អ្នកនំាពាក្យ ​CNRP ​ស្វាគមន៍ចំណាត់ការ​របស់សមត្ថកិច្ច​ក្នុងរឿងហិង្សា​លើអ្នកតំណាងរាស្រ្ត

រាជធានីភ្នំពេញ ៖ ​អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ​ (CNRP) លោក យ៉ែម បុញ្ញប្ញទ្ឋិ ​បានស្វាគមន៍​ចំពោះសមត្ថកិច្ចពាក់ព័ន្ឋទំាងអស់​ដែលរៀបចំចាត់ចែងបញ្ជូន​ជនសង្ស័យ​៣នាក់ ​ដែលសារភាពថា​បានប្រើអំពើហិង្សាទៅលើតំណាងរាស្រ្ត​ CNRP​ ទៅសាលា​ដំបូងរាជធានីភ្នំពេញ​ចាត់ការតាមច្បាប់ ។

យ៉ាងណាក៍ដោយ​ថ្លែងតាមទូរស័ព្ទបា្រប់គេហទំព័រកោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះ​ លោកប្រធាន​គណៈកម្មការទី៧​នៃរដ្ឋសភា​ ក៍បានស្នើឲ្យ​សមត្ថកិច្ចបន្តស៊ើប​អង្កេត​តទៅទៀត ​ព្រោះបើយោងតាមការបង្ហោះ​តាមរូបភាពនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) ​គឺមានមនុស្ស​ច្រើនពាក់ព័ន្ឋ​នឹងអំពើហិង្សាទៅ​លើ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ២រូប​កាលពីព្រឹកថ្ងៃទី២៦តុលា​ មិនមែនមាន​តែ៣នាក់នោះទេ ។ 

ដោយឡែកពី​សាលាដំបូងរាជធានីភ្នំពេញឯណោះវិញ​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងនៅមុននេះបន្តិចដែរថា ​នៅពេលនេះ​តំណាងអយ្យការបាន​បញ្ចប់ការសាក​សួរជនទំាង៣នាក់នោះហើយ​ និង បញ្ជូនបន្តទៅចៅក្រមដើម្បី​សម្រេចឃុំខ្លួន ឬ ​មិនឃុំយ៉ាងណានោះ ។

ជនទំាង៣នាក់ ​ដែលចូលសារភាពកាល​ពីរសៀលថ្ងៃទី០៣ វិច្ឆិកា​ម្សិលមិញនោះរួមមាន ៖ ០១-ឈ្មោះ ចាយ ​សារិទ្ឋ ភេទប្រុស ​អាយុ៣៣ឆា្នំ ​មានទីលំនៅក្នុង​សង្កាត់​តាខ្មៅ​និងក្រុងតាខ្មៅ ​ខេត្តកណ្តាល ។ ០២-ឈ្មោះ ម៉ៅ ហឿន ​ភេទប្រុស អាយុ៣៤ឆ្នាំ ​មានទីលំនៅក្នុងភូមិ៥ ​ឃុំព្រែកខ្សាយ"ខ" ស្រុកពាមរក៍ ​ខេត្តព្រៃវែង ​និងទី០៣-ឈ្មោះ សុត វណ្ណី ​ភេទប្រុស អាយុ៤៥ឆ្នាំ ​មានទីលំនៅក្នុងភូមិព្រែករំាង ​សង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ ​ខេត្តកណ្តាល ៕