​​អាជ្ញា​ធរ​ខេត្ត​កាប់​លះមែកឈើ​​​ងាប់ៗ​​តាមដង​​ស្ទឹង​សៀមរាប​ ​​ដើម្បី​ការពារ​សុវត្ថិភាព​

ខេត្តសៀមរាប ​៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ​ចុះ​កាប់​លះមែកឈើ​ពុក​ ​ផុយ​ ​ងាប់​ ​តាម​ដងស្ទឹង​សៀមរាប ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ​ដែល​នឹង​មក​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យអុំទូក​នា​ពេល​ខាង​មុខ ​​ប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​វិច្ឆិកា ​ស្ថិត​នៅ​តាម​បណ្តោយដង​​ស្ទឹង​សៀមរាប ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដឹកនាំ​​ផ្ទាល់​ដោយ​លោក ទា គឹ​មសុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ។

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ វិច្ឆិកា​ ​នេះ​ថា ​​ក្រុមការងារ​របស់​លោក ​​សុំ​យោបល់​ថ្នាក់លើ ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ​ចុះ​កាប់​មែក​ដែល​ពុក​​ផុយ​ ​​ងាប់ តាម​ដងស្ទឹង ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ នៅ​ថ្ងៃ​បុណ្យអុំទូក​នា​ពេល​ខាង​មុខ​នេះ ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​​​ថា ​ខាង​ជំនាញ​របស់​រដ្ឋបាល​ព្រៃឈើ​បាន​ត្រឹមតែ​កាប់​​ទម្លាក់​​​ទេ ​ចំណែក​ខាង​សាលាក្រុង​ជា​អ្នក​ចាត់ចែង ​។

​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​ បាន​ប្រាប់​កោះសន្តិភាព​តាមទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៤​ វិច្ឆិកា​ ថា ការ​កាប់លះ​មែកឈើ​​​ខាង​លើ​ ​​ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ​។​ ចំណែក​កាក​សំណល់​ និង​​កម្ទេច​​ផ្សេង​ៗ​ដែល​អណ្តែត​នៅ​ក្នុង​ទឹកស្ទឹង​សៀមរាប ត្រូវ​បាន​សម្អាតដើម្បី​ជា​សោ​ភណ្ឌ​ភាពនៅ​ក្នុង​ពិធីបុណ្យ​អុំទូក​​នា​ពេល​ខាង​មុខ​នេះ​ ៕​