​យុវ​ជន​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​បុក​កិន​អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ដោយសាររថយន្ត​បើក​បុក​កិន​​​ពីលើ​អូសជា​ច្រើន​ម៉ែត្រ ខណៈ​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចន្លោះ​បង្គោល​ភ្លើង​លេខ ០៥៩២-០៥៩៣ ក្នុងភូមិ​សាស្ត្រ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​ កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ វិច្ឆិកា។​

ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ព្រះនេត្រព្រះបាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហា​យ ហេ​ន ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ នៅ​ភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ​ បើកបរ​ម៉ូតូម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ បិទ​តែម ស៊រី​២០១៥ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ​, 1D.9585 ។

ប្រភព​ដដែល​បាន​មក​ពី​នគរបាល​មូលដ្ឋាន​បញ្ជាក់​ថា​ តាម​សំដី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទឹកជោរ​និយាយ​ថា ជន​រង​គ្រោះ​អាច​នឹង​ស្រវឹងស្រា ព្រោះ​ឃើញ​ផឹក​តាំង​តែ​ពី​ថ្ងៃ លុះ​យប់​បាន​បើក​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចមក​លេង​នៅ​ឃុំ​ភ្នំ​លៀប ពេល​ដល់​កន្លែង​កើតហេតុ​ក៏​ជួប​​​គ្រោះថ្នាក់​ចរាចរណ៍​នេះ​តែ​ម្តង​។​

បើ​តាម​ការ​សន្និដ្ឋាន​របស់លោកនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំ​លៀប​និយាយ​ថា​​​ជន​រង​គ្រោះ​អាច​ស្រវឹងស្រា បើក​ម៉ូតូ​ដួល​ខ្លួនឯង​ទៅ​លើ​ទ្រូង​ថ្នល់ ក៏​ត្រូវ​រថយន្ត​មក​ពីក្រោយ​កិន​ជាន់​ពីលើ​អូស​ជា​ច្រើន​ម៉ែត្រ ចំពោះ​ម៉ូតូ​មិន​មានការ​ខូចខាត​នោះ​ទេ​ធ្លាក់​ពី​ចិញ្ចើម​ថ្នល់​ប្រហែល​ជាង​១​ម៉ែត្រ​៕