ឆែក​ផ្ទះ​ជនសង្ស័យ​លួច​ម៉ូតូ​នៅ​ក្រុង​សែន​មនោ​រម្យ រក​ឃើញ​ម៉ូតូ​ពីរ​គ្រឿង​ទៀត

ខេត្ត​មណ្ឌល​គិរី​ ៖ ​ម៉ូតូ​ពីរ​គ្រឿង​បន្ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់ក្នុង​ករណី​លួច​ម៉ូតូ​កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​ ប្រតិបត្តិការ​រុករក​ឃើញ​ម៉ូតូ​ដែល​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​នេះ បាន​ធ្វើ​ឡើង​នៅផ្ទះ​ជួលក្នុងភូមិ​ស្វាយចេក សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ទើប​រក​ឃើញ​នេះ​មួយ​គ្រឿង​ម៉ាកវ៉េវ អាល់​ហ្វា ព​ណ៌ខ្មៅ ជា​ម៉ូតូ​ដែល​លួច​បាន​នា​ពេល​កន្លង​មក ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាកហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១០ ជា​ម៉ូតូ​របស់​ជនសង្ស័យ​។

​សមត្ថកិច្ច​បាន​បន្ត​ថា ម៉ូតូ​ដែល​រឹបអូស​បាន​ពី​ក្រុម​ចោរលួច​ដ៏​សកម្ម​នេះ សរុប​មាន​ចំនួន​៤​គ្រឿង​(​មួយ​គ្រឿង​ជា​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​)​ ក្នុង​នោះ​រួម​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី ២០១៥ មួយ​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១១ មួយ​គ្រឿង ម៉ាកវ៉េវអាល់​ហ្វា ព​ណ៌​ខ្មៅ​មួយ​គ្រឿង និង​ម៉ាកហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១០​មួយ​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និ​តី​វិធី​។

សូម​រំ​ឮ​កថា កាល​យប់​ថ្ងៃ​ទី​៣០ តុលា ២០១៥ ក្នុង​ក្រុង​សែន​មនោ​រម្យ កើត​មាន​ករណី​កាច់.កម៉ូតូចំនួន២​ករណី ដែល​កើត​នៅ​ទីតាំង​ខុស​គ្នា ដែល​ករ​ណីទី​១​កើត​នៅ​ភូមិ​ចំការ​តែ ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ នឹង​ករណី​ទី​២​នៅ​ភូមិ​មាន​លាភ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ៕ ​