ផ្លូវលំ​៤​ខ្សែខាងលិច​ទំនប់​ក្រ​វា​ត់​ក្រុង​ព្រៃវែង​​កំពុង​រង​ការ​ខូចខាត ដ​ង្ហោយ​រក​អ្នក​ជួយ​ជួសជុល

ខេត្ត​ព្រៃវែង ៖ ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​ចំនួន​៤​ខ្សែដែល​ត​ភ្ជាប់​ផ្លូវ​ (​ទំនប់​)​ក្រ​វាត់​ក្រុងចូល​ទៅ​កាន់​ភូមិ​មួយ​ចំនួន ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ពេល​នេះ​កំពុង​រង​ការ​ខូចខាត​ដោយ​អន្លើ​ៗ ដោយសារ​តែ​ទឹកភ្លៀង​ហូរ​ច្រោះ និង​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​។

ផ្លូវលំ​ទាំង​៤​ខ្សែ​នេះ​ខូចខាត​ខ្លាំង គឺ​នៅ​ចំណុច​ក្បាល​ផ្លូវ​ដែល​ត​ភ្ជាប់​ជាមួយនឹង​ផ្លូវ​កៅស៊ូទំនប់​ក្រ​វាត់​ក្រុង​តែ​ម្តង ដោយ​កន្លែង​ខ្លះ​ត្រូវ​ទឹក​ហូរ​ច្រោះ​ទៅ​ជា​ចង្អូរ​ធំ​ៗ​ជ្រៅ​ៗ និង​កន្លែង​ខ្លះទៀត​បាន​រូង​ខូង​ទៅ​ជា​រូង​ធំ​ៗ ហើយ​​​កន្លែង​ខ្លះ​ទៀត​គឺ​បាក់​ស្រុត​ទាំង​ផ្ទាំង​ៗ​តែ​ម្តង​។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បានឱ្យ​ដឹង​ថា​ ដោយសារ​តែ​ផ្លូវលំ​ទាំងនេះ​រង​ការ​ខូចខាតធ្វើឱ្យ​ពួក​គាត់​មានការ​ពិបាក​ជា​ខ្លាំងក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មកណា​ម្តង​ៗ ជា​ពិសេស​ពេល​យប់​ព្រលប់ ពួក​គាត់​មិន​ហ៊ាន​បណ្តែតបណ្តោយ​ឱ្យ​កូនចៅ​ជិះ​ឆ្លងកាត់​ផ្លូវ​ទាំងនេះ​ទេ​ ព្រោះ​ខ្លាច​គ្រោះថ្នាក់ ហើយ​កន្លង​មក​ក៏​ធ្លាប់​មាន​អ្នកដំណើរ​ជិះ​ម៉ូតូឆ្លងកាត់​ផ្លូវ​នេះ​ធ្លាក់​ចូល​ជង្ហុកដួល​របួស​២-៣​នា​ក់​រួច​មក​ហើយ​ដែរ​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​និយាយ​ថា ផ្លូវលំ​ទាំងនេះ​បាន​ខូចខាត​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ឃើញ​អាជ្ញាធរ​ម្នាក់​ណាចុះ​មក​ពិនិត្យ ឬ​ជួយ​ជួសជុល​ម្តងណា​នោះ​ទេ​មក​ដល់​ពេល​នេះ ​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រៃវែង​ទាំងអស់​សូម​សំណូមពរ​ដល់​លោក ពុធ សា​រុន អភិបាលក្រុង​ព្រៃវែងមេត្តា​ជួយ​ចុះ​មក​ពិនិត្យ និង​ជួសជុល​ផ្លូវលំ​ទាំង​៤​ខ្សែ​នេះ​ឱ្យ​បាន​ឆាប់​ៗ​ផង កុំឱ្យ​មាន​អ្នក​គ្រោះថ្នាក់​តទៅ​ទៀត​។

លោក ពុធ សា​រុន អភិបាលក្រុង​ព្រៃវែង​បានឱ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ចំពោះ​រឿង​ផ្លូវលំ​ទាំង៤​ខ្សែ​ដែល​រង​ការ​ខូចខាត​នេះ​លោក​មិន​បានដឹង​ទេ ប៉ុន្តែ​លោក​នឹង​បញ្ជា​ឱ្យ​ចៅសង្កាត់​ចុះ​ទៅ​មើល​។ ដោយឡែក​ចំពោះ​ការ​ជួសជុល​នោះ លោក​បាន​បញ្ជាក់​ថា ផ្លូវ​ទាំងនេះ​មានផ្លូវ​ខ្លះ​វា​ស្ថិត​នៅ​ក្នុង​គំរោង​ដែល​ត្រូវធ្វើ​ជា​ផ្លូវ​បេតុង​តែ​ម្តង ដែល​ពេល​នេះ​កំពុង​សិក្សា ឯ​ផ្លូវផ្សេង​ទៀត គឺ​ពាក់​ព​ន្ធ័​ទៅ​នឹង​គំរោង​ថវិកា​របស់​សង្កាត់ ដូច្នេះ​លោក​ចាំ​សួរ​ចៅសង្កាត់​សិន​ថា​តើ​មាន​លុយ​ធ្វើ​ឬ​អត់​.....​?