក៏បានបញ្ជាខាង ក្រុម អធិការកិច្ច ចុះស៊ើបអង្កេតរឿងនេះរួចហើយ។

លោក បានសង្កត់ធ្ងន់ថា «ទាល់តែការស៊ើបអង្កេតចប់រួចរាល់ ទើបយើងអាចដឹងថា តើពាក្យបណ្ដឹងទាំងអស់នេះជា ការពិត ឬ ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន!»។

មេបញ្ជាការតំបន់ប្រតិបត្តិការ សិករងខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សេក រស់ បានថ្លែងឲ្យដឹងថា បញ្ហា ទាំងអស់នេះ ខាងអធិការកិច្ចរបស់អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក កំពុងតែចុះមកពិនិត្យ និងដោះស្រាយ។ ក៏ប៉ុន្តែលោក សេក រស់ បានធ្វើការការពារលោក អេង ឃាង ដោយបានហៅការប្ដឹងលោក អេង ឃាង ទៅ សម្ដេចតេជោ ហ៊ុន សែន ពីសំណាក់ក្រុមនាយទាហាន ពលទាហានទាំង ៨០នាក់ថា ជារឿងមិនពិត ហើយក្រុមអ្នក ប្ដឹងនោះសុទ្ធតែជាមន្រ្តីខិលខូច។

លោក អេង ឃាង មេបញ្ជាការវរៈសេនាតូចការពារព្រំដែន៣០១ ដែលត្រូវកូនចៅដាក់ពាក្យបណ្ដឹង មិនអាចសុំ ការអត្ថាធិប្បាយ បានទេនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ៕

មេវរៈសេនាតូច ការពារព្រំដែន៣០១ ត្រូវកូនចៅផ្ដិតមេដៃ ប្ដឹងឲ្យដកចេញ ព្រោះស៊ីដាច់លុយ ឧបត្ថម្ភ ពេលបុណ្យទាន