កម្ពុជា​លត់​ព្រុយ​ណេ​យ៉ាង​ចាស់ដៃ​មុន​ចេញ​ទៅ​ប្រកួត​ជម្រុះ​World Cup​នៅ​ប្រទេស​អីុរ៉​ង់

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​ទី​៣ វិច្ឆិកា កន្លង​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​លត់​ក្រុម​ព្រុយ​ណេ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​៦-១​មុន​ចេញ ទៅ​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក (World Cup) នៅ​ប្រទេស​អីុ​រ៉​ង់​។

នៅ​តង់​ទី​១ ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ​មានឱកាស​រកបាន​មួ​យ​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី​១២ ដោយ​កីឡាករ​ខ្សែប្រយុទ្ធ Rasman ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បង្កើន​សន្ទុះ​វាយបក​រហូត​រកបាន​៣​គ្រាប់​សង​វិញ ។ កីឡាករ​ប្រាក់ មុន្នី​ឧត្ដម ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​រកបាន​២​គ្រាប់​នៅ​នាទី​ទី​២០ និង​នាទី​ទី​៤០ ខណៈ​កីឡាករ​ឃ្វី​ន ទី រកបាន​១​គ្រាប់​នៅ​នាទី​ទី​៣០ ។

ចូល​ដល់​តង់​ទី​២ ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​តែ​រក្សា​ទម្រង់​លេង​ល្អ​ដដែល និង​រកបាន​៣​គ្រាប់​បន្ថែម​ទៀត ។ កីឡាករ​កែវ សុខ​ផេង រកបាន​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៥៤ និង​៦២ និង​កីឡាករ​សឿ​យ វិសាល រកបាន​១​គ្រាប់​នៅ​ក្នុង​ម៉ោង​បន្ថែម​៩០+៣ ។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុម​ទាំង​២​នេះ​ទើបតែ​ជួប​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៣​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​បាន​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ​ដែល​កាល​ណោះ​កម្ពុជា​ធ្លាប់​យកឈ្នះ​៣-០​រួច​ម្ដង​ហើយ ។ ចំណែក​ការ​ប្រកួត​លើក​នេះ​ធ្វើ​ឡើង​ដើម្បី​សម​ជើង​នៅ​មុន​ពេល​ក្រុម​ឈុត​ធំ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក​ជុំ​ទី​២ នៅ​ប្រទេស​អីុ​រ៉​ង់​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន ៕