លោក ទៀ បាញ់ ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅផ្លូវការ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​

: ឆ្លើយតប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ ២០១៥  លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អមដំណើរ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅផ្លូវការ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ជាតិ​អាស៊ាន​បូក លើក​ទី​៣ ដែល​បាន​ចាប់ដំណើរការ ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។​

​ក្រសួងការពារជាតិ បាន​ផ្សាយ​ថា បន្ទាប់ពី​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា​រួចមក នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា លោក ទៀ បាញ់ លោក នាង ផាត ព្រមទាំង​សមាជិក​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា​ទាំងអស់ ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​អាស៊ាន​ក្រៅផ្លូវការ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ ស៊ូ​ចា​ណា ទីក្រុង​គូ​ឡា​ឡាំ​ពួ ដែល​នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ពី​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំង ១០ រួម​នឹង​អគ្គលេខាធិការ​អាស៊ាន ចូលរួម​ផងដែរ​។​

​ក្នុងឱកាស​នោះ បន្ទាប់ពី​លោក ដា​តូ សឺ​រី ហ៊ី​សា​មូ​ឌី​ន ទុន​ហ៊ូ​សេន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី​បាន​ថ្លែង​សុន្ទរកថា បើក​កិច្ចប្រជុំ​រួចមក​បណ្តាល​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់​ក៏បាន​ធ្វើការ​ផ្លាស់ប្តូ​រទ​ស្សនៈ​គ្នា​ទៅវិញទៅមក ស្តីអំពី​សភាពការណ៍​អន្តរជាតិ​ថ្មីៗ ដែល​ទាក់ទង​ទៅ​និង​ការរក្សាសន្តិសុខ និង ស្ថេរភាព​នៅក្នុង​តំបន់​។ បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់​បានចាត់ទុក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ( អេ ឌី អឹម អឹម​) (ADMM ) គឺជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​ដើម្បី​បង្កើត​ឲ្យ​មាន​និ​ម្មាន​បន​កម្ម​នៅក្នុង​តំបន់​។ ចាប់តាំងពី​បាន​បង្កើត​នៅក្នុង​ឆ្នាំ​២០០៦ មក​កិច្ចប្រជុំ ADMM បាន​នាំមក​នូវ​ការរីកចម្រើន​លើ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការពារជាតិ ហើយ​ការ​កិច្ចប្រជុំ ADMM ជាមួយ​ប្រទេស​បូក ( ADMM-Plus) បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការគាំទ្រ​ដោះស្រាយ​ផ្នែក​សន្តិសុខ និង​ការពារជាតិ​ផង​ដែល​។ ការផ្លាស់ប្តូរ​យោបល់​នាឱកាស​នោះ​បណ្តាល​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់​ក៏បាន​ជំរុញ​ឲ្យ​មានការ​ពង្រឹង នូវ​លំ​ហាត់​ជំនួយ​មនុស្សធម៌ និង សង្គ្រោះ​គ្រោះមហន្តរាយ និង​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​អាស៊ាន ដែល​វា​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​ទាំងអស់គ្នា​។ ប​ញ្ហ​សន្តិសុខ​លម្ហរ​សមុទ្រ ការប្រឆាំង​អំពើ​ភេរវកម្ម និង បញ្ហា​សន្តិសុខ​ព័ត៌មានវិទ្យា ក៏​ត្រូវបាន​កិច្ចប្រជុំ​លើក​យកមក ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​នាឱកាស​នោះ​ដែល ។ ក្រៅពីនេះ​កិច្ចពិភាក្សា​ក៏បាន​លើកឡើង​ពី​ការបង្កើត​ឲ្យ​មាន​បណ្តាញ​ទូរគមនាគមន៍​ផ្ទាល់ សម្រាប់ធ្វើ​ការទាក់ទង​គ្នា​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ។ ទន្ទឹមនេះ​ដែល​បណ្តា​រដ្ឋ​មន្ត្រី​ការ​ជាតិ​អាស៊ាន​ទាំងអស់​ក៏បាន​ចាត់ទុកថា ៖ ADMM គឺជា​យន្តការ​មួយ​ដែល​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​អាស៊ាន ហើយ​ដើម្បី​ឲ្យ​មាន​សន្តិសុខ និង សន្តិភាព​នៅក្នុង​តំបន់ គឺ​ប្រទេស​អាស៊ាន​ត្រូវតែ​រួម​សាមគ្គី​គ្នា​។ តាមរយៈ​កិច្ចប្រជុំ​នោះ​ដែល​បណ្តា​រដ្ឋ​មន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់​ក៏បាន​ចាត់ទុក សន្តិភាព និង ស្ថិរភាព​ក្នុង​តំបន់ នឹង​ជំរុញ​ឲ្យ​មានការ​រីកចម្រើន​ក្នុង​អាស៊ាន ដែល​អាស៊ាន​ត្រូវការ សន្តិសុខ ជា​ចាំបាច់ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ខ្លួន​។​

​ក្នុងការ​ចូលរួម​ផ្លាស់ប្តូរ​ទស្សនៈ​នា ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ចូលរួម​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ ដោយ​លោក​បាន​បញ្ជាក់ថា តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក បាននិងកំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​។ លោក​បាន​បន្តថា ៖ នៅពេល​តំបន់​មួយចំនួន​កំពុង​ពើបប្រទះ​នឹង​ភាព​ជ្រួលច្របល់ តំបន់​អាស៊ី​-​អាគ្នេយ៍​ហាក់​មាន​ស្ថិរភាព និង​សន្តិសុខ​ច្រើនជាងគេ​។ នេះ​ក៏​ដោយសារតែ​យើង​មាន​អាស៊ាន ដែលជា​អង្គការ​តំបន់​ដ៏​ជោគជ័យ និង​រឹងមាំ​មួយ ដែលមាន​លទ្ធភាព​ទាក់ទាញ​មហាអំណាច​ធំៗ​ទូទាំង​សកលលោក​ឲ្យ​មក​ធ្វើការ​រួមគ្នា​ជាមួយ​យើង និង​ទប់ស្កាត់​ការប្រឈមមុខ​ដាក់គ្នា​នៅក្នុង​តំបន់​យើង​នេះ​។

​លោក ទៀ បាញ់ បានបញ្ជាក់​ទៀតថា​៖ ជាការ​ពិតណាស់ អាស៊ាន​មាន​ជោគជ័យ​រហូតមក​ដល់ពេលនេះ គឺ​ពឹងពាក់​លើ​ការសន្ទនា ហើយ​ការសន្ទនា​នោះ​គឺ​អាស៊ាន​បានធ្វើ​ជាប់​ជាប្រចាំ​នៅ​គ្រប់​ក្របខ័ណ្ឌ ជាពិសេស​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក​នេះ​តែម្តង​។ លោក​បាន​សំដែង​នូវ​ជំនឿ​ជឿជាក់ថា​៖ ការបង្កើត​ជំនឿ​ទុកចិត្ត​គ្នា​តាមរយៈ​ការពិគ្រោះ​យោបល់ ការសន្ទនា​ជា​ទ្វេភាគី ឬ​ជា​ពហុភាគី និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ដែល​យើង​បានធ្វើ​កន្លងមក សុទ្ធតែ​នាំមក​នូវ​ផលប្រយោជន៍ នូវ​ការធានា​ដល់​សន្តិភាព ស្ថិរភាព ហើយក៏​ធានា​ក្នុងការ​ទប់ស្កាត់​នូវ​ឧក្រិដ្ឋកម្ម​នានា រាប់ទាំង​បញ្ហា​ភេរវកម្ម ដែល​កើតចេញ​មកពី​ក្រុម​និយម​ជ្រុល​ផងដែរ​។

​សូមបញ្ជាក់ថា​៖​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​នោះ​បណ្តាល​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់​ក៏បាន​សំដែង​ការគាំទ្រ​ចំពោះ​ប្រទេស​ឡាវ​ដែល​ត្រូវ​បន្ត​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ធ្វើ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ជាតិ​អាស៊ាន​លើក​ទី​១០ នា​ឆ្នាំ ២០១៦  ខាងមុខនេះ​៕

លោក ទៀ បាញ់ ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅផ្លូវការ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​

លោក ទៀ បាញ់ ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅផ្លូវការ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​

លោក ទៀ បាញ់ ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្រៅផ្លូវការ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​